សភាអាមេរិកទាត់ចោលវិសោធនកម្មច្បាប់ដែលវាយប្រហារទីភ្នាក់ងារសន្តិសុខជាតិ NSA
នៅថ្ងៃពុធម្សិលមិញនេះ សភាអាមេរិកបានបោះឆ្នោតទាត់ចោលនូវវិសោធនកម្មច្បាប់ដែលមានទិសដៅ បិទបញ្ចប់ ហិរញ្ញវត្ថុប្រើសំរាប់កម្មវិធីរបស់ទីភ្នាក់ងារសន្តិសុខជាតិ NSA ក្នុងការត្រួតពិនិត្យព័ត៌មានតាមទូរសព្ទរឺក៏តាមសារ អេឡិចត្រូនិក។ តាំងតែពីមានរឿងអាស្រូវទំលាយឯកសារសំងាត់ធ្វើឡើងដោយ Edward Snowden មក វិសោធនកម្មច្បាប់នេះ ជាវិធានការទីមួយដែលកាត់បន្ថយសិទ្ធិផ្តាច់មុខរបស់ទីភ្នាក់ងារ NSA ក្នុងការត្រួតនិងចំរាញ់ព័ត៌មាន។ សម្លេងឆ្នោតទាត់ចោលវិសោធនកម្មច្បាប់នេះ មាន២១៧សម្លេង ហើយសម្លេងគាំទ្រមាន២០៥ គឺខុសគ្នាត្រឹមតែ១២សម្លេងប៉ុណ្ណោះ។
វិសោធនកម្ម ច្បាប់ដែលសភាអាមេរិកទាត់ចោល កាលពីថ្ងៃពុធម្សិលមិញនេះ មានទិសដៅកាត់បន្ថយប្រាក់កាសដែលក្រសួងការពារជាតិអាមេរិកផ្តល់ ដល់ទីភ្នាក់ងារសន្តិសុខជាតិខ្លួន NSA ដើម្បីត្រួតមើលព័ត៌មានតាមទូរសព្ទរឺក៏តាមសារអេឡិចត្រូនិក របស់ប្រជាជនអាមេរិកាំងរាប់លាននាក់។
វិសោធនកម្មច្បាប់នេះ ដាក់ជូនទៅសភាដោយលោក Justin Amash ជាអ្នកតំណាងរាស្ត្រគណបក្សសាធារណរដ្ឋ នៅ Michigan ភាគខាងជើងអាមេរិក។ លោក Justin Amash បានលើកឡើងថា រដ្ឋាភិបាលអាមេរិកត្រួតមើលព័ត៌មានរបស់ប្រជាជនអាមេរិកាំងគ្រប់ៗ រូប។ ហើយគ្មានអ្នកណាម្នាក់ដឹងថា សកម្មភាពខ្លួនត្រូវបានគេលួចត្រួតមើលនោះទេ។ អ្នកតំណាងរាស្ត្រគណបក្សសាធារណរដ្ឋរូបនេះ ចង់អោយទីភ្នាក់ងារ NSA ចំរាញ់និងស៊ើបព័ត៌មានរបស់ជនដែលមានឈ្មោះពាក់ព័ន្ធការ ស៊ើបអង្កេតប៉ុណ្ណោះ។
អ្វីដែលគេចាប់អារម្មណ៍ក្នុងការបោះឆ្នោតម្សិលមិញនេះ គឺថានៅតាមគណបក្សនិមួយៗ មានទាំងតំណាងរាស្ត្រគាំទ្រ មានទាំងតំណាងរាស្ត្រប្រឆាំងវិសោធនកម្មច្បាប់នេះ។ ម្ល៉ោះហើយ ទើបសម្លេងគាំទ្រវិសោធនកម្មមិនសូវជាឃ្លាតឆ្ងាយពីសម្លេង ប្រឆាំងប៉ុន្មាននោះទេ។ គឺមាន២០៥ សម្លេងគាំទ្រ ទល់នឹង២១៧សម្លេងប្រឆាំង។
ទោះយ៉ាងនេះក្តី តំណាងរាស្ត្រដែលប្រឆាំងវិសោធនកម្មច្បាប់នេះ លើកឡើងថា ទិសដៅនៃវិសោធនកម្មនេះ គឺជាការលុបចោលទាំងស្រុងនូវកម្មវិធីត្រួតពិនិត្យព័ត៌មានរបស់ ទីភ្នាក់ងារ NSA។ សេតវិមាននិងទីភ្នាក់ងារចារកិច្ចអាមេរិក បានបង្ហាញច្បាស់ថា ខ្លួនប្រឆាំងនឹងវិសោធនកម្មច្បាប់នេះដាច់ខាត៕ ដោយ ព្រំ សឿន សូលីណា (RFI)