ប្រមុខយោធាអេហ្ស៊ីប អាល់ស៊ីសស៊ី ជួបចរចាជាមួយមេដឹកនាំអ៊ីស្លាម
នៅថ្ងៃអាទិត្យនេះ ប្រមុខដឹកនាំយោធា អាប់ឌេល ហ្វាតា អាល់ស៊ីសស៊ី ដែលជាបុរសដ៏ខ្លាំងនៅប្រទេសអេហ្ស៊ីប បានជួបចរចាជាមួយមេដឹកនាំអ៊ីស្លាមនានា ដើម្បីរកដំណោះស្រាយស្រោចស្រង់វិបត្តិនយោបាយដែលប្រទេសនេះបាន ជួបប្រទះ ចាប់ពីពេលដែលប្រធានាធិបតីម៉ូហាមេឌ មរស៊ី ត្រូវកងទ័ពទំលាក់ពីតំណែងមក។ ក្នុងកិច្ចចរចានេះ គ្មានការចូលរួមរបស់មេដឹកនាំគណបក្សភាតរអ៊ីស្លាមរបស់លោកមរស៊ី នោះទេ ប៉ុន្តែមានវត្តមានរបស់មេដឹកនាំអ៊ីស្លាមដ៏មានឥទ្ធិពលនានា ដែលគាំទ្រសកម្មជនលោកមរស៊ី។
នេះជាលើកទីមួយហើយ ដែលយោធាអេហ្ស៊ីប បានប្រកាសជាផ្លូវការ នូវជំនួបរបស់ឧត្តមសេនីយ អាល់ស៊ីសស៊ី និងមេដឹកនាំអ៊ីស្លាមនានា។ យោងតាមប្រភពជិតដិតនឹងព័ត៌មានដែលទទួលបាននេះ ថ្វីដ្បិតមេដឹកនាំនានានៃគណបក្សភាតរអ៊ីស្លាមរបស់លោកមរស៊ី មិនបានចូលរួមក្នុងកិច្ចចរចានេះក្តី ក៏មានមេដឹកនាំអ៊ីស្លាមដ៏មានឥទ្ធិពលផ្សេងៗទៀត ដែលគាំទ្រសកម្មជនរបស់លោកមរស៊ីនោះ ចូលរួមដែរ។ ឧត្តមសេនីយ អាល់ស៊ីសស៊ី ដែលជាមេដឹកនាំទំលាក់លោកមរស៊ី ពីតំណែង កាលពីថ្ងៃ៣ កក្កដា កន្លងមកនោះ បានប្រាប់ថា ឳកាសស្វែងរកដំណោះស្រាយសន្តិវិធី នៅតែមាននៅឡើយ ដរាបណាគ្រប់ភាគីទាំងអស់បោះបង់ចោលនូវអំពើហិង្សា។
ភាពតានតឹងរវាងគណបក្សភាតរអ៊ីស្លាម និងយោធាអេហ្ស៊ីប នៅតែបន្តមាន។ កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលអេហ្ស៊ីប បានអំពាវនាវអោយសកម្មជនបក្សភាតរអ៊ីស្លាមរាប់ពាន់នាក់ ដែលមានវត្តមានជាងមួយខែមកនេះ នៅទីលានវិហារ រ៉ាបា អាល់អាដា វីយ៉ា និង អាល់ណាដា ក្នុងទីក្រុងគែរ អោយរំសាយបាតុកម្មរបស់ខ្លួន។ ហើយបានគំរាមថា នឹងប្រើកម្លាំងបាយ ដើម្បីអោយពួកគេចេញពីទីនោះ។ សកម្មជនគាំទ្រលោកមរស៊ី នៅតែចចេសមិនព្រមបញ្ឈប់បាតុកម្ម ដរាបណាលោក មរស៊ី មិនវិលត្រលប់មកកាន់តំណែងវិញទេនោះ។ ទន្ទឹមនេះដែរ នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីបានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក William Burns មក គណបក្សសេរីភាពនិងយុត្តិធម៌អេហ្ស៊ីប ដែលគាំទ្រអតីតប្រធានាធិបតីមរស៊ី បានទាត់ចោលរាល់ដំណោះស្រាយដែលពឹងផ្អែកលើរដ្ឋប្រហារជាចំបង និងផ្ទុយពីរដ្ឋធម្មនុញ្ញ។
ដោយឡែក តុលាការអេហ្ស៊ីបបានកំណត់យកថ្ងៃ ២៥សីហាខាងមុខនេះ ជាថ្ងៃសវនការកាត់ក្តីមេដឹកនាំបក្សភាតរអ៊ីស្លាម៦រូប ជាប់ចោទពីបទញុះញង់អោយមានមនុស្សស្លាប់ ព្រោះថា កាលពីចុងខែមិថុនា មានបាតុករ៨នាក់បានបាត់បង់ជីវិត នៅពេលដែលពួកគេបានវាយលុកទីតាំងបក្សភាតរអ៊ីស្លាម៕ដោយ ព្រំ សឿន សូលីណា (RFI)