ឃាតកម្មលើអ្នកសម្របសម្រួលសន្តិភាពនៅភាគខាងត្បូងប្រទេសថៃ
ប្រមុខសាសនាអ៊ីស្លាម នៅភាគខាងត្បូងប្រទេសថៃ ដ៏មានឥទ្ធិពលបំផុតម្នាក់ ក្នុងដំណើរការចរចាសន្តិភាព ត្រូវបានគេធ្វើឃាត នៅរសៀលថ្ងៃចន្ទ ទី ៥ សីហា នៅខេត្តប៉ាតានី។ នេះបើតាមប្រភពព័ត៌មានអាជ្ញាធរ ដែលព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចប៉ះពាល់ដល់ដំណើរការចរចាសន្តិភាពរវាងរដ្ឋាភិបាលក្រុងបាងកក និងពួកឧទ្ទាមអ៊ីស្លាមជ្រុលនិយមចង់ផ្តាច់ទឹកដី។
ប៉ូលិសមិនបានលម្អិតអំពីលក្ខខណ្ឌនៃមរណភាពរបស់ប្រមុខសាសនា អ៊ីស្លាម ដ៏មានឥទ្ធិពល និងដែលជាអ្នកគាំទ្រដំណើរការចរចាសន្តិភាពឱ្យភាគខាងត្បូងបំផុត ប្រទេសថៃ ទេ។ អ៊ីម៉ាំ Yacob Raimanee ធ្លាប់បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំយុវវ័យអ៊ីស្លាម នៅ ប៉ាតានី មិនឱ្យផុងខ្លួនធ្លាក់ក្នុងអន្ទាក់ជ្រុលនិយម និងបានបំពេញកាតព្វកិច្ចប្រមែប្រមូលបណ្តាជនឱ្យស្គាល់និងគាំទ្រការ ចរចាសន្តិភាព។
ម្យ៉ាងវិញទៀត មរណភាពនេះ កើតឡើងក្នុងខណៈដែលអាជ្ញាធរ និងតំណាងពួកឧទ្ទាមមួយក្រុម ឈ្មោះ បារីសាន (រណសិរ្សរំដោះជាតិ) ចាប់ផ្តើមចរចា តាំងពីពីរបីខែមក ទើបព្រមព្រៀងកាត់បន្ថយភាពហិង្សា ក្នុងពេលបុណ្យតបអាហារ។ បុណ្យតបអាហារដែលនឹងត្រូវបញ្ចប់នៅរវាងពីរបីថ្ងៃទៀតប៉ុណ្ណោះ។
ពេលនេះ ក្តីសង្ឃឹមដ៏តិចតួចថានឹងបានឃើញសន្តិភាពមួយ កំពុងរងការគំរាមកំហែងទៀត ! ទាំងបូលិស ទាំងអាជ្ញាធរ និងសង្គមស៊ីវិល អង្គការការពារសិទ្ធិមនុស្ស នាំគ្នាសម្តែងការព្រួយបារម្ភខ្លាំងចំពោះមរណភាពរបស់ប្រមុខសាសនា យ៉ាកុប រ៉េម៉ាណេ។ ព្រួយបារម្ភខ្លាចមរណភាពនេះ ជះឥទ្ធិពលមិនល្អដល់ដំណើរការចរចាសន្តិភាព ព្រោះតែបណ្តាជនក្នុងតំបន់ភ័យបាក់ស្បាត។
សូមបញ្ជាក់ថា ការចរចាសន្តិភាពឱ្យតំបន់ភាគខាងត្បូងបំផុតប្រទេសថៃ ដែលញាំញីដោយអំពើហិង្សាបះបោរចង់ផ្តាច់ទឹកដីពីសំណាក់ក្រុមឧទ្ទាម អ៊ីស្លាមជ្រុលនិយម តាំងពីឆ្នាំ២០០៤មក ទើបចាប់ផ្តើមកាលពីខែមីនា នៅប្រទេសម៉ាឡេស៊ី។ ហើយអ៊ីម៉ាំ យ៉ាកុប រ៉េម៉ាណេ ជាមនុស្សដ៏កម្រម្នាក់ ដែលយល់ព្រម និងចេញមុខជួយជ្រោមជ្រែងស្វែងរកសន្តិភាពនៅផ្ទាល់នឹងកន្លែង ថ្នាក់តំបន់៕ដោយ អៀង សុខម៉ិញ (RFI)