គណបក្ស​នយោបាយ​ត្រូវ​មាន​ចិត្ត​ជា​កីឡា​ករ​និង​មិន​ត្រូវ​បង្ក​ចលាចល​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត

អត្ថបទវិភាគ

ដោយៈ សុធា ធិរិសារ

លោក ហ៊ុន សែន នា​យក​​​​រដ្ឋមន្រ្តី និង​ជា​អនុ​ប្រធាន​​​គណបក្ស​ប្រជាជន​​កម្ពុជា។
លោក ហ៊ុន សែន នា​យក​​​​រដ្ឋមន្រ្តី និង​ជា​អនុ​ប្រធាន​​​គណបក្ស​ប្រជាជន​​កម្ពុជា។

នៅ​ថ្ងៃ​​សុក្រ​ទី ២៦ កក្កដានេះ គឺ​ជា​ថ្ងៃ​ចុង ក្រោយ​​​នៃ​យុទ្ធនា ការបោះ ឆ្នោត​រយៈពេល៣០​ថ្ងៃ​​កន្លង​មក ដែល​គណបក្ស​នបាយ​ទាំង ៨ បាន​​ប្រញាប់​ប្រញាល់​ក្នុង​​ទឹក​​ផ្តាច់ព្រាត់​នៃ​​ការ​​ឃោសនា​នា​វេលាម៉ោង ២៤:០០។
នៅ​​ក្នុង​ការ​ឃោសនា​ក​ន្លង​​មក ​​គណបក្ស​ប្រជា ជនកម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​​កម្ពុជា​ត្រូវបាន​សាធារណជន​មើល​ឃើញជាទូទៅថា បាន​​​​​ប្រកួត​ប្រជែង​គ្នា​ដ៏ស្រួចស្រាល់ ដែលធ្វើ​​ឲ្យ​​មាន​ការ​ចាប់​អារម្មណ៏​យ៉ាង​​ខ្លំាង​ពី​អ្នកឃ្លាំ​មើល​ការ​​បោះឆ្នោត ហើយ​​បាន​ប្រមើលមើល​​​ពី​​អនាគត​នយោបាយ​របស់​​ប្រទេស​កម្ពុជា បន្ទាប់​ពីការ​​ប្រកាសលទ្ធផលបោះឆ្នោត។ អ្នក​​ខ្លះ​​បាន​​និយាយ​លែង តែ​​បន្លំមែនថា ​​គណបក្សប្រជាជនកម្ពុជា​មាន​លេខ​រៀង​ទី 4 ដែល​មាន​ទម្រង់លេខដូចជា​​កាំបិត​បុ័ងតោ ហើយ​​គណបក្ស​សង្គ្រោះជាតិ​​កម្ពុជា​ដែល​មាន​លេខរៀងទី​ 7 មាន​ទម្រង់ដូចជា​ពូថៅ ដែលកាំបិត​បុ័ង​តោ​និង​​ពូថៅនេះ​នឹង​​កាប់​ចាក់គ្នាមិន​ចេះចប់។

ក្រុម​​មន្រ្តី​​សង្គមស៊ីវិលបាននិយាយថា ក្នុងចំណោមគណបក្សនយោបាយទំាងពីរ​មិនចំពោះថា គណបក្ស​​ណាមួយឈ្នះ​ឆ្នោតនោះទេ ស្ថានការណ៏​នយោបាយ​ទំនង​ជាមានភាពតានតឹង ដោយ​សារ​តែ​ភាព​ចម្រូងចម្រាស់​មួយ​ចំនួន រួម​បញ្ចូលទំាងការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត និង​ការ​មិន​មាន​ទំនោរ​​បោះ​បង់​អំណាច​ជា​ដើម។

លោក កែម ឡី អ្នកស្រាវជ្រាវ​ការងារ​អភិវឌ្ឍន៏​​សង្គម​មាននិយាយា​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​​​ឈ្នះ​ឆ្នោត​នៅក្នុងនិតិកាលទី៥ នេះ ចលនា​តវ៉ា​ប្រឆំាង​​នឹង​លទ្ធផលបោះ​ឆ្នោត ប្រហែល​ជា​អាច​ផុស​ផុល​ឡើង​ពី​គណ​បក្ស​សង្គ្រោះជាតិ​កម្ពុជា និង​ពីចង្កោមអ្នកគាំទ្ររបស់បក្សជំទាស់នេះ។ ការប្រឆំាងនេះ អាច​កើត​ចេញ​ពីការមិនទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​ពួក​គេ​យល់​ថា មិន​យុត្តិធម៌ ឬ​ខ្វះ​សុក្រិតភាព ហើយ​វា​ទំនង​ជា​ខុស​ពី​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​នា​ពេល​បោះឆ្នោតកន្លងមក។

លោក កែម ឡី បាន​លើកឡើងថា “កាល​ពី​មុន ការ​ច្រាន​ចោល​លទ្ធផល​បោះឆ្នោត​របស់​គណបក្ស​ប្រឆំាង​ដែល​ចាញ់​ឆ្នោត គឺចេញពី​ឥស្សរៈជន​នយោបាយ និង​សង្គម​ស៊ីវិល។ ប៉ុន្តែ ប្រសិន​បើ​គណបក្ស​ប្រឆំាង​ចាញ់​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ការ​តស៊ូ​មតិ​នឹង​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ ជា​ពិសេស​ពី​យុវជន ដែល​អាច​បង្ក​ទៅ​ជា​បាតុកម្ម​ ឬ​កុប្បកម្ម​​ជាដើម”។

