ទាហានស្លាប់នៅព្រំដែនកាស្មៀ ប៉ាគីស្ថាននិងឥណ្ឌាប្រឹងទប់ផលប៉ះពាល់
កម្តៅបានឡើងជាថ្មី រវាង មហាអំណាចនុយក្លេអ៊ែរអាស៊ីទាំងពីរ ប៉ាគីស្ថាន និងឥណ្ឌា នៅថ្ងៃម្សិលមិញ នៅចំណុចព្រំដែន Cachemire បន្ទាប់ពីមានទាហានឥណ្ឌា៥នាក់បានស្លាប់ ក្រោមចុងកាណុងកងកម្លាំងប៉ាគីស្ថាន។ ឥណ្ឌាចោទ ប៉ុន្តែក្រុងអ៊ីស្លាម៉ាបាត បានបដិសេធ ! ជំនួបចរចាថ្នាក់ប្រមុខដឹកនាំប្រតិបត្តិយោធានៅតំបន់ តាមទូរស័ព្ទក្រហម បានរៀបចំឡើងភ្លាម ដើម្បីទប់ស្កាត់កុំឱ្យហេតុការណ៍នេះរាលដាលខូចដល់ប្រយោជន៍ ជាតិទាន់។
បើតាមប៉ាគីស្ថាន ជំនួបចរចាតាមទូរស័ព្ទក្រហម ថ្នាក់នាយកប្រតិបត្តិយោធាឥណ្ឌា និងប៉ាគីស្ថាន បានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃពុធម្សិលមិញ ដើម្បីជជែកគ្នាអំពីស្ថានការណ៍ដែលនាំដល់ការផ្ទុះអាវុធ និងស្លាប់ជីវិតទាហាននោះ។
ការវាយប្រហារបានផ្ទុះដំបូងឡើយ នៅថ្ងៃអង្គារ បណ្តាលឱ្យស្លាប់ ទាហានឥណ្ឌា៥នាក់។ បីបួនម៉ោងក្រោយ ការបាញ់រះដាក់គ្នា បានលាន់ឮម្តងទៀត លើកនេះមានទាហានប៉ាគីស្ថានពីរនាក់ រងរបួស។ សម្រាប់ភាគីឥណ្ឌា គឺបណ្តាលមកពីក្រុមប៉ាគីស្ថានបើកការប្រយុទ្ធមុន បណ្តាលឱ្យទាហានឥណ្ឌាស្លាប់៥នាក់ ទើបមានការបាញ់តដៃវិញដូច្នេះ។ ប៉ុន្តែការចោទប្រកាន់របស់ឥណ្ឌានេះ ត្រូវបានច្រានចោល យ៉ាងដាច់ណាត់ និងភ្លាមមួយរំពេច ដោយអ្នកទទួលខុសត្រូវយោធាប៉ាគីស្ថាន ដោយអះអាងថា ដើមហេតុគឺមកពីមានសំឡេងស្នូរបាញ់របស់ឥណ្ឌា។
ឧប្បទ្ទវហេតុតៗគ្នានេះ ផ្ទុះឡើងខណៈដែលបងប្អូនគូសត្រូវទាំងពីរនេះ ទើបព្រមព្រៀងបើកកិច្ចចរចាសន្តិភាព។ លោក នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ណាវ៉ា ស្ហារីហ្វ បានស្នើឱ្យមានជំនួបជាមួយនឹងសមភាគីឥណ្ឌាលោក ម៉ាន់ មហាន់ស៊ីង នៅខែកញ្ញាខាងមុខ ក្រៅក្របខ័ណ្ឌមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាបានអះអាងទៅកាន់អ្នកសារព័ត៌មាននៅ ថ្ងៃពុធម្សិលមិញថា នឹងមិនធ្វើឱ្យហេតុការណ៍នេះ ទៅសម្លាប់ឬបំផ្លាញផែនការសន្តិភាពជាមួយនឹងប៉ាគីស្ថានទេ។
សូមបញ្ជាក់ថាប៉ាគីស្ថាន និងឥណ្ឌាធ្លាប់ធ្វើសង្គ្រាមនឹងគ្នាបីដងមកហើយ តាំងពីឆ្នាំ១៩៤៧មក ក្នុងនោះសង្គ្រាមពីរផ្ទុះឡើងនៅតំបន់កាស្មៀនេះឯង។ តំបន់កាស្មៀបែងចែកជាពីរហើយ តែប្រទេសទាំងពីរនៅបន្តទាមទារយកវិញដដែល។ បទឈប់បាញ់នៅតំបន់នេះបានចុះហត្ថលេខានៅឆ្នាំ២០០៣ ប៉ុន្តែការផ្ទុះអាវុធតែមានកើតជារឿយៗ៕ដោយ អៀង សុខម៉ិញ (RFI)