សួន លីនដា ឪមិនទាន់ចង់ឱ្យឆាប់យកប្តី
ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងរបស់សាន់ដេ កញ្ញាសួន លីនដា ដែលល្បីមួយប្រាវ កាលពីអំឡុងឆ្នាំ២០១២ នោះ ពេលនេះ កំពុងបញ្ចេញបទថ្មីៗ ដែលរំពឹងថា និងមានសន្ទុះខ្លាំងដូចបទ “មានសង្សារជាព្រាននារី” ដែរ ហើយស្របពេលកំពុងឡើងកូដនោះ ឪពុក របស់នាង មិនទាន់ចង់ឱ្យនាងឆាប់មានប្តីពេកនោះទេ។
កញ្ញាសួន លីនដា បានធ្វើឱ្យតារាចម្រៀងរួមទ្រនំ អ៊ីវ៉ា ភ័យ បះសក់បន្តិចដែរ ពេលនាងផ្ទុះបទ “មានសង្សារជាព្រាននារី” កាលពី អំឡុងឆ្នាំ២០១២ ក្រសោបបានភាពលេចធ្លោលឿនរហ័សជាងអ៊ីវ៉ា ទៅទៀត ហើយក៏ដណ្តើមបានចំណែកទីផ្សារពីអ៊ីវ៉ា ដ៏គួរឱ្យ កត់សម្គាល់ផងដែរ។
ប៉ុន្តែ លីនដា ហាក់ស្ងប់ស្ងាត់បន្តិច នារយៈពេលចុងក្រោយ ដោយសារនាងសម្ងំផលិតបទចម្រៀងថ្មីៗ ហើយសមិទ្ធផលថ្មីៗរបស់នាង ទើបចេញកញ្ជ្រោកលើទីផ្សារ នាដើមខែកក្កដានេះ ជាមួយនឹង ការឡើងឡង់សេស្ទើរគ្រប់បណ្តាកម្មវិធីប្រគំតន្ត្រី តាមស្ថានីយទូរទស្សន៍។
ក្នុងជំនួបថ្មីមួយ នៅក្នុងកម្មវិធី “នាវាតន្ត្រី” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៩ កាលពីពេលថ្មីៗនេះ លីនដា បានឱ្យដឹងថា នាង ទើបបញ្ចេញវ៉ុលថ្មី បំពេអារម្មណ៍ទស្សនិកជន នាដើមខែកក្កដានេះ ក្នុងនោះ ក៏មានបទ- ចម្រៀងមួយចំនួន មានសន្ទុះគួរឱ្យកត់- សម្គាល់ ដូចជាបទ “ពេលបងគ្មានលុយ ស្រីនោះនៅឯណា?”, “ចង់មើលមុខបងឱ្យចំ”, “គ្មានវិធីបញ្ឈប់ចិត្តស្រលាញ់”។ “ភាពអផ្សុកបងជាទឹកភ្នែកមនុស្សស្រី” និងបទឆ្លើយឆ្លងជាមួយលោកខាន់ ជែមស៍ “ប្តីប្រពន្ធ”។
បើទោះបីបទចម្រៀងវ៉ុលថ្មី របស់លីនដា ទើបនឹងចរាចរមិនទាន់ ជ្រាបដល់មជ្ឈដ្ឋានស្រុកស្រែចម្ការ ក្តី ប៉ុន្តែ គេកត់សម្គាល់ឃើញថា ទស្សនិកជនជាច្រើន និយមចាក់ ស្តាប់បទថ្មីៗរបស់នាងយ៉ាងផុសផុល ទាំងតាមបណ្តាផ្សារទំនើប តាមស្ថានីយវិទ្យុ និងតាមស្ថានីយទូរទស្សន៍ខ្សែកាប ជាដើម។
តារាចម្រៀងស្រស់ក្មេង លីនដា បានបង្ហាញក្តីរំពឹងថា ក្នុងចំណោមបទចម្រៀងវ៉ុលថ្មីរបស់ នាង នឹងអាចមានបទផ្ទុះ ដូចបទ “សង្សារជាព្រាននារី” ដែរ។ លីនដា ពោលថា “ខ្ញុំមិនហ៊ានជឿជាក់១០០% ទេ ប៉ុន្តែ ពេលចេញស្ទាបស្ទង់ទីផ្សារ មួយប្រាវ កន្លងមកនេះ មានបងប្អូនទស្សនិកជនចូលចិត្តច្រើនដែរ។ ដូច្នេះ បានជំរុញឱ្យខ្ញុំមានសង្ឃឹមថា នឹង អាចមានសន្ទុះដូចមុន”។
