អនុរដ្ឋមន្ត្រីការបរទេសជប៉ុនទស្សនកិច្ចក្រុងប៉េកាំង
នៅថ្ងៃចន្ទនេះ អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Akitaka Saiki បានបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន រយៈពេលពីរថ្ងៃ ក្នុងទិសដៅធ្វើអោយទំនាក់ទំនងរវាងជប៉ុននិងចិន ឈានទៅរកភាពកក់ក្តៅឡើងវិញ។ ទស្សនកិច្ចរបស់អ្នកការទូតជប៉ុនរូបនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន បានស្នើធ្វើជំនួបកំពូលមួយ ជាមួយរដ្ឋាភិបាលក្រុងប៉េកាំង កាលពីថ្ងៃសុក្រកន្លងទៅ។
បន្ទាប់ពីបានធ្វើសំណើជំនួបកំពូលជាមួយរដ្ឋាភិបាលចិន នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលជប៉ុនបានបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន គឺលោក Akitaka Saiki អោយទៅទស្សនកិច្ចនៅប្រទេសចិន រយៈពេលពីរថ្ងៃ ដើម្បីធ្វើអោយទំនាក់ទំនងរវាងចិននិងជប៉ុន ឈានទៅរកភាពកក់ក្តៅឡើងវិញ។ លោក Akitaka Saiki ត្រូវជួបពិភាក្សាជាមួយ លោក Zhang Yesui អនុរដ្ឋមន្ត្រីការបរទេសចិន។
គួររំលឹកថា ទំនាក់ទំនងរវាងចិននិងជប៉ុនដុនដាបខ្លាំងបំផុត ចាប់ពីខែកញ្ញាឆ្នាំ ២០១២ មក នៅពេលដែលជប៉ុនបានទិញយកកោះជាច្រើន នៅតំបន់ប្រជុំកោះសេនកាគូ ដាក់អោយក្លាយជាកម្មសិទ្ធិជាតិខ្លួន។ ប្រជុំកោះសេនកាគូ ស្ថិតនៅសមុទ្រចិនខាងកើត ជាដែនជម្លោះរវាងចិននិងជប៉ុន។ បន្ទាប់ពីនោះមក ប្រជាជនចិនមានការក្តៅក្រហាយ បានបង្កបាតុកម្មហិង្សារយៈពេលមួយសប្តាហ៍ នៅតាមបណ្តាក្រុងជាច្រើន។ ក្រុងប៉េកាំងក៏បានលុបចោលផងដែរ នូវពិធីបុណ្យខួប៤០ឆ្នាំ រំលឹកការដែលទំនាក់ទំនងចិននិងជប៉ុន បានទៅរកភាពដូចដើមវិញ។ ដោយឡែក នៅជប៉ុនឯណោះវិញ នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានធ្វើការបង្កើនថវិកាយោធា ហើយកាលពីខែមេសាមុន បានព្រមានថា ក្នុងករណីចាំបាច់ ជប៉ុននឹងប្រើកម្លាំងបាយតបតនឹងនាវាចិនដែលចូលមកដែនកោះ សេនកាគូនេះ។
ប៉ុន្តែ កាលពីចុងសប្តាហ៍មុន នៅពេលដែលលោក Shinzo Abe ទស្សនកិច្ចនៅអាស៊ីអគ្នេយ៍ ដែលជាតំបន់រងនូវឥទ្ធិពលសេដ្ឋកិច្ចចិននោះ លោកហាក់បានប្តូរឥរិយាបថមកវិញ។ លោក អាបេ បានស្នើធ្វើជំនួបកំពូលមួយជាមួយក្រុងប៉េកាំង ដោយមិនចាំបាច់មានលក្ខខណ្ឌបឋមអ្វីនោះឡើយ។ ចិនក៏បានឆ្លើយតបវិញថា ខ្លួនបើកចំហរកិច្ចចរចាជានិច្ច តែបានសង្កត់ថា បញ្ហាគឺដោយសារតែជប៉ុនមិនហ៊ានប្រឈមមុខក្នុងការដោះស្រាយ ប៉ុណ្ណោះ។
យោងតាមលោក Isao Iijima ជាទីប្រឹក្សាលោក អាបេ មួយរូប ដែលបានជួបជាមួយអ្នកជិតដិត នានារបស់ប្រធានាធិបតីចិន ជំនួបកំពូលដែលលោកអាបេបានស្នើទៅចិន អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។
ទោះយ៉ាងនេះក្តី គេនៅខ្លាចថា ប្រទេសទាំងពីរអាចនឹងប៉ះទង្គិចគ្នាសារជាថ្មី ព្រោះថាកាលពីថ្ងៃសុក្រមុន នាវាយាមឆ្នេរសមុទ្រចិនចំនួនបួន បានចូលមកកាន់តំបន់កោះជម្លោះ។ ហេតុការណ៍នេះអាចធ្វើអោយមានការប៉ះទង្គិចផ្នែកយោធា នៅគ្រប់ពេលវេលាទាំងអស់៕ដោយ ព្រំ សឿន សូលីណា(RFI)