បញ្ហាសំរាមអាចនឹងក្លាយជាមេរោគសម្រាប់ទីក្រុង
ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញដែលទើបឡើងកាន់តំណែងថ្មីបានថ្លែងនៅក្នុងកិច្ច ប្រជុំមួយកាលពីពេលថ្មីៗនេះថា ប្រសិនបើគ្មានការយកចិត្តទុកដាក់ពីបញ្ហាសំរាមទេនោះ វានឹងអាចក្លាយមេរោគដ៏គ្រោះថ្នាក់សម្រាប់ទីក្រុង។
ការថ្លែងរបស់លោក ប៉ា សុជាតិវង្ស នេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងទីក្រុងភ្នំពេញថា ការប្រមូលសំរាមដោយក្រុមហ៊ុនស៊ិនទ្រី គឺធ្វើឡើងមិនទាន់ពេលវេលា ក៏ប៉ុន្តែការប្រមូលថ្លៃសំរាមគឺធ្វើឡើងយ៉ាងទៀងទាត់បំផុត។
ចំពោះការរិះគន់ថា លោក សេង សាវី នាយកក្រុមហ៊ុនស៊ីនទ្រី បានទម្លាក់កំហុសទៅលើប្រជាពលរដ្ឋថា មិនបានយកសំរាមមកដាក់ឲ្យទាន់ម៉ោងពេលដែលរថយន្តសំរាមមកប្រមូល។
ជាមួយគ្នា នាយកក្រុមហ៊ុនស៊ិនទ្រីក៏បានលើកឡើងអំពីការលំបាកក្នុងការដឹក សំរាមទៅចាក់នៅទីលានចាក់សំរាមឯជាយក្រុងភ្នំពេញ ដែលធ្វើឲ្យរថយន្តដឹកសំរាមរបស់ក្រុមហ៊ុរងការខូចខាត ជាហេតុធ្វើឲ្យមានការយឺតយ៉ាវក្នុងការប្រមូលសំរាម។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោក ប៉ា សុជាតិវង្ស បានធ្វើការព្រមានថា ប្រសិនបើប្រជាពលរដ្ឋនៅតែរិះគន់ និងស្តីបន្ទោសពីបញ្ហាប្រមូលសំរាមមិនទាន់ពេលវេលា នោះគឺត្រូវតែប្តូរឥរិយាបទដឹកនាំហើយ៕ នាង/Cambodia News