ការតវ៉ាគ្នាបានក្លាយជាហិង្សារវាងក្រុមអាជ្ញាធរ និងក្រុមអ្នកបោះឆ្នោត

ភ្នំពេញ៖ ក្រុមអ្នកបោះឆ្នោត ដែលរកឈ្មោះមិនឃើញក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅការិយាល័យសាលាបឋមសិក្សាស្ទឹងមានជ័យ រាជធានីភ្នំពេញ ត្រូវបានគេរាយការណ៍មកថា បានផ្ទុះកំហឹង នៅពេលដែលក្រុមសន្តិសុខបានព្យាយាមដឹកមន្ត្រីរៀបចំការបោះ ឆ្នោតនៅការិយាល័យនេះចេញ កាលពីវេលាម៉ោង៣.០០ រសៀល ។
ក្រុមពលរដ្ឋទាំងនោះបានឡោមព័ទ្ធមិនអោយរថយន្តចាកចេញ ហើយការប្រទូសរាយក៏កើតមានឡើង ។ ប្រភពពីកន្លែងកើតហេតុបានរាយការណ៍ថា ក្រុមពលរដ្ឋដែលប្រកបដោយកំហឹងព្រោះតែមិនបានបោះឆ្នោតទាំងនោះ បានគប់កញ្ចក់រថយន្តនិងដុំថ្ម និងបានដុតបំផ្លាញរថយន្តរបស់កងសន្តិសុខ បណ្តាលអោយក្រឡាប់នៅខាងមុខវត្ត ។
នៅមិនទាន់មានសេចក្តីរាយការណ៍អំពីការប៉ះពាល់ដល់អាយុជីវិតនោះទេ ៕ ហេង នាង/Cambodia News