គជប ហៅគណបក្សធំទាំងពី ប្រជុំសម្រេចបង្កើតគណៈកម្មការពិសេស
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់គជប ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣ គជប បានលើកឡើងថា កន្លងមក យោងតាមសំណើរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត បានអញ្ជើញគណបក្សទាំងពីរ មកជួបប្រជុំ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៣ ក្នុងការបង្កើតគណៈកម្មការពិសេសមួយ ដើម្បីដោះស្រាយភាពមិនប្រក្រតី ក្នុងថ្ងៃបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក។

ប៉ុន្តែបន្ទាប់មក កិច្ចប្រជុំលើកទីពីរ មិនអាចប្រព្រឹត្តទៅបាន ដើម្បីសម្រេចអំពីសមាសភាព អាណត្តិ មុខងារ និងភារកិច្ចរបស់គណៈកម្មការនេះ។
សេចក្តីអំពាវនាវដដែល បង្ហាញថា ជាថ្មីម្តងទៀត ចំពោះមុខការទទួលខុសត្រូវ និងក្នុងស្មារតីស្ថាបនាសំដៅធ្វើឲ្យសម្រេចនូវយន្តការមួយមាន តម្លាភាព គជប សូមអញ្ជើញគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចូលរួមប្រជុំ ដើម្បីសម្រេចបង្កើតគណៈកម្មការពិសេសមួយ សម្រាប់ត្រួតពិនិត្យ ផ្ទៀងផ្ទាត់របាយការណ៍អំពីភាពមិនប្រក្រតីទាំងឡាយ ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ដែលគជប បានទទួល ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣ កន្លងមក។
គជប មានជំនឿយ៉ាងមុតមាំ ចំពោះសុឆន្ទៈរបស់គណបក្សនយោបាយទាំងពីរ ក្នុងការចូលរួមប្រជុំបង្កើតគណៈកម្មការនេះ ឲ្យបានឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហា ដែលមាននៅក្នុងរបាយការណ៍ នៃភាពមិនប្រក្រតី ដែលគណៈកម្មាធិការរៀបចំការបោះឆ្នោត បានទទួល៕ Cambodia News