អ.ស.ប អាច​ចូល​ទៅ​ស៊ើបអង្កត​ជុំវិញ​ការប្រើ​អាវុធគីមី​នៅក្នុង​ប្រទេស​ស៊ីរី

នៅ ​ទីបំផុត កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​រក​ឃើញ​ហើយ​រវាង​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ីរី​ស្តីពី​ការ​អនុញ្ញាត​ឲ្យ​ក្រុមអធិការ​របស់​ អង្គការសហប្រជាតិ​អាច​ចូល​ទៅ​ធ្វើ​ការ​ស៊ើបអង្កេត​ជុំវិញ​​ការ​ប្រើប្រាស់​ អាវុធគីមី​ជា​យថាហេតុ​ពី​សំណាក់​រដ្ឋាភិបាល​ស៊ីរី។ យោង​តាម​កិច្ចព្រមព្រៀង ក្រុមអធិការ​របស់ អ.ស.ប ដែល​បាន​បង្កើត​ឡើង​ក្នុង​ខែ​មីនា​កន្លង​ទៅ​នឹង​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ ប្រទេស​ស៊ីរី​នា​ពេល​ឆាប់ៗ​ខាង​មុខ។ ក៏​ប៉ុន្តែ បេសកកម្ម​ស៊ើបអង្កេត​របស់​ក្រុម​នេះ​នឹង​ត្រូវ​មាន​ដែនកំណត់។

តាម​ពិត​ទៅ បេសកកម្ម​ស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ការ​ប្រើប្រាស់​ អាវុធគីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី​ត្រូវ​បាន​ចរចា​តំាង​តែ​ពី​ខែ​មីនា​មក​ ម្ល៉េះ។ ក៏​ប៉ុន្តែ កិច្ចព្រមព្រៀង​ដែល​ទើប​ទទួល​បាន​ហាក់​ដូច​ជា​នៅ​មាន​លក្ខណៈ​ស្តួចស្តើង និង​មាន​ដែនកំណត់​នៅ​ឡើយ។ ស្តួចស្តើង និង​មាន​ដែនកំណត់ ព្រោះ​ថា ក្រុមអធិការ​របស់​អង្គការសហប្រជាជាតិ​ត្រូវ​បាន​រដ្ឋាភិបាល​ស៊ីរី​អនុញ្ញាត​ ឲ្យ​ទៅ​ត្រួតពិនិត្យ​តែ​ទីតំាង​ចំនួន ៣កន្លែង​ប៉ុណ្ណោះ។

ក្នុង​ចំណោម​ទីតំាង​ទំាង ៣កន្លែង​នោះ មាន​តែ​មួយ​កន្លែង​គត់​ដែល​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ជា​សាធារណៈ នោះ​គឺ​ស្រុក Khan Al-Assal ស្ថិត​ក្បែរ​ទីក្រុង Alep ដែល​ក្រុមប្រឆំាង និង​រដ្ឋាភិបាល​បាន​ចោទ​គ្នា​ទៅ​វិញ ទៅ​មក​ក្នុង​ការ​ប្រើប្រាស់​អាវុធគីមី។ ការ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ស៊ើបអង្កេត​លើ​ទីតំាង​ចំនួន ៣កន្លែង គឺ​តិចតួច​ណាស់ ព្រោះ​ថា អង្គការសហប្រជាជាតិ​មាន​ការ​សង្ស័យ​មិន​តិចជាង ១៣កន្លែង​ទេ​ដែល​មាន​ឩប្បវហេតុ​នៃ​ការ​ប្រើប្រាស់​អាវុធ​គីមី។ យ៉ាង​ណា​ក៏​ដោយ ក្រុមអធិការ​របស់​អង្គការសហប្រជាជាតិ​ដែល​ដឹកនំា​ដោយ​ជនជាតិ​ស៊ុយអែត​លោក Ake Sellstrom នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស៊ីរី​នានា​ពេល​ឆាប់ៗ​ខាង​មុខ។

គួរ​ជម្រាប​ជូន​ថា នៅ​ពេល​ទើប​បាន​តែងតំាង​ដំបូង លោក Ake Sellstrom បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្លាកស្នាម​សល់​ពី​ការ​ប្រើប្រាស់​អាវុធគីមី​មាន​រយៈពេល​មិន​លើស​ពី ៣ខែ​ទេ។ ឥឡូវ​នេះ ព្រឹត្តិការណ៍​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ស្រុក Khan Al-Assal មាន​រយៈពេល​ជាង ៤ខែ​មក​ហើយ។ ដូច្នេះ គេ​ពិត​ជា​ពិបាក​នឹង​រក​ឃើញ​ភស្តុតាង​ដែល​នៅ​សេសសល់​ណាស់៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close