គណបក្សប្រជាជន មិនបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សសង្គ្រោះជាតិនោះទេ
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាននិងជាមន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជន កម្ពុជាបានថ្លែង ប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់ ពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ស្ដីពីវិជ្ជាជីវៈ សារព័ត៌មាននាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ នៅសណ្ឋាគារគ្រីផាឡិចថា គណបក្សប្រជាជនកម្ពុជាគ្មានផែនការ បង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំង នោះឡើយ ។
លោករដ្ឋមន្ដ្រីបានបញ្ជាក់ផងដែរ ថា ជំនួបប្រជុំរវាងមន្ដ្រីគណបក្សប្រជាជន កម្ពុជាដែលដឹកនាំដោយលោក ជាម យៀប, លោក ព្រំ សុខា និងលោក អ៊ុក គឹមហាន ជាមួយមន្ដ្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិដែលដឹកនាំដោយលោក សុន ឆ័យ, លោក ញ៉ែម ប៉ុញ្ញឫទ្ធិ និង លោក គួយ ប៊ុនរឿន កាលពីល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣ បានពិភាក្សាគ្នា ទៅលើការបង្កើតគណៈកម្មការចម្រុះ ដើម្បីដោះស្រាយភាពមិនប្រក្រតីនៅ ពេលបោះឆ្នោតនិងពិភាក្សាទៅលើការ បែកចែកតួនាទីនៅក្នុងសភាតែប៉ុណ្ណោះ។
លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បាន បញ្ជាក់ថា គណបក្សប្រជាជន កម្ពុជាមិនដែលបដិសេធវត្ដមានរបស់អង្គការសហប្រជាជាតិនៅក្នុង គណៈកម្មការចម្រុះដោះស្រាយភាពមិនប្រក្រតី ពេលបោះឆ្នោតនោះទេ តែអង្គការសហ ប្រជាជាតិមានតួនាទីត្រឹមជាអ្នកសង្កេត ការណ៍តែប៉ុណ្ណោះមិនអាចធ្វើជាប្រធាន នៃគណៈកម្មការនេះបានឡើយ ។
ទាក់ទងទៅនឹងការចល័តកងកម្លាំង ប្រដាប់អាវុធនៅក្នុងទីក្រុងភ្នំពេញនោះ លោករដ្ឋមន្ដ្រីក៏បានជម្រាបផងដែរថា ការពង្រឹងកងកម្លាំងប្រដាប់អាវុធនោះ ដើម្បីរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់ ក្រែងពេលមានបាតុកម្មកើតឡើងមានជនឆ្លៀតឱកាសបន្លំយកទ្រព្យសម្បត្ដិ ប្រជាពលរដ្ឋនិងការពារសន្ដិសុខជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ៕ Cambodia News