ការប្រលងបាក់ឌុប ឆ្នាំ២០១៣ ក្រសួងអប់រំ នឹងមានវិធានការតឹងរឹងបំផុត
ភ្នំពេញ៖ នៅពេលប្រលង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (ប្រលងបាក់ឌុប) ដែលនឹងចាប់ផ្ដើម នៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០១៣ ខាងមុខនេះក្រសួងអប់រំយុវជន និងកីឡាបានចាត់វិធានការណ៍តឹងរឹងដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។
កាលពីថ្ងៃទី ៣១ កក្កដា លោក សោម សិរីរត្ន អគ្គនាយកនៃអគ្គនាយកដ្ឋានអប់ បានមានប្រសាសន៍ថា ការប្រលងនៅឆ្នាំ២០១៣នេះ នឹងត្រូវធ្វើឡើងយ៉ាងតឹងរឹងបំផុតប្រកបដោយ សច្ចយុត្តិធម៌ ដើម្បីធានាគុណភាពនៃការអប់រំនៅកម្ពុជា ហើយបេក្ខជនទាំងពីរភេទនឹងត្រូវបញ្ឈប់ការប្រឡងឬ ព្យួរការប្រឡងរបស់បេក្ខជនទាំងនោះតែម្តងប្រសិនបើពួកគេប្រព្រឹត្ត អំពើអសកម្មក្នុងសម័យប្រឡង។
លោក សោម សិរីរត្ន បានបន្តថា នៅក្នុងអំឡុងពេលប្រលងបើបេក្ខជនណាម្នាក់ធ្វើជាមេខ្លោងប្រមូលលុយឬណែនាំបេក្ខជនដទៃឲ្យប្រមូលលុយ ឬយកលុយទៅឲ្យអនុរក្សនឹងត្រូវឲ្យធ្លាក់ជាស្វ័យប្រវត្តិ ព្រមទាំងផ្អាកមិនឲ្យប្រឡងរយៈ ពេល១ឆ្នាំ។
រីឯចំពោះបេក្ខជនលួចចម្លងចម្លើយពីឯកសារព្រាងនឹងត្រូវទទួលបានពិន្ទុសូន្យហើយត្រូវបញ្ឈប់មិនឲ្យប្រឡងបន្តទៀតនៅក្នុងសម័យប្រឡងនេះតែម្តងមិនត្រឹមតែប៉ុណ្ណោះបេក្ខជនណាប្រើប្រាស់ទូរស័ព្ទនៅក្នុងបន្ទប់ ប្រឡង នឹងត្រូវឲ្យធ្លាក់ជាស្វ័យប្រវត្តិ និងផ្អាកមិនឲ្យចូលរួមប្រឡងរយៈពេល២ឆ្នាំ។
ជាមួយគ្នានេះដែរលោក សោម សិរីរត្ន ក៏បានអំពាវនាវដល់បេក្ខជនប្រលងទាំងអស់ត្រូវ ខិតខំរៀនសូត្រនិងត្រូវគោរពបទបញ្ជាក្នុងការប្រលងឲ្យបានត្រឹមត្រូវ ជៀសវាងនូវបាតុភាពអសកម្មផ្សេងៗដែលកើតឡើងដោយយថាហេតុ៕ នាង/Cambodia News