ជប៉ុន​បង្ហាញ​នាវា​ចម្បាំង​ដ៏ធំ​ចំ​ថ្ងៃ​ខួប​៦៨ឆ្នាំ​នៃ​ការ​ទម្លាក់​គ្រាប់បែក​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា

ថ្ងៃ​អង្គារ ៦​សីហា​នេះ គឺ​ជា​ថ្ងៃ​គម្រប់​ខួប ៦៨​ឆ្នាំ នៃ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា កាលពី​ក្នុង​សង្រ្គាម​លោក​លើកទី២។ ព្រឹត្តិការណ៍​ដែល​ជំរុញ​ឲ្យ​ជប៉ុន​ប្រកាស​សុំ​ចុះចាញ់​សង្រ្គាម។ នៅ​ចំថ្ងៃ​ខួប​នៃ​ការ​ទម្លាក់​គ្រាប់បែក​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា​នេះ ជប៉ុន​ក៏​បាន​ដាក់បង្ហាញ​ជា​សាធារណៈ​ផងដែរ​នូវ​នាវាចម្បាំង​ដ៏ថ្មី​ស្រឡាង​ មួយ និង​ជា​នាវាចម្បាំង​ដ៏ធំបំផុត ដែល​ជប៉ុន​មិន​ធ្លាប់​មាន ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​លោក​លើកទី២​មក។

នៅព្រឹកថ្ងៃ​អង្គារ​នេះ នៅ​ក្នុង​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា មនុស្ស​រាប់ម៉ឺននាក់​ ដោយ​រួមមាន​ទាំង​ ក្រុមគ្រួសារ​ជនរងគ្រោះ​ និង​ជនរងគ្រោះ​ដែល​រស់រានមានជីវិត ព្រមទាំង​មន្រ្តី​រដ្ឋាភិបាល​​ជប៉ុន និង​មន្រ្តី​ទូត​បរទេស បាន​នាំគ្នា​ធ្វើការ​ជួបជុំ​គ្នា និង​ធ្វើការ​ស្មឹងស្មាធិ៍ នៅ​ក្រោយ​ស្នូរជួង​បាន​​បន្លឺឡើង នៅ​ម៉ោង ៨ និង​១៥​នាទី​ព្រឹក (ម៉ោង​ក្នុងស្រុក) ម៉ោង​ដែល​គ្រាប់បែក​បរមាណូទីមួយ ត្រូវ​បាន​យន្តហោះ​ចម្បាំង​អាមេរិក​ទម្លាក់​ លើ​ក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា កាល​ពីថ្ងៃ​ទី៦ ខែសីហា ឆ្នាំ​១៩៤៥។

គ្រាប់បែក​បរមាណូ​​មួយគ្រាប់នេះ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា ១៤ម៉ឺននាក់ មុននឹង​គ្រាប់បែក​មួយគ្រាប់ ទៀត ត្រូវ​បាន​អាមេរិក​ទម្លាក់​នៅ​ណាហ្កាសាគី នៅ​៣ថ្ងៃ​ក្រោយ គឺ​នៅថ្ងៃទី៩ សីហា ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ៧ម៉ឺននាក់​ផ្សេងទៀត​ត្រូវ​បាត់បង់​ជីវិត។ ការទម្លាក់​គ្រាប់បែក​បរមាណូ​ទាំងពីរ​គ្រាប់នេះ​​បាន​ជំរុញ​ឲ្យ​ជប៉ុន​ ប្រកាស​សុំ​ចុះចាញ់​សង្រ្គាម និង​ឈាន​ទៅ​បញ្ចប់​សង្រ្គាម​លោក​លើកទី២ នៅថ្ងៃទី១៥ ខែ​សីហា ឆ្នាំ​១៩៤៥។

នៅ​ក្នុង​ពិធី​រំឭកខួប​៦៨ឆ្នាំ​នៃ​ការ​ទម្លាក់​គ្រាប់បែកបរមាណូ នៅ​ព្រឹកថ្ងៃ​អង្គារ​​នេះ ចៅហ្វាយក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​បាន​ថ្លែង​សន្យា​ចំពោះ​ព្រលឹង​ជនរងគ្រោះ​ថា “យើង​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅបាន ដើម្បីកសាង​ពិភពលោក​មួយ​ប្រកប​ដោយ​សុខសន្តិភាព”

ក៏ប៉ុន្តែ គាប់ជួន​នឹង​ថ្ងៃ​រំឭកខួប​នៃ​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា​នេះ ពិធី​មួយ​ទៀត​ត្រូវ​បាន​រដ្ឋាភិបាល​ជប៉ុន​រៀបចំ​ធ្វើឡើង នៅ​ទីក្រុង​យ៉ូកូហាម៉ា ដើម្បី​ដាក់​ឲ្យ​ដំណើរការ​នូវ​នាវា​​​ដ៏ធំបំផុត​មួយ ​ដែល​ជប៉ុន​​មិន​ធ្លាប់​សាងសង់ ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​លោក​លើកទី២​មក។

នាវាចម្បាំង​នេះ គឺ​ជា​ប្រភេទ​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ មាន​ប្រវែង ២៤៨​ម៉ែត្រ​ ហើយ​អាច​ផ្ទុក​ឧទ្ធម្ភាគចក្រ​បាន ៩គ្រឿង។ បើ​តាម​សេចក្តីប្រកាស​របស់​ក្រសួង​​ការពារជាតិ​ជប៉ុន នាវាផ្ទុក​ឧទ្ធម្ភាគចក្រ​ថ្មី​នេះ​នឹង​ដើរតួ​សំខាន់​ នៅ​ក្នុង​ប្រតិបត្តិការ​សង្រ្គោះ​ផង និង​ការពារ​ដែន​សមុទ្រ​របស់​ជប៉ុន​ផង។

ការ​ដាក់​ឲ្យ​ដំណើរការ​នាវាចម្បាំង​ដ៏ធំនេះ ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​ជប៉ុន​កំពុង​តែ​មាន​ភាព​តានតឹង​ខ្លាំង​ ក្នុង​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ចិន ហើយ​​នាយករដ្ឋមន្រ្តី​ថ្មី​របស់​ជប៉ុន គឺ​លោក​ស្ហ៊ីនហ្សូ អាបេ និង​គណបក្ស​អភិរក្ស​និយម​របស់​លោក ក៏​កំពុង​តែ​ពិចារណា​ចង់​ធ្វើការ​កែប្រែ​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម ដែល​អាមេរិក និង​សម្ព័ន្ធមិត្ត​បាន​បង្ខំ​ឲ្យ​ជប៉ុន​ទទួលយក ក្រោយ​ពី​​ជប៉ុន​ចាញ់​សង្រ្គាម​លោក​លើកទី២៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close