អាចារ្យអេ ត្រូវបានគណបក្សសង្គ្រោះជាតិប្តឹងពីបទញុះញង់យោធាឲ្យប្រព្រឹត្តបទឧក្រិដ្ឋ
ភ្នំពេញ ៖ លោក ហូរ វ៉ាន់ ជាតំណាងគណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក សេង ប៊ុនវ៉េង ហៅអាចារ្យអេ ប្រធានស្ថានីយ៍វិទ្យុ ABC កម្ពុជា FM107.5MHz ពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ មកលើមេដឹកនាំ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ អាចារ្យអេ កន្លងមកធ្លាប់និយាយចំអកឲ្យគេតាមវិទ្យុរបស់លោកថា មាត់ត្រីកំភ្លាញ ស្លាប់រស់ព្រោះមាត់។ តែឥឡូវ អាចារ្យអេ ត្រូវបានគេចំអកវិញថា មាត់ត្រីកំភ្លាញ ស្លាប់រស់ព្រោះមាត់។
លោក ហូរ វ៉ាន់ បានសរសេរនៅក្នុងពាក្យបណ្តឹងថា កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៣ លោក សេង ប៊ុនវ៉េង (ហៅអាចារ្យអេ) ប្រធានស្ថានីយ៍វិទ្យុ អេប៊ីស៊ីកម្ពុជា បានធ្វើការញុះញង់យោធា ឲ្យធ្វើរដ្ឋប្រហារប្រឆាំងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដោយលោកនិយាយតាមវិទ្យុថា “កងយោធពលខេមរភូមិន្ទនឹងធ្វើរដ្ឋប្រហារទម្លាក់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងលោក កឹម សុខា ចេញពីអំណាច ប្រសិនបើលោក សម រង្ស៊ី និងលោក កឹម សុខា ឈ្នះការបោះឆ្នោតជាតិ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ព្រោះទាហានភាគច្រើន សុទ្ធតែស្មោះស្ម័គ្របំផុត នឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន”។
ការឃោសនារបស់ អាចារ្យ អេ កំពុងធ្វើឲ្យពលរដ្ឋភ័យខ្លាច មានសង្គ្រាមក្រោយការបោះឆ្នោត ដោយប្រជាពលរដ្ឋខ្លះ ចាត់ទុកការឃោសនារបស់ អាចារ្យ អេ ជាការវាយប្រហារបំបាក់ស្មារតីមួយ ដល់ប្រជាពលរដ្ឋ មិនឲ្យទៅបោះឆ្នោត ឲ្យគណបក្សផ្សេង ក្រៅតែពីគណបក្សដែលកំពុងកាន់អំណាចបច្ចុប្បន្ន។
លោក ហូរ វ៉ាន់ បានបញ្ជាក់ថា ចំពោះការថ្លែងរបស់ ប្រធានស្ថានីយ៍វិទ្យុអេប៊ីស៊ីកម្ពុជានេះ ត្រូវបានគណបក្សប្រឆាំងចាត់ទុកថា ជាការញុះញង់ ដោយបំពានទៅនឹង មាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ហើយក្នុងនោះ គណបក្សសង្គ្រោះជាតិ បានទាមទារឲ្យផ្តន្ទាទោស លោក សេង ប៊ុនវ៉េង តាមច្បាប់ពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ព្រមទាំងទាមទារជម្ងឺចិត្ត ចំនួន ១០០លានរៀល។
សូមបញ្ជាក់ថា គ.ជ.ប បានចេញលិខិតព្រមាន ដល់ស្ថានីយវិទ្យុ អេ.ប៊ី.ស៊ី កាលពីថ្ងៃទី២៤ ខែកក្កដា ឲ្យបញ្ឈប់ការផ្សាយព័ត៌មាន ទាំងឡាយណាដែលមានចរិតញុះញង់ បំភិតបំភ័យ អ្នកបោះឆ្នោត ដែលជាការបំពុលបរិយាកាស អំពីការបោះឆ្នោត៕ Cambodia News