Snowden បានទទួលសិទ្ធិជ្រកកោនពីទីក្រុងមូស្គូ
យុវជន snowden អ្នកទម្លាយឯកសារសម្ងាត់របស់អាមេរិក ទើបបានទទួលសិទ្ធិជាជនភៀសខ្លួនពីរដ្ឋាភិបាលម៉ូស្គូ កាលពីថ្ងៃព្រហស្បតិ៍ ទី ១សីហា។ តាមមេធាវីជនជាតិរុស្ស៊ីរបស់ Edward Snowden, គឺលោក Anatoli Koutcherena យុវជនSnowden,បានចាកចេញពីព្រលានយន្តហោះ ក្នុងទីក្រុងម៉ូស្គូ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីនៅជាប់គាំង អស់ជាងមួយខែ ដោយសារតែគ្មានក្រដាសស្នាមធ្វើដំណើរក្នុងប្រទេស រុស្ស៊ី បន្ទាប់ពីរដ្ឋាភិបាលអាមេរិកលុបចោលលិខិតឆ្លងដែនស្របច្បាប់របស់ អ្នកទម្លាយឯកសារសម្ងាត់មួយនេះ។
តាមលោក មេធាវី Anatoli Koutcherena យុវជន Snowden,ដែល ត្រូវអាជ្ញាធរអាមេរិកាំងតាមរកចាប់ខ្លួនពីបទបញ្ចេញឯកសារសម្ងាត់ទៅ ឲ្យអ្នកកាសែត ពេលនេះបានទទួលលិខិតជ្រកកោន រស់នៅ ក្នុងប្រទេសរុស្ស៊ី រយៈពេលមួយឆ្នាំ គឺចាប់ពីថ្ងៃទី ៣១កក្កដា ដល់ថ្ងៃទី ៣១កក្កដា ឆ្នាំ ២០១៤។
វិបសៃតិ៍ Wikileaks វិញ ដែលជួយតាមការពារយុវជនSnowden,បានអះអាងថា Snowden,កំពុងស្ថិតនៅក្នុងទីតាំងមួយដ៏សុវត្ថិភាព។ ជាមួយនឹងលិខិតស្នាមក្នុងនាមជាជនភៀសខ្លួន Snowden អាចធ្វើដំណើរដោយសេរី ក្នុងប្រទេសរុស្ស៊ី។ បើតាមវិបសៃតិ៍ Wikileaks យុវជន Snowden,បានជ្រើសរើសប្រទេសដែលផ្តល់ទីជ្រកកោណនយោបាយរបស់ខ្លួន រួចហើយដែរ។ រហូតមកដល់ពេលនេះ មានប្រទេសអាមេរិកឡាទីនបី គឺវេណេស៊ុយអេឡា បូលីវី និងនីការ៉ាហ្កា ដែលផ្គើនអាមេរិក ប្រកាសផ្តល់សិទ្ធិជ្រកកោននយោបាយដល់យុវជន Snowden។ កន្លងមក ប្រធានាធិបតីរុស្ស៊ីធ្លាប់បានប្រកាសផ្តល់ សិទ្ធិជ្រកកោននយោបាយដល់យុវជនSnowden ក្នុងលក្ខខណ្ឌដែលយុវជនរូបនេះ បោះបង់ចោលការបញ្ចេញឯកសារសម្ងាត់វាយប្រហារលើប្រទេសអាមេរិកទៀត។
អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់របស់វិមានប្រធានាធិបតីរុស្ស៊ីបាន អះអាងថា ការផ្តល់ឯកសារដល់យុវជនSnowden គឺជារឿងតូចតាច ដែលនឹងមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងអាមេរិក និងរុស្ស៊ី ទេ។ អ្នកទទួលខុសត្រូវរូបនេះសង្ឃឹមថា លោកប្រធានាធិបតីអាមេរិក នឹងមិនលុបចោលទស្សនកិច្ចរបស់លោក នៅទីក្រុងមូស្គូ ដែលនឹងត្រូវធ្វើ នៅខែកញ្ញាខាងមុខ ដោយសារតែរឿងSnowdenនេះដែរ។ តាមអ្នកទទួលខុសត្រូវជាន់ខ្ពស់រុស្ស៊ី លោកប្រធានាធិបតីរុស្ស៊ី បានបង្ហាញក្តីសង្ឃឹមជាច្រើនដង ថា ករណីSnowden នឹងមិនបំពុលទំនាក់ទំនងរវាងប្រទេសទាំងពីរ៕ដោយ ឈាង បុប្ផា (RFI)