យន្តហោះស៊ើបការអាមេរិកាំងផ្តល់ព័ត៌មានអោយហ្វីលីពីនពីសកម្មភាពយោធាចិន
ក្រសួងការបរទេសហ្វីលីពីនបានប្រកាស នៅថ្ងៃពុធនេះថា យន្តហោះស៊ើបការអាមេរិកាំងនានា បានផ្តល់ព័ត៌មានអោយហ្វីលីពីន ពីសកម្មភាពយោធាចិននៅជុំវិញតំបន់ជម្លោះបូរណភាពដែនដីរវាងចិននិង ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។ ទន្ទឹមនេះដែរ អាមេរិកនឹងបង្កើនជំនួយយោធាពីរភាគបីបន្ថែមទៀត ទៅអោយហ្វីលីពីន អនុញ្ញាតអោយប្រទេសអាស៊ីមួយនេះពង្រឹងការការពារព្រំដែនទឹករបស់ខ្លួនថែមទៀត។ប្រឈមនឹងការដណ្តើមបូរណភាព ពីក្រុងប៉េកាំង។
រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន លោក Albert del Rosario បានប្រាប់អោយដឹង នៅថ្ងៃពុធនេះថា តាំងតែពីឆ្នាំ២០១០មក យន្តហោះអាមេរិកប្រភេទP-៣ នៃទ័ពជើងទឹកអាមេរិក បានហោះហើរជាញឹកញយ នៅដែនទឹកនិងកោះនានា ដែលហ្វីលីពីនចាត់ទុកថាស្ថិតនៅក្នុងព្រំប្រទល់ប្រទេសខ្លួន ដើម្បីស៊ើបការប្រាប់ហ្វីលីពីន ពីសកម្មភាពយោធាចិន នៅតំបន់នេះ។ យោងតាមលោក រ៉ូសារីយ៉ូ ប្រទេសចិនបានដាក់ពង្រាយនាវាខ្លួននៅជុំវិញតំបន់នេះ។ តាមរយៈការសហការយោធាជាមួយអាមេរិក ហ្វីលីពីនចង់ការពារដែនទឹករបស់ខ្លួន ក្នុងករណីមានការលុកលុយពីចិន។
គួររំលឹកថា ចិនបានទាមទារយកផ្ទៃសមុទ្រចិនស្ទើតែទាំងអស់ ថាជាកម្មសិទ្ធិរបស់ខ្លួន។ តំបន់សមុទ្រចិនភាគខាងត្បូងនេះ ជាតំបន់ពាណិជ្ជកម្មផ្លូវទឹកអន្តរជាតិសំខាន់ សំបូរដោយធនធានប្រេងនិងឧស្ម័ន។ ក្រៅពីហ្វីលីពីន ចិនក៏ទាស់ទែងជាមួយវៀតណាម តៃវ៉ាន់ ម៉ាឡេស៊ី និងព្រុយណេ ផងដែរ ក្នុងការដណ្តើមបូរណភាពដែនទឹកនេះ។ អាមេរិកនិងហ្វីលីពីនធ្លាប់បានចុះហត្ថលេខាលើសន្ធិសញ្ញាជួយផ្នែក យោធាគ្នាទៅវិញទៅមក។ ក្រុងវ៉ាស៊ីនតោនចង់ការពារសន្តិសុខក្នុងតំបន់ ប៉ុន្តែបញ្ជាក់ថា ខ្លួនមិនកាន់ជើងខាងភាគីជម្លោះណាមួយនោះទេ។
ទន្ទឹមនេះដែរ យោងតាមក្រសួងការបរទេសហ្វីលីពីន អាមេរិកនឹងបង្កើនជំនួយយោធាដល់ហ្វីលីពីនពីរភាគបីបន្ថែមទៀត។ ដូច្នេះ ជំនួយយោធាដែលមានជាទឹកប្រាក់៣០លានលានដុល្លារ នឹងកើនឡើងដល់៥០លានដុល្លារ នាពេលខាងមុខ។ ទឹកប្រាក់នេះមានទំហំខ្ពស់បំផុត គិតចាប់តាំងពីទាហានអាមេរិកត្រលប់មកកាន់ហ្វីលីពីនវិញ ក្នុងឆ្នាំ២០០០ មក៕ដោយ ព្រំ សឿន សូលីណា (RFI)