កងកម្លាំងត្រូវបានដាក់ពង្រាយនៅតាមផ្លូវជាតិសំខាន់ៗក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ ប្រភពពីកាសែត The Phnom Penh Post ជាភាសាអង់គ្លេស ដែលបានចេញផ្សាយកាលពីថ្ងៃទី៨ ខែសីហា បានរាយកាណ៍អោយដឹងថា កងទ័ពរាប់រយនាក់ពីបណ្តាអង្គភាពកងរាជអាវុធហត្ថ និងប៉ូលីសជាតិ រួមទាំងរថពាសដែក (អាស្គុត) ត្រូវបានដាក់ពង្រាយនៅតាមផ្លូវជាតិសំខាន់ៗ និងក្នុងរាជធានីភ្នំពេញនាថ្ងៃនេះ ។
លោកឧត្តមសេនីយ ខេង ទីតូ អ្នកនាំពាក្យនៃកងរាជអាវុធហត្ថ ត្រូវបានដកស្រង់សំដីដោយ The Phnom Penh Post ថា កងកម្លាំងទាំងនេះនឹងត្រូវចល័តនៅតាមបណ្តាគោលដៅសំខាន់ៗមួយ ចំនួន ដើម្បីថែរក្សា សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងប្រទេស រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិ បានហៅ សកម្មភាពចល័តកងទ័ពនេះ ថាជាការបំភិតបំភ័យផ្នែកនយោបាយ ។
ការដាក់ពង្រាយ និងចល័តកងកម្លាំងប្រដាប់អាវុធនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងបន្ទាប់ពីមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោកសម រង្ស៊ី បានប្រកាសអំពីផែនការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីបច្ចុប្បន្នន ចេញពីអំណាចអោយខាងតែបាននៅឆ្នាំ២០១៣នេះ បើទោះជាលទ្ធផលសម្លេងឆ្នោត ដែលត្រូវបានអង្គការឃ្លាំមើលការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ (Comfrel) បង្ហាញថា គណបក្សសង្គ្រោះជាតិចាញ់ឆ្នោត ដោយគ្រាន់តែបានកើនអាសនៈពី២៩ មក៥៥ ឬ៥៦អាសនៈនោះក៏ដោយ៕ Cambodia News