ពាណិជ្ជករ Mamnoon Hussain ក្លាយជាប្រធានាធិបតីប៉ាគីស្ថាន
នៅថ្ងៃអង្គារនេះ សភាប្រទេសប៉ាគីស្ថានបានបោះឆ្នោតអោយពាណិជ្ជករ ឈ្មោះ ម៉ាំនូន ហ៊ូសេន Mamnoon Hussain ឡើងកាន់តំណែងជាប្រធានាធិបតីប៉ាគីស្ថាន បន្តពីលោក អាស៊ីហ្វ អាលី ហ្សាដារី ដែលនឹងត្រូវបញ្ចប់អណត្តិ នៅថ្ងៃ៨ កញ្ញាខាងមុខនេះ។ លោក ហ៊ូសេន មកពីគណបក្សសម្ព័ន្ធអ៊ីស្លាម គ្មានការពិបាកក្នុងការទទួលការគាំទ្រពីតំណាងរាស្ត្រនិងសមាជិក ព្រឹទ្ធសភាប៉ាគីស្ថាននោះទេ។ ជាធម្មតា ការជ្រើសរើសបេក្ខជនប្រធានាធិបតីនេះ ត្រូវធ្វើនៅថ្ងៃ៦សីហា ឯណោះ។ ប៉ុន្តែ តុលាការកំពូលបានសំរេចអោយធ្វើនៅថ្ងៃអង្គារទី៣០កក្កដា នេះវិញ។
ប្រធានាធិបតីប៉ាគីស្ថាន ថ្មី លោក ម៉ាំនូន ហ៊ូសេន មានអាយុ ៧៣ឆ្នាំ មកពីគណបក្សសម្ព័ន្ធអ៊ីស្លាម។ លោកជាពាណិជ្ជកររកស៊ីផ្នែកវាយនភណ្ឌ និងធ្លាប់កាន់តំណែងរយៈពេលខ្លី ជាអភិបាលខេត្ត Sind ស្ថិតនៅភាគខាងត្បូងប្រទេស កាលពីឆ្នាំ១៩៩៩។
លោក ហ៊ូសេន បានទទួលការគាំទ្រពីតំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភាប៉ាគីស្ថាន ច្រើនជាងគូប្រជែងតែមួយគត់របស់លោក គឺលោក វ៉ាជីហ៊ុដឌីន អាមេដ អតីតចៅក្រមតុលាការកំពូល មកពីគណបក្សចលនាប៉ាគីស្ថានដើម្បីយុត្តិធម៌ Tehreek-e-Insaf។ នាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលនៅប៉ាគីស្ថាន Nawa Sharif បានផ្តល់ទំនុកចិត្តដល់លោកហ៊ូសេន ដើម្បីបន្តតំណែងពីប្រធានាធិបតី អាស៊ីហ្វ អាលី ហ្សាដារី។ គួរបញ្ជាក់ថា បេក្ខជនដែលសភារើសអោយធ្វើជាប្រធានាធិបតី មានតែពីររូបប៉ុណ្ណោះ។ បេក្ខជនមកពីគណបក្សនយោបាយផ្សេងៗ ពិសេសគណបក្សប្រជាជនប៉ាគីស្ថានរបស់ប្រធានាធិបតី ហ្សាដារី បានធ្វើពហិការមិនចូលរួមឈរឈ្មោះអោយសភាជ្រើសរើសឡើយ។ គណបក្សប្រជាជនប៉ាគីស្ថានរបស់លោកហ្សាដារី បានក្លាយជាគណបក្សប្រឆាំង បន្ទាប់ពីចាញ់ឆ្នោតសភា កាលពីខែឧសភាកន្លងទៅ។
នៅពេលដែលលោកហ្សាដារី ផុតអណត្តិនៅដើមខែកញ្ញាខាងមុខនេះ លោកប្រហែលជាត្រូវ ចាកចេញពីប៉ាគីស្ថាន ដើម្បីចៀសវាងអំពើឃាតកម្មលើរូបលោក។ ភរិយារបស់លោក បេណាហ្សៀរ ប៊ុតតូ បានត្រូវគេធ្វើឃាតកាលពីចុងឆ្នាំ ២០០៧។
ដោយឡែក ភារកិច្ចចំពោះមុខរបស់ លោក ម៉ាំនូន ហ៊ូសេន ដែលជាប្រធានាធិបតីប៉ាគីស្ថានថ្មី គឺធ្វើយ៉ាង ណាអោយប្រទេសប៉ាគីស្ថានដែលមានប្រជាជន១៨០លាននាក់ ទទួលបានស្ថានភាពនឹងនរ។ បច្ចុប្បន្ននេះ ប្រទេសកាន់សាសនាអ៊ីស្លាមមួយនេះ កំពុងតែប្រឈមនឹងឥទ្ធិពលរបស់ក្រុមឧទ្ទាមតាលីបង់។ លោក ហ៊ូសេន ជាប់ឈ្មោះជាប្រធានាធិបតីថ្មី តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមតាលីបង់បានវាយប្រហារគុកមួយកន្លែង នៅភាគខាងជើងប្រទេស រំដោះបានអ្នកទោស២៥០នាក់៕ដោយ ព្រំ សឿន សូលីណា (RFI)