គ.ជ.ប ត្រៀមបន្ទប់ទទួលពាក្យបណ្តឹង បន្ទាប់ពីប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន
ភ្នំពេញ៖ នៅថ្ងៃពុធ ទី១៤ សីហានេះមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងឱ្យដឹងថា ខ្លួនបានត្រៀម រួចជាស្រេចដើម្បីទទួលពាក្យបណ្តឹងណាមួយពីគណបក្សនានា និងគណបក្សសង្រ្គោះជាតិ ដែលមិនសុខចំពោះលទ្ធផលបណ្តោះអាសន្ន។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានថ្លែងថា ជាធម្មតា គ.ជ.ប បានរៀបចំបន្ទប់ទទួលពាក្យបណ្តឹងរួចជាស្រេចដើម្បីទទួលពាក្យបណ្តឹង ទាំងនោះ។
គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃចន្ទនេះ បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតបណ្តោះអាសន្នទាំងស្រុង ដោយសារខ្លួនរកឃើញថា មានបញ្ហាមិនប្រក្រតី ធ្ងន់ធ្ងរ នៅក្នុងពេលបោះឆ្នោត។
គ.ជ.ប ប្រកាសឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោត ដែលមានអសនៈ៦៨ លើ១២៣នៃរដ្ឋសភា និងគណបក្សសង្រ្គោះជាតិ ៥៥៕ នាង/Cambodia News