បក្សសង្រ្គោះជាតិចាប់ផ្តើមបើកវេទិកាឲ្យប្រជាពលរដ្ឋបញ្ចេញមតិ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះ គណបក្សសង្រ្គោះជាតិ ដែលមិនបានពេញចិត្តនឹងលទ្ធផលឆ្នោត បានចាប់ផ្តើមទទួលយកពាក្យបណ្តឹង ព្រមទាំងមតិរបស់ប្រជាពលរដ្ឋដែល កើតទុក្ខមិនសុខចិត្តពីភាពមិន ប្រក្រតីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ។
ប្រជាពលរដ្ឋ រាប់ពាន់នាក់ពីរាជធានីនិងខេត្តនានា បានជួបជុំគ្នា នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីដាក់ពាក្យបណ្តឹងទាក់ទងការបាត់ឈ្មោះពីបញ្ជីឈ្មោះបោះឆ្នោត និងភាពមិនប្រក្រតីផ្សេងៗ ដែលកើតមាន ក្នុងថ្ងៃបោះឆ្នោតសភាអាណត្តិទី៥ កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា។
ការទទួលពាក្យបណ្តឹង និងមតិពីប្រជាពលរដ្ឋនេះ គឺធ្វើឡើងនៅទីស្នាក់ការរបស់គណបក្សសង្រ្គោះជាតិស្ថិតនៅសង្កាត់ ចាក់អង្រែលើ និងនៅខណ្ឌទួលគោក ចាប់ពីម៉ោង៨ និង៣០នាទីព្រឹក រហូតដល់ម៉ោង១១ និង៣០នាទីព្រឹក ជារៀងរាល់ថ្ងៃ៕ ហេង នាង/Cambodia News