ការបោះឆ្នោតប្រធានាធិបតីស៊ីមបាវ៉េ អាចនឹងមានភាពមិនប្រក្រតី
នៅថ្ងៃពុធនេះ នៅភាគខាងត្បូងអាហ្វ្រិក ប្រជាជនប្រទេសស៊ីមបាវ៉េ ប្រមាណ៦លាន៤សែននាក់ បាននាំគ្នាទៅបោះឆ្នោតដើម្បីរើសប្រធានាធិបតីអាណត្តិថ្មី។ ការបោះឆ្នោតនេះត្រូវបានគេសង្ស័យថា មានការក្លែងបន្លំ ដើម្បីអោយប្រធានាធិបតីផុតអាណត្តិ គឺលោក រ៉ូប៊ែរ មូហ្កាបេ ដែលកាន់កាប់ប្រទេសនេះ៣៣ឆ្នាំមកហើយនោះ អាចបន្តអាណត្តិថ្មីរបស់ខ្លួនបានទៀត។ លោក មូហ្កាបេ បានហាមឃាត់មិនអោយមានអ្នកសង្កេតការបោះឆ្នោតមកពីសហភាពអឺរ៉ុបចូលរួមនោះទេ។
នៅថ្ងៃអង្គារម្សិលមិញ គឺមុនថ្ងៃបោះឆ្នោតមួយថ្ងៃ ប្រធានាធិបតីផុតអាណត្តិ រ៉ូប៊ែរ មូហ្កាបេ បានធ្វើខ្លួនជាអ្នកសេ្នហាប្រជាធិបតេយ្យ ដោយបានប្រកាសផ្ទាល់តាមទូរទស្សន៍ថា លោកនឹងគោរពលទ្ធផលបោះឆ្នោតប្រធានាធិបតី។ ក្នុងការបោះឆ្នោតនៅថ្ងៃពុធនេះ ដៃគូប្រជែងសំខាន់របស់លោក មូហ្កាបេ គឺ លោក Morgan Tsvangirai មរហ្កាន ស្វាន់ជីរ៉ៃ ជានាយករដ្ឋមន្ត្រីរដ្ឋាភិបាលចំរុះ មកពីគណបក្សប្រឆាំងដែលមានឈ្មោះថា ចលនាដើម្បីការផ្លាស់ប្តូរប្រជាធិបតេយ្យ ហៅកាត់ថា MDC។
កាលពីម្សិលមិញ បញ្ជីបោះឆ្នោតដែលចេញផ្សាយតិចជាង ២៤ម៉ោង មុនថ្ងៃបោះឆ្នោត ត្រូវបានគណបក្សប្រឆាំងបរិហារថា មានការក្លែងបន្លំ។ យោងតាមគណបក្សប្រឆាំង ក្នុងបញ្ជីនេះ មានឈ្មោះខ្មោច និងមានឈ្មោះអ្នកបោះឆ្នោតជាន់គ្នា ជាច្រើននាក់ទៀតផង។ អ្នកសង្កេតការណ៍សហភាពអឺរ៉ុប ត្រូវប្រធានាធិបតីមូហ្កាបេ ហាមមិនអោយចូលមកស៊ីមបាវ៉េ។ ការបោះឆ្នោតថ្ងៃពុធនេះ មានតែវត្តមានអ្នកសង្កេតការណ៍មកពីសហគមន៍អភិវឌ្ឈអាហ្វ្រិកខាងត្បូង និងមកពីសហភាពអាហ្វ្រិកប៉ុណ្ណោះ។ បក្សប្រឆាំងបានបញ្ជូនបញ្ជីឈ្មោះខ្មោច ទៅអោយអ្នកសង្កេតការណ៍ទាំងអស់នេះហើយ។ លោក មូហ្កាបេ បានបដិសេធថា មិនបានក្លែងបន្លំអ្វីឡើយ។
គួររំលឹកថា ការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០០៨ កន្លងទៅ នៅជុំទីមួយ គណបក្សប្រឆាំងរបស់នាយករដ្ឋមន្ត្រី ស្វាន់ជីរ៉ៃ បានទទួលសម្លេង៤៧ភាគរយ លើសពីគណបក្សកាន់អំណាចរបស់លោក មូហ្កាបេ ដែលទទួលបាន៤៣ភាគរយ។ សកម្មជនបក្សកាន់អំណាចមានការមិនសុខចិត្តបានបង្កហិង្សា ធ្វើអោយមានមនុស្សស្លាប់ជិត ២០០នាក់។
ដើម្បីចៀសវាងសង្គ្រាមស៊ីវិល លោក ស្វាន់ជីរ៉ៃ បានដកខ្លួនថយពីការបោះឆ្នោតនៅជុំទីពីរ ធ្វើអោយបក្សកាន់អំណាចទទួលជោគជ័យ។ នៅឆ្នាំ ២០០៩ ក្រោមសម្ពាធសហគមន៍អន្តរជាតិ លោកស្វាន់ជីរ៉ៃ សុខចិត្តធ្វើរដ្ឋាភិបាលចំរុះជាមួយប្រធានាធិបតីមូហ្កាបេ ដើម្បីអោយប្រទេសហ្ស៊ីមបាវេ បញ្ចប់ហិង្សានយោបាយ និងការបង្ហូរឈាមគ្នា៕ដោយ ព្រំ សឿន សូលីណា (RFI)