ហ្វីលីពីនគ្រោងពង្រីកសហប្រតិបត្តិការយោធាជាមួយអាមេរិកដើម្បីទប់ទល់នឹងចិន
នុង ចេតនាទប់ទល់នឹងការពង្រីកឥទ្ធិពល អំណាចរបស់ចិន នៅក្នុងសមុទ្រចិនភាគខាងត្បូង រដ្ឋាភិបាលហ្វីលីពីនកំពុងត្រៀមផ្តើមចរចាជាមួយអាមេរិក ដើម្បីបង្កើតកិច្ចព្រមព្រៀងមួយដែលនឹងអនុញ្ញាតឲ្យអាមេ រិកបញ្ជូនទ័ព មកហ្វីលីពីនបានយ៉ាងរហ័ស និងគ្រប់ពេលវេលា។
ប្រសិន បើអាមេរិក និងហ្វីលីពីននិយាយត្រូវគ្នា បង្កើតកិច្ចព្រមព្រៀងរួមគ្នាបាន នោះមានន័យថា អាមេរិកនឹងទទួលសិទ្ធិបន្ថែមថែមទៀត ដើម្បីចេញចូលក្នុងមូលដ្ឋានទ័ពរបស់ហ្វីលីពីន។ ដំណឹងស្តីពីគម្រោងពង្រីកសហប្រតិបត្តិការជាមួយកងទ័ពអាមេរិក ត្រូវបានរដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីនបង្ហើបឲ្យដឹង តាំងពីខែមិថុនាម្ល៉េះ។ ប៉ុន្តែ លោកAlbert Del Rosario រដ្ឋមន្រ្តីការបរទេស ហ្វីលីពីនទើបតែបញ្ជាក់ព័ត៌មាននេះ ប្រាប់អ្នកកាសែត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
កាលពីថ្ងៃទី ២៧ មិថុនាកន្លងទៅ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីនធ្លាប់បាននិយាយថា នៅពេលដែលកិច្ចព្រមព្រៀងចេញជារូបរាង នោះសព្វាវុធ និងសម្ភារៈនឹងត្រូវគេបញ្ជូនពីអាមេរិក មកហ្វីលីពីន។ ហ្វីលីពីនត្រូវការជំនួយយោធាអាមេរិក នៅក្នុងពេលហ្វីលីពីនប្រឈមមុខកាន់តែខ្លាំងជាមួយមហាអំណាចចិន នៅក្នុងជម្លោះដណ្តើមកោះនៅសមុទ្រចិនខាងត្បូង។
តាមរដ្ឋមន្រ្តីការពារជាតិហ្វីលីពីន នៅពេលនេះ គេកំពុងសិក្សា ពិនិត្យ លើបែបបទ ទំហំទ័ពអាមេរិកដែលត្រូវពង្រាយម្តងម្កាល ក្នុងទឹកដីហ្វីលីពីន និងភាពប៉ះពាល់របស់វា។ យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីនបានបញ្ជាក់ថា កិច្ចព្រមព្រៀងថ្មីនេះ គ្មានគោលដៅបង្កើនវត្តមានទ័ពអាមេរិក លើទឹកដីហ្វីលី ពីនទេ។
អាមេរិកអតីតម្ចាស់អាណានិគមធ្លាប់ បោះទីតាំងមូលដ្ឋានទ័ពខ្លួន នៅហ្វីលីពីនរហូតដល់ដើមឆ្នាំ ១៩៩០។ នៅឆ្នាំនោះ អាមេរិកត្រូវបង្ខំដកទ័ពរបស់ខ្លួន រាប់ម៉ឺននាក់ ចេញពីហ្វីលីពីន បន្ទាប់ពីមានចលនាបាតុកម្ម ដ៏ហិង្សាប្រឆាំងនឹងអាមេរិក។
រហូតមកដល់ពេលនេះ នៅក្នុងសហការប្រតិបត្តិការយោធាជាមួយហ្វីលីពីន អាមេរិកបានបញ្ជូនទ័ពរបស់ ខ្លួន ទៅភាគខាងត្បូងហ្វីលីពីន ដើម្បីបង្ហាត់បង្រៀនទ័ពហ្វីលីពីនសម្រាប់ប្រយុទ្ធទប់ទល់នឹង ក្រុម ឧទ្ទាម ទ័ពព្រៃ។ ប៉ុន្តែ អាមេរិកគ្មានមូលដ្ឋានទ័ពរបស់ខ្លួនក្នុងទឹកដីហ្វីលីពីនទៀតទេ។ មូលដ្ឋានទ័ពពីររបស់អាមេរិកបានក្លាយជាកន្លែងធ្វើពាណិជ្ជកម្ម និងទទួលនាវាចម្បាំងអាមេរិក នៅពេលមានសមយុទ្ធរវាងប្រទេសទាំងពីរ៕ដោយ ឈាង បុប្ផា (RFI)