ប៉ាពួនូវែលហ្គីណេ មិនបើកទូលាយ​​ក្នុង​​ការផ្តល់​​សិទ្ធិ​​តាំងលំនៅ​​ដល់​​ជន​ស្វែងសុំសិទ្ធិ​​ជ្រកកោន​ឡើយ

មក​ទល់​នឹង​ថ្ងៃ​សុក្រ​នេះ ​អូស្ត្រាលី​បាន​បញ្ជូន​ក្រុម​ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​ចំនួន​ពីរ​ ក្រុម​ហើយ ​​ទៅ​កាន់​​ប្រទេស​ប៉ាពួនូវែល​ហ្គីណេ​ ដើម្បី​រង់​ចាំ​ការ​ពិនិត្យ​ឯកសារ​នៅ​​ប្រទេស​នោះ។

ទន្ទឹម ​​គ្នា​នេះ​ ​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ផ្នែក​គម្រោង​ជាតិ​​​របស់​ប្រទេស​ប៉ាពួនូវែល​ ហ្គីណេ​ ​លោក Charles Abel មាន​ប្រសាសន៍​ថា លោក​មិន​​​រំពឹង​​​ថា​មាន​ជន​ភៀស​ខ្លួន​ច្រើន​នាក់​ទេ​ ដែល​នឹង​ទទួល​បាន​សិទ្ធិ​​​តាំង​​ទី​លំនៅ​ក្នុង​ប្រទេស​​​​ប៉ាពួនូវែល​ ហ្គីណេ​ ក្រោម​កិច្ច​ព្រមព្រៀង​ស្តី​អំពី​ជន​ភៀស​ខ្លួន​ ដែល​ទើប​បាន​ចុះ​ហត្ថលេខា​​ ជាមួយ​ប្រទេស​អូស្ត្រាលី។

លោក Charles Abel ​មាន​ប្រសាសន៍​បន្ថែម​ថា មិន​ទាន់​ដល់​ពេល ដែល​ត្រូវ​រៀប​គម្រោង​​អំពី​ទីកន្លែង​ ដែល​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​ប៉ាពួនូវែល​ហ្គីណេ អាច​នឹង​ត្រូវ​តាំង​ទី​លំនៅ​នោះ​ទេ។

​សូម​បញ្ជាក់​ថា ​តួលេខ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ ដែល​ចេញ​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​នេះ បាន​បង្ហាញ​ថា ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន ដែល​មក​ដល់​ប្រទេស​អូស្ត្រាលី​តាម​ទូក ​ជាង​ ៩០%  ​ បាន​​ការ​ទទួល​ស្គាល់​ថា​ជា​ជន​ភៀស​ខ្លួន​ពិត​ប្រាកដ៕ (Radio Australia)

Related Articles

Back to top button
Close
Close