រកឃើញអ្នកពាក់ព័ន្ធនឹងការដុតរថយន្តប៉េអឹមនៅស្ទឹងមានជ័យ
ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សចំនួន១០នាក់ដែលរួមមានទាំង ព្រះសង្ឃមួយអង្គផងជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ គឺមានជាប់ព័ន្ធនឹងការដុតបំផ្លាញរថយន្តកងរាជអាវុធហត្ថ នៅថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ នៅស្ទឹងមានជ័យកាលពីថ្ងៃអាទិត្យ ទី២៨ កក្កដា នេះបើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃ។
លោក ខេង ទីតូ បានបញ្ជាក់ថា គេមានទាំងរូបថត និងស្គាល់អត្តសញ្ញាណជនបង្កទាំងនោះអស់ហើយ។ ហើយពេលនេះសមត្ថកិច្ចកងរាជអាវុធហត្ថកំពុងធ្វើការស្វែងរកចាប់ខ្លួន ពួកគេ ដើម្បីយកទៅកាត់ទោស និងផ្តន្ទាទោសតាមច្បាប់។
គួររំលឹកថា កាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃបោះឆ្នោត រថយន្តប៉េអឹមចំនួន២គ្រឿង ត្រូវបានវាយកំម្ទេច និងដុតបំផ្លាញអស់គ្មានសល់ ដោយសារតែកំហឹងអ្នកបោះឆ្នោតនៅការរិយាល័យសាលាបឋមសិក្សាស្ទឹងមាន ជ័យ ដែលពូកគេរកឈ្មោះមិនឃើញនៅក្នុងបញ្ជីបោះឆ្នោត៕ ហេង នាង/Cambodia News