កុមាររស់នៅក្នុងពន្ធនាគារ​ជាមួយឪពុកម្ដាយ ៧៣​នាក់ទទួលបាន​​អាហារូបត្ថម្ភ

ដើម្បី​សាទរ​ទិវា​កុមារ​អន្តរជាតិ ថ្ងៃ​១​មិថុនា អង្គការ​លីកាដូ បាន​បង្កើត​កម្មវិធី​ជាមួយ​អង្គការ​​​​​​ដៃគូ ដើម្បី​ផ្ដល់​អាហារូបត្ថម្ភ​ដល់​កុមារ ដែល​រស់នៅ​ក្នុង​ពន្ធ​នាគារជា​មួយ​ឪពុក​ម្ដាយ​ ១៤​ ខេត្ត​ក្រុង​មាន​ចំនួន​សរុប ៧៣ នាក់។

ប្រធាន​អង្គការសិទ្ធិមនុស្ស​លីកាដូ លោកស្រី​វេជ្ជបណ្ឌិត ពុង ឈី​វ​កេក បាន​​និយាយ​ថា តាម​​ការអង្កេត​របស់​អង្គការ បាន​រកឃើញ​កុមារ​ចំនួន ៧៣​នាក់ កំពុង​រស់នៅ​ពន្ធនាគារ​ជា​មួយ​ម្ដាយ និង​ឪពុក ដែល​កំពុង​ជាប់ពន្ធនាគារ​ចំនួន ១៤ ខេត្ត​ក្រុង​។

ពន្ធនាគារ ដែលមាន​កុមារ​រស់នៅ​ជាមួយ​ឪពុកម្ដាយ​មាន ពន្ធនាគារ​តាខ្មៅ (​ខេត្តកណ្ដាល​) (​ព្រៃ​ស​) កំពង់ចាម​ កំពង់ឆ្នាំង​ កំពង់សោម​ ពោធិសាត់​ កោះកុង​ ស្វាយរៀង​ កំពត​ បន្ទាយ​មានជ័យ​ បាត់ដំបង​ កំពង់ស្ពឺ​ សៀមរាប និង​កំពង់ធំ​។

ចំពោះ​ក្មេង ដែល​រស់នៅ​ជាមួយ​ឪពុកម្ដាយ​ក្នុង​ពន្ធនាគារ អនុញ្ញាត​ឲ្យ​នៅ​ជាមួយ​តែ ៣​ឆ្នាំ​ទេ លើសពី ៣​ឆ្នាំ អនុវត្ត​ឲ្យ​ទៅ​រស់នៅ​ខាងក្រៅ​ពន្ធនាគារ​ជាមួយ​សាច់ញាតិ​។ ពេលនោះ​កុមារ មានឱកាស​ទៅ​រៀនសូត្រ​បាន​​។​

អាហារូបត្ថម្ភដែល​អង្គការ​លីកាដូ និង​អង្គការ​ដៃគូ​ផ្តល់​ឲ្យ​ក្រុម​កុមារ​ទាំងនោះ រួមមាន​ទឹក​ដោះគោ និង​អាហារ​បំប៉ន​ផ្សេងៗ ដល់​ពួកគេ ដែល​សកម្មភាព​នេះ​មាន​យូរ​មកហើយ​។​ ការផ្តល់​អាហារូបត្ថម្ភ​ដល់​កុមារ នៅក្នុង​ពន្ធនាគារ​នេះ ស្រប​ពេលដែល​ពិភពលោក នឹង​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ ថ្ងៃ​១​មិថុនា​៕​

Related Articles

Back to top button
Close
Close