រថភ្លើង​ស្វ៊ីស​ពីរ​បរ​បុក​គ្នា​ ស្លាប់​ម្នាក់​ របួស​៣៥​នាក់​

នៅ​​ប្រទេស​ស្វ៊ីស​ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ រថភ្លើងដឹក​អ្នក​ដំណើរ​​ពីរគ្រឿង​​​​បរ​មក​ពី​ទិស​​បញ្ច្រាស​​គ្នា បាន​បុក​ក្បាល​គ្នា​ បង្ក​ជា​គ្រោះថ្នាក់​ធ្វើ​​អោយ​អ្នកបើកបរ​រថភ្លើង​ម្នាក់​ស្លាប់ និង​មនុស្ស​៣៥នាក់​ទៀត​​រងរបួស។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​​ នៅ​ភូមិ​ Granges-près-Marnand ឃុំ​ Vaud ភាគ​ខាង​លិច​ប្រទេស។ គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​​​ពី​មូលហេតុពិតប្រាកដ​​នៃ​គ្រោះថ្នាក់​ នេះ​នៅឡើយ។ ក្រុម​ស៊ើបអង្កេត​កំពុង​បន្ត​ការងារ​របស់​ខ្លួន។

គ្រោះថ្នាក់ ​​​នេះ​បាន​កើតឡើង​ ក្នុង​ថ្ងៃ​ចន្ទ​ម្សិលមិញ នៅ​ម៉ោង​៧​យប់ ក្នុង​ស្រុក។ រថភ្លើង​ទាំងពីរ​​​ធ្វើដំណើរ​មក​ពី​ទិស​បញ្ច្រាស​គ្នា។ ​រថភ្លើង​មួយ​ចេញ​ដំណើរ​មក​ពី​​​​ក្រុង​ Lausane ​ភាគ​ខាងលិច​ប្រទេស​ស្វ៊ីស នៅ​ពេល​ដែល​រថភ្លើង​មួយទៀត​ ត្រូវ​ធ្វើ​ដំណើរ​ទៅក្រុង​នោះ ជា​ហេតុ​នាំ​អោយ​បុក​​គ្នា។ អ្វី​ដែល​គួរ​អោយ​កត់​សម្គាល់​នោះ​គឺ​ថា ​បើ​យោងតាម​ផ្នែក​ផ្លូវដែក​ស្វ៊ីស រថភ្លើងទាំងពីរ​បរ​នៅ​លើ​ផ្លូវ​តែមួយ​ ហេតុ​​នេះ​ហើយ​ទើប​បុកគ្នា​បែបនេះ។ តាម​ធម្មតា រថភ្លើងទាំងពីរ​នេះ ត្រូវបរ​មក​ជួប​គ្នា​​​ក្បែរ​​ស្ថានីយ៍​ភូមិ Granges-près-Marnand។

ផ្នែក ​ស៊ើបអង្កេតគ្រោះថ្នាក់​ចរាចរ​ ​និង​ផ្នែក​អាវុធហត្ថស្វ៊ីស ​កំពុង​តែ​បន្ត​ការងារ​របស់​ខ្លួន​ ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ​នៃ​គ្រោះថ្នាក់​នេះ។ អ្នកបើក​បរ​រថភ្លើង​​ម្នាក់​ បាន​បាត់បង់ជីវិត ហើយ​មនុស្ស​២៦​នាក់​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ប៉ុន្តែ​ពួកគេ​​គ្មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​នោះទេ។ គួរ​បញ្ជាក់​ថា នៅពេល​កើត​ហេតុការ​ណ៍​នោះ​ អ្នក​ដំណើរ​សរុប​​​ក្នុង​រថភ្លើង​ទាំងពីរ មាន​​៤៦​នាក់។

​​ហេតុការណ៍​រថភ្លើង​បុក​គ្នា​បែបនេះ​ ​​ប្រទេស​ស្វ៊ីស​​ធ្លាប់​ស្គាល់​ច្រើនលើក​មក​ហើយ។ កាលពី​ខែ​មករា​កន្លងទៅ នៅ​ភាគ​ខាង​ជើង​ប្រទេស គ្រោះថ្នាក់​រថភ្លើង​បុកគ្នា​​មួយ​បាន​ បង្ក​អោយ​​របួស​​មនុស្ស​២៥នាក់។ ហើយ​កាលពី​ឆ្នាំ​២០០៣ គ្រោះថ្នាក់​រថភ្លើង​បុកគ្នា​មួយទៀតដែរ​ បាន​បង្ក​អោយ​របួស​មនុស្ស​៤៥នាក់ នៅ​Zurich។

រយៈ​ពេល​ថ្មីៗ​នេះ មានគ្រោះថ្នាក់​អ្នកដំណើរ​ជាច្រើនបាន​​​កើតឡើង នៅ​អឺរ៉ុប។ នៅបារាំង កាលពី​ថ្ងៃ​១២​កក្កដា រថភ្លើង​មួយ​បានបរ​​របូត​ចេញ​ពី​ផ្លូវដែក ធ្វើអោយ​មាន​មនុស្ស​ស្លាប់​៧នាក់។ បន្ទាប់​មក​ទៀត នៅ​ថ្ងៃ​២៤​កក្កដា​ រថភ្លើង​មួយ​នៅ​អេស្ប៉ាញ បាន​បរ​ហួស​ល្បឿន​កំណត់ របូត​ចេញ​ពី​ផ្លូវ​​ បង្ក​អោយ​មាន​មនុស្ស​​ស្លាប់​៧៩នាក់។ ហើយ​កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ ឡាន​​ដឹក​អ្នក​ដំណើរ​​ធំ​មួយ​​នៅអ៊ីតាលី បានបរ​​បុក​រថយន្ត​ជា​ច្រើន​​នៅ​លើ​ស្ពាន​មួយ​កន្លែង បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់​​៣៨​នាក់៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close