ការបញ្ជូនក្រុមជនស្វែងសុំសិទ្ធិជ្រកកោនទី១ ទៅប៉ាពួនូវែលហ្គីណេ ត្រូវបានពន្យារពេល
ការបញ្ជូនក្រុមជនស្វែងសុំ សិទ្ធិជ្រក កោនទីមួយ ទៅប្រទេសប៉ាពួនូវែលហ្គីណេ ក្រោមគោលនយោបាយថ្មីក្នុងការការពារព្រំដែនរបស់រដ្ឋាភិបាល អូស្ត្រាលីត្រូវបានពន្យារពេល។
មុននេះ រដ្ឋាភិបាលអូស្ត្រាលី មានគម្រោងថានឹងបញ្ជូនក្រុមជនស្វែងសុំសិទ្ធិជ្រកកោននោះទៅដល់ កោះ Manus នៅព្រឹកនេះ។ ក៏ប៉ុន្តែ ក្រសួងអន្តោប្រវេសន៍ បានឲ្យដឹងថា អាកាសធាតុមិនល្អ បានរាំងស្ទះដល់ការចុះចតរបស់យន្តហោះនៅឯកោះ Christmas ដែលគ្រោងនឹងដឹក ជនស្វែងសុំសិទ្ធិជ្រកកោនទៅប្រទេសប៉ាពួនូវែលហ្គីណេ។
មន្ត្រីអ្នកនាំពាក្យក្រសួងអន្តោប្រវេសន៍មានប្រសាសន៍ថា បានរៀបចំរួចរាល់ហើយ ក្នុងការបញ្ជូន ជនស្វែងសុំសិទ្ធិជ្រកកោនទាំងនោះ ទៅប្រទេសប៉ាពួនូវែលហ្គីណេ ឲ្យបានឆាប់តាមលទ្ធភាព៕ (Radio Australia)