បារាំងអំពាវនាវឲ្យអេហ្ស៊ីបដោះលែងលោកមហាម៉េដ ម៉រស៊ី
កាលពីថ្ងៃ អង្គារ រដ្ឋាភិបាលបារាំង តាមរយៈរដ្ឋមន្រ្តីក្រសួងការបរទេស បានអំពាវនាវឲ្យអេហ្ស៊ីបដោះលែងលោកមហាម៉េដ ម៉រស៊ី ប្រធានាធិបតី ដែលត្រូវក្រុមយោធាទម្លាក់ពីអំណាច។ បារាំងបានចាត់ទុកលោកមហាម៉េដ ម៉រស៊ីថា ជាអ្នកទោសនយោបាយ។ ការអំពាវនាវរបស់បារាំងនេះធ្វើឡើង នៅចំថ្ងៃ ដែលប្រមុខការទូតសហភាពអឺរ៉ុប កំពុងស្ថិតក្នុងប្រទេសអេហ្ស៊ីប ដើម្បីស្វះស្វែងសម្របសម្រួល រកវិធីបញ្ចប់វិបត្តិ។
កាលពីពេល កន្លងមក មានការអំពាវនាវជាច្រើន ពីសហគមន៍អន្តរជាតិ ក្នុងនោះ ក៏រួមមានទាំងអ.ស.ប សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ផងដែរ ឲ្យក្រុមយោធាអេហ្ស៊ីប ដោះលែងលោកមហាម៉េដ ម៉រស៊ី។ កាលពីថ្ងៃអង្គារម្សិលមិញនេះ រដ្ឋាភិបាលបារាំងក៏បានចេញមុខធ្វើការអំពាវនាវដូចគ្នានេះដែរ។
លោកឡូរ៉ង់ ហ្វាប៊្យូស (Laurent Fabius) រដ្ឋមន្រ្តីការបរទេសបារាំង បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងប៉ារីសថា ស្ថានភាពនយោបាយនៅអេហ្ស៊ីបបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ ហើយយើងសូមអំពាវនាវឲ្យអាជ្ញាធរអេហ្ស៊ីបធ្វើការដោះលែងអ្នកទោស នយោបាយទាំងអស់ ក្នុងនោះ ក៏រួមមានទាំងលោកអតីតប្រធានាធិបតីមហាម៉េដ ម៉រស៊ីផងដែរ។
ក៏ប៉ុន្តែ លោករដ្ឋមន្រ្តីការបរទេសបារាំងបានបដិសេធមិនចាត់ទុកការទម្លាក់លោក ម៉រស៊ី ដោយក្រុមយោធាអេហ្ស៊ីបថា ជារដ្ឋប្រហារនោះទេ។ លោកហ្វាប៊្យូសបានធ្វើការពន្យល់ថា ថ្វីដ្បិតតែលោកម៉រស៊ី គឺជាប្រធានាធិបតី ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ ក៏ប៉ុន្តែ ប្រជាជនអេហ្ស៊ីបជាច្រើនយល់ឃើញថា លោកម៉រស៊ី ក្រោយពីបានជាប់ឆ្នោត បានព្យាយាមដឹកនាំប្រទេសឆ្ពោះទៅរករបបអ៊ីស្លាមនិយម ចំណែកឯសេដ្ឋកិច្ចជាតិកំពុងស្ថិតក្នុងស្ថានភាពត្រដរខ្យល់។ ទាំងនេះហើយដែលជាមូលហេតុ ដែលនាំទៅរកការទម្លាក់លោកមហាម៉េដ ម៉រស៊ី ពីអំណាច។
លោករដ្ឋមន្រ្តីការបរទេសបារាំងបានបន្ថែមថា ការដែលរដ្ឋាភិបាលបារាំងមិនចាត់ទុកការទម្លាក់លោកមហាម៉េដ ម៉រស៊ី ថាជារដ្ឋប្រហារ ពីព្រោះថា ការធ្វើបែបនេះ គឺមានន័យថា ជំនួយអន្តរជាតិទាំងអស់ទៅអេហ្ស៊ីបនឹងត្រូវផ្អាក ហើយប្រជាជនអេហ្ស៊ីប ដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចស្រាប់ នឹងកាន់តែជួបនឹងបញ្ហាកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។
ទោះជាយ៉ាងណាក៏ដោយ លោកហ្វាប៊្យូស ក្រៅពីបានអំពាវនាវឲ្យមានការដោះលែងលោកមហាម៉េដ ម៉រស៊ី ក៏បានអំពាវនាវផងដែរឲ្យគ្រប់ភាគីជម្លោះទាំងអស់ចៀសវាងការប្រើអំពើ ហិង្សា ឲ្យក្រុមយោធាអេហ្ស៊ីបដកខ្លួនថយចេញពីនយោបាយ ហើយឲ្យរដ្ឋាភិបាលបណ្តោះអាសន្នបច្ចុប្បន្នខិតខំធ្វើយ៉ាងណា នាំអេហ្ស៊ីប ត្រឡប់ទៅរកគន្លងប្រជាធិបតេយ្យវិញឲ្យបានឆាប់៕ដោយ សេង ឌីណា (RFI)