ជប៉ុនកោះហៅឯកអគ្គរដ្ឋទូតចិនពីរឿងវត្តមាននាវាល្បាតចិននៅជុំវិញប្រជុំកោះសេនកាគូ
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលជប៉ុនបានកោះហៅឯកអគ្គរដ្ឋទូតចិន ប្រចាំនៅជប៉ុន អោយចូលជួបបំភ្លឺពីវត្តមាននាវាល្បាតចិននៅជុំវិញប្រជុំកោះ សេនកាគូ ដែលជាកោះជម្លោះរវាងប្រទេសទាំងពីរ ស្ថិតនៅសមុទ្រចិនភាគខាងកើត ។ នាវាល្បាតចិនចំនួន៤បានចូលមកតំបន់នេះ កាលពីថ្ងៃពុធ ហើយនៅបន្តវត្តមានខ្លួន រហូតដល់ថ្ងៃព្រហស្បតិ៍នេះ។
យោងតាម ក្រសួងការបទេសជប៉ុន នាវាល្បាតចិន៤គ្រឿង កាលពីថ្ងៃពុធម្សិលមិញ បានចូលមកកាន់ដែនទឹកនៃប្រជុំកោះសេនកាគូ ស្ថិតនៅសមុទ្រចិនភាគខាងកើត ហើយនៅថ្ងៃព្រហស្បតិ៍នេះ នាវាទាំងនេះនៅតែមានវត្តមាននៅទីនោះដដែល។ ជប៉ុនបានកោះហៅឯកអគ្គរដ្ឋទូតចិន អោយបំភ្លឺពីមូលហេតុដែលនាវាល្បាតទាំងនេះបន្តវត្តមានកាន់តែយូរនៅ ជុំវិញដែនកោះជម្លោះ។
ប្រធានកិច្ចការតំបន់អាស៊ី-អូសេអានី បានដាក់ពាក្យតវ៉ាពីបញ្ហានេះ ទៅអ្នកការទូតចិន ប៉ុន្តែចិនបានបដិសេធការតវ៉ានេះ។ គួរកត់សម្គាល់ថា ទំនាក់ទំនងចិននិងជប៉ុនបានធ្លាក់ដុនដាបខ្លាំង ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១២ នៅពេលដែលជប៉ុនទិញយកកោះចំនួន៣ នៅប្រជុំកោះសេនកាគូ ដែលចិនដណ្តើមបូរណភាពដែនដីដែរនោះ ដាក់អោយក្លាយជាកម្មសិទ្ធិប្រទេសខ្លួន។ ជនជាតិចិនមានការក្តៅក្រហាយខ្លាំង បានធ្វើបាតុកម្មហិង្សាអស់មួយសប្តាហ៍ ប្រឆាំងនឹងទង្វើរបស់ជប៉ុន។ តាំងពីនោះមក នាវាចិននានាតែងតែចូលមកលុកលុយតំបន់នេះជាប្រចាំ។
ដោយសារភាពតានតឹងនេះ កាលពីថ្ងៃអង្គារ ជប៉ុនបានបង្ហាញអោយបានដឹងថា ខ្លួនកំពុងសាងសង់នាវាដឹកឧទ្ធម្ភាគចក្រមួយគ្រឿង ប្រវែង២៤៨ម៉ែត្រ ដែលអាចមានតំលៃទឹកប្រាក់រហូតដល់៩០០លានអឺរ៉ូ។នាវានេះជានាវា ធំបំផុតរបស់ជប៉ុន គិតចាប់ពីសម័យសង្គ្រាមលោកលើកទីពីរមក។ នាវាដឹកឧទ្ធម្ភាគចក្រនេះ អាចដំណើរការ នៅក្រោយឆ្នាំ២០១៥។
ក្រសួងការពារជាតិចិនបានប្រតិកម្មដោយលើកឡើងថា ខ្លួនខ្វាយខ្វល់នឹងការកើនឡើងជាប្រចាំនៃសម្ភារៈយោធាជប៉ុន។ ហើយទង្វើជប៉ុននឹងធ្វើអោយប្រទេសជិតខាងជប៉ុននានា បង្កើនការប្រុងប្រយ័ត្នខ្ពស់ថែម ទៀត៕ដោយ ព្រំ សឿន សូលីណា (RFI)