គណបក្ស​ប្រ​ជា​ជន​កម្ពុជា ​ផ្សាយ​ថា​ខ្លួន​ទទួល​បាន​អាសនៈ​ចំនួន​៦៨​

ភ្នំ​ពេញ​៖ គណបក្ស​ប្រជាជន​កម្ពុជា ឲ្យដឹងថា ខ្លួន​ទទួលបាន​អាសនៈ​រដ្ឋសភា​ចំនួន​៦៨ ក្នុងចំណោម​អាសនៈ​១២៣ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នៅ​ថ្ងៃ​អាទិត្យ​នេះ។​

ចំណែក គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក​កឹម សុខា ទទួល​អាសនៈ​ចំនួន​៥៥​។ នេះ​ជា​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្សឮ្វផ្សាយ​នៅ​លើ​គេហទំព័​ររបស់ខ្លូន ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការបោះឆ្នោត ពោលគឺ​ដូច​ទៅនឹង​លទ្ធផល​បណ្តោះអាសន្ន ​ដែល​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បាន​សរសេរ​ឲ្យដឹង​នៅលើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក (Facebook) របស់លោក​។

​ការផ្សាយ​លទ្ធផល​បណ្តោះ​អាសន្ន​នេះ​ធ្វើ​ទ្បើង ស្របពេល​ដែល​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ត្រូវបាន​ប្រកាស​ឲ្យដឹង​ដោយ​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទទ​ក​)  ប៉ុន្តែ​មិន​ទាន់​បាន​បូក​សរុប​អាសនៈ​នៅ​ទ្បើយ​ទេ​។​

​ផ្ទុយទៅវិញ លទ្ធផល​បណ្តោះអាសន្នរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញថា អាសនៈ​សភា​របស់​គណ​បក្ស​នេះ ធ្លាក់​ចំនួន​២២​អាសនៈ ពោល​គឺ​ពី​៩០ មក​៦៨​។ នេះ​ជា​លើកទីមួយ​ហើយ​ ដែល​អាសនៈ​សភា​គណបក្ស​កាន់អំណាច​ របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​ជិត​៣០​ឆ្នាំ​មកហើយ ធ្លាក់ចុះ​។

កាល​ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​១ ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​ នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ចំនួន​៥៤​។ នៅ​ឆ្នាំ​១៩៩៨ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៦៣ និង​នៅ​ឆ្នាំ​២០០៣ ទទួលបាន​៧៣​អាសនៈ​។ នៅ​ឆ្នាំ​២០០៨ អាសនៈ​សភា​របស់​គណ​បក្ស​ប្រជាជនកម្ពុជា បាន​កើន​រហូត​ដល់​៩០​អាសនៈ​។

លទ្ធផល​បណ្តោះអាសន្ន​នេះ បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ អាច​បង្កើត​រដ្ឋាភិបាល​តែឯង​បាន ដោយ​ប្រើ​សំ​ទ្បេង​៥០​បូក​១ ដោយ​ស្របទៅនឹង​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ឆ្នាំ​២០០៦​។​

​គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​ផ្លូវការ នៃការបែងចែក​អាសនៈ និង​កំណត់​បេក្ខជន​ជាប់ឆ្នោត (​តាម​ករណី​មាន ឬ​គ្មាន​ពាក្យបណ្តឹង និង​ករណី​គ្មាន​ការបោះឆ្នោត​សារជាថ្មី​) ពី​ថ្ងៃ​ទី​១៤ ខែសីហា ដល់​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៣៕ Cambodia News

election-first-result-2013-07-29

Related Articles

Back to top button
Close
Close