លីនដា បញ្ជាក់ថា វ៉ុលថ្មីនេះ សុទ្ធតែបទបែបមនោសញ្ចេតនា មិនទាន់មានបទញាក់កន្ត្រាក់អារម្មណ៍ នៅឡើយ ដែលនឹងត្រៀមបញ្ចេញនៅ វ៉ុលក្រោយ ជាមួយនឹងការបង្ហាញ ក្បាច់រាំ និងក្រុមរាំផងដែរ។ ស្របពេលកំពុងឡើងកូដ ក្នុង ពិភពចម្រៀងនោះ មានប្រភពល្ហិចល្ហៀងពីចង្កោមអ្នកសិល្បៈ និយាយថា លីនដា មិនត្រឹមតែមានទឹកដមសំឡេង ល្អប៉ុណ្ណោះទេ រូបសម្រស់របស់នាង ក៏មានមន្តស្នេហ៍មិនធម្មតាដែរ ដោយទើបលេចមុខមួយរយៈខ្លីសោះ មានបុរសក្មេង និងវ័យចំណាស់ ចង់បានរូបកាយនាងមក ថ្នាក់ថ្នម ហើយល្បីថា មានបុរសទ្រព្យស្តុកម្នាក់ទៀត ចង់បាននាង ធ្វើជាគូគ្រងស្របច្បាប់។
នៅពេលត្រូវសួរពីរឿងនេះ លីនដា បែរជាអៀនប្រៀនបែប នារីក្រមុំ មិនធ្លាប់ប្រឡូកក្នុងរឿងស្នេហា ដោយនាងបង្វែរឱ្យទៅ សួរឪពុករបស់នាងវិញ។ លីនដា ពោលថា “ខ្ញុំអត់ចង់និយាយពីរឿងហ្នឹងទេ សូម សួរប៉ាខ្ញុំទៅ”។
លោកសួន សុធី ឪពុកបង្កើតរបស់លីនដា ដែលតាម ការពារកូនស្រីស្ទើរគ្រប់ជំហាន និងនៅកៀកជិតលីនដា ដែរ នោះ បានឆ្លើយជំនួសកូនស្រីថា “រឿងថា មានគេចង់ ចូលចែចូវកូនស្រីរបស់ខ្ញុំនោះ ខ្ញុំមិនទាន់ទទួលបាន ដំណឹងជាក់លាក់នៅឡើយទេ។ ប៉ុន្តែ ក្នុងដំណាក់កាលនេះ បើទោះបីមានអ្នក ចង់ចូលស្តីដណ្តឹង រៀបការឆាប់ៗ គឺ មិនអាចទៅរួចទេ ព្រោះកូនរបស់ខ្ញុំ កំពុងមានសន្ទុះក្នុងសិល្បៈ ទៅគិត រឿងហ្នឹងយ៉ាងម៉េចទៅ? ខ្ញុំមិនទាន់ចង់ឱ្យនាងមានគូស្រករ នៅពេលនេះទេ”។
លោកសួន សុធី បញ្ជាក់ថា លោកមិនឃាត់ឃាំងរឿងកូនស្រី មានដៃគូស្នេហានោះ ទេ ប៉ុន្តែ ក្នុងដំណាក់កាល លីនដា កំពុងឡើងកូដ លោកចង់ឱ្យលីនដា លេងសិល្បៈ កសាងកេរ្តិ៍ឈ្មោះសិន រឿងគូស្រករ ចាំជោគជ័យលើវិថីសិល្បៈ ជាងនេះសិន ក៏មិនហួសពេលដែរ ហើយអ្នក ដែលចង់បានកូនស្រីរបស់លោក ទាល់តែ ចូលតាមគន្លងប្រពៃណី។
ឪពុកលីនដា ក៏បានឱ្យដឹងដែរថា មូលហេតុដែលលោកបង្ហាញវត្តមាន ជាមួយកូនស្រី សឹងគ្រប់ពេលនោះ ពុំមែនលោកខ្លាចប្រុសព្រាន តាមឆក់បេះដូងកូនស្រីនោះទេ តែដោយសារលោកមិនទាន់ហ៊ានបណ្តោយឱ្យលីនដា កាន់ចង្កូតរថយន្តខ្លួនឯង ទើបលោកក្លាយជា តៃកុងឡាន ជូនកូនស្រីស្ទើរគ្រប់កម្មវិធី សិល្បៈ ៕ ស.រ/Cambodia News