កូរ៉េខាងត្បូង​កំពុង​សាកល្បង​ផ្លូវអគ្គិសនី​សម្រាប់​រថយន្តក្រុង

នៅ ​ក្នុង​សប្តាហ៍​នេះ ប្រទេស​កូរ៉េខាងត្បូង​បាន​ផ្តើម​ធ្វើ​ការ​សាកល្បង​ផ្លូវអគ្គិសនី​ជា​ច្រើន​ គីឡូម៉ែត្រ​សម្រាប់​ឲ្យ​រថយន្តក្រុង​បើកបរ។ រថយន្តក្រុង​ដែល​ត្រូវ​បាន​រុញច្រាន​ដោយ​កម្លំាងចរន្តអគ្គិសនី​បង្កប់​តាម​ ផ្លូវថ្នល់ ដោយ​មិន​មាន​ភ្ជាប់​ខ្សែភ្លើង​មួយ​ខ្សែ​​ណា​ទៅ​នឹង​រថយន្តក្រុង​ទេ។ នេះ​ជា​បច្ចេកវិជ្ជា​ថ្មី​ដែល​នឹង​អាច​ផ្តល់​ចេញ​នូវ​អត្ថប្រយោជន៍​យ៉ាង​ ច្រើន។

ជា ​សរុប មាន​ផ្លូវអគ្គិសនី​ប្រវែង ២៤គីឡូម៉ែត្រ​បាន​ត្រូវ​សាងសង់​ឡើង​នៅ​ក្នុង​ទីក្រុង​ឧស្សាហកម្ម​ហ្គូមី​ ស្ថិត​នៅ​ប៉ែក​កណ្តាល​ប្រទេស​កូរ៉េខាងត្បូង។ តាម​គម្រោង រដ្ឋាភិបាល​គ្រោង​ធ្វើ​ការ​សាកល្បង​លើ​បច្ចេកវិជ្ជា​​ថ្មី​នេះ​រយៈពេល ៤ខែ។ ជាមួយ​នឹង​ផ្លូវអគ្គិសនី ក្រោម​បច្ចេកវិជ្ជា​​ថ្មី រថយន្តក្រុង​ដើរ​ដោយ​អាគុយ​មិន​ត្រូវ​ការ​ចូល​ទៅ​សាក​អាគុយ​នៅ​ស្ថានីយ៍​ដូច ​សព្វ​មួយ​ដង​ទេ តែ​ត្រូវ​បាន​សាក​ជាប់​ជា​អចិន្រ្តៃយ៍​ដោយ​ការ​បាញ់​បញ្ជូន​ភ្លើង​អគ្គិសនី​ បង្កប់​នៅ​តាម​ផ្លូវថ្នល់​ដែល​រថយន្ត​នោះ​បរកាត់។ តាម​ពិត​ទៅ ខ្សែភ្លើង​អគ្គិសនី​ត្រូវ​បាន​គេ​បង្កប់​តែ​នៅ​ទីកន្លែង​ណា​ដែល​រថយន្តក្រុង ​នោះ​ឧស្សាហ៍​ឈប់ ដូច​យ៉ាង​នៅ​កន្លែង​ភ្លើងក្រហម ឬមួយ​ក៏​នៅ​ចំណត​ដែល​មាន​មនុស្ស​រង់ចំា​ជិះ។ គឺ​នៅ​ពេល​ឈប់​ម្តងៗ​នោះ​ឯង​ដែល​អាគុយ​របស់​វា​បាន​ផ្តើម​សាក​ពី​ ប្រព័ន្ធភ្លើង​បង្កប់​ក្រោម​ថ្នល់។

បច្ចេកវិជ្ជា​ថ្មី​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​វិទ្យាស្ថាន​វិទ្យាសាស្រ្ត និង​បច្ចេកវិជ្ជា​ដ៍​ថ្មី​នៅ​កូរ៉េខាងត្បូង​ឈ្មោះ KAIST។ បច្ចេកវិជ្ជា​ថ្មី​នេះ​បាន​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ការ​សាងសង់​ ស្ថានីយ៍​សម្រាប់​សាក​រថយន្ត​ដើរ​ដោយ​អាគុយ។ ការ​សាងសង់​ស្ថានីយ៍​ដែល​ត្រូវ​ការ​ទីកន្លែង និង​មាន​ការ​ចំណាយ​ច្រើន។ ម្យ៉ាង​ទៀត បច្ចេកវិជ្ជា​ថ្មី​នេះ​ក៏​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​កាត់​បន្ថយ​ទំហំ​អាគុយ​ ដែរ ពោល​គឺ​មិន​ចំា​បាច់​មាន​អាគុយធំ​សម្រាប់​ស្តុកភ្លើង​យូរ​នោះ​ទេ ព្រោះ​វា​ត្រូវ​បាន​សាក​ជា​អចិន្រ្តៃយ៍​ដោយ​ប្រព័ន្ធភ្លើង​បង្កប់​តាម​ថ្នល់ ​រួច​ហើយ។

យ៉ាង​ណា​ក៏​ដោយ ទោះ​បី​ជា​ការ​សាងសង់​ផ្លូវអគ្គិសនី​នោះ​មាន​តម្លៃថោក​ជាង​ការ​សាងសង់​ ស្ថានីយ៍​ក៏​ដោយ ក៏​រថយន្តក្រុង​ដើរ​ដោយ​អាគុយ ក្រោម​បច្ចេកវិជ្ជា​ថ្មី​នោះ​មាន​តម្លៃ​ថ្លៃ​ដែរ មួយ​គ្រឿង តម្លៃ​មិន​តិច​ជាង ៦០ម៉ឺនដុល្លារ​ទេ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close