លោក ឡី បាន​ប្រាប់​ឲ្យ​ដឹង​ជាមុនថា “ប្រសិនបើគ្មានដំណោះស្រាយសមស្រប ចលនា​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា ក្រោម​​ការ​បង្ក្រាប​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ ហើយការអូសបន្លាយនៃការតវ៉ា នឹង​ប៉ះពាល់​ដល់​ជីវិត​សេដ្ឋកិច្ច​របស់​​កម្ពុជា”។

ទាក់​ទិននឹង​ចំណុចនេះ លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រិត និង​យុត្តិធម៌​ដើម្បី​បោះឆ្នោត​ដោយសេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា​ ហៅកាត់ថា NICFEC មាន​ទស្សនៈ​ស្រដៀង​គ្នានេះ​ដែរ ​ក៏​ប៉ុន្តែ​លោក​ជឿ​ថា​ ស្ថានការណ៏​នេះ​នឹង​អាច​គ្រប់គ្រង បាន​ដោយ​ហេតុថា​ គណបក្ស​នយោបាយធំៗ​ទំាង​ពីរ​សុទ្ធ​តែ​បាន​បង្ហាញ​គោល​ជំហរ​បង្រួប​បង្រួម​ជាតិ។ គោលជំហរ នេះ​នឹង​ញុំាង​ឲ្យ​ភាគ​ទំាង​សង​ខាង​ដោះ​ស្រាយ​​បញ្ហា​ដោយ​សន្តិវិធី។ ម្យ៉ាងវិញ​ទៀត​ ការ​យល់​ដឹង​របស់​ប្រជាជន​ជា​ពិសេស​យុវវ័យ​ក៏​នឹង​រួម​ចំណែក​ទប់​ស្កាត់​ភាពចលាចលដែលអាចកើត មានផងដែរ។

លោក ហ៊ុន សែន នា​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​​គណបក្ស​សង្រ្គោះ​ជាតិ​កម្ពុជា និង​លោក កឹម សុខា អនុ​ប្រជាន​​​ប្រធាន​គណ​បក្ស​​សង្រ្គោះ​ជាតិ​កម្ពុជា។
​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​​គណបក្ស​សង្រ្គោះ​ជាតិ​កម្ពុជា និង​លោក កឹម សុខា អនុ​ប្រជាន​​​ប្រធាន​គណ​បក្ស​​សង្រ្គោះ​ជាតិ​កម្ពុជា។

លោក ពុទ្ធា​ បន្ត​​ថា ភាពជាប់គាំងផ្នែកនយោបាយដែលលោកព្រួយ​បារម្ភ​នោះ​គឺក្នុងចំណោម​ឥស្សរៈ​ជន​នយោបាយ ក្រោយ​​ថ្ងៃបោះឆ្នោត ពោល​គឺ វា​​ទាមទារ​ឲ្យ​មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​ ប្រសិន​បើ​ភាគី​គណ​បក្សណាមួយមិន​​អាច​យកឈ្នះដាច់​លើគូប្រជែង។

គួរ​បញ្ជាក់ថា ការ​បោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រអណត្តិទី ៥ នេះ​មាន​​គណបក្សធំៗចំនួន ៨ ចូល​រួម​ប្រកួតប្រជែង ដើម្បី​បាន​ដឹក​នាំ​ប្រទេស​កម្ពុជា​ដែលមានប្រជាជនជាង១៤លាននាក់។ ក្នុង​ចំណោម​នោះ​គណបក្ស​សង្គ្រោះជាតិ​​​កម្ពុជា​ជា​​គណបក្ស​ជំទាស់​ធំ​ជាង គេដែល​កំពុង​ប្រជែង​យ៉ាងប្រកៀកប្រកិត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ឈ្នះ​​ឆ្នោតយ៉ាងលើសលុបកាលពី៥ឆ្នាំមុន។

ទោះ​​បីជា​យ៉ាងនេះក្តី អ្នកបោះឆ្នោត​នៅ​មិន​​ដឹង​ច្បាស់​​ថា ​តើ​គណ​បក្ស​ប្រជាជន​​កម្ពុជា​អាច​នឹង​បន្ត​ឈ្នះ​លើសលុប​ដូច​ការ​រំពឹង​ទុក​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន និង​មន្ត្រីនានា​របស់​បក្ស​នេះ​ដូច​ពេល​មុន​ឬ​យ៉ាង​ណា​ទេ​នៅ​ពេល​ដែល​ការចាប់​អារម្មណ៏ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​​កម្ពុជា​ដែល​ជា​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្សរបស់លោក សម រង្ស៊ី ​និង​គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា កាល​ពី​ឆ្នាំ ២០១២ ហាក់​ដូចជារីកធំធាត់​ជាអណត្តិមុនៗ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងប្រកាសលទ្ធផលឆ្នោតបណ្តោះអាសន្ននៅថ្ងៃទី ១០ សីហា បន្ទាប់​ពីថ្ងៃ​បោះ​ឆ្នោត​នៅថ្ងៃទី ២៧ កក្កដា។ ប្រសិន​បើមិនមានការបោះឆ្នោតឡើងវិញទេ លទ្ធផល​សម្រេច​ចុង​ក្រោយ​ រួមទំាង​ការបែកចែកកៅអីក្នុងសភាផងនោះ​នឹងប្រកាសនៅរវាងថ្ងៃទី ១៤ សីហា និង ៨ កញ្ញា។ គណបក្សដែលអាចដណ្តើម​បាន ៥០% នៃ​កៅអីសរុប ចំនួន ១២៣ នៅ​ក្នុង​សភា បក្ស​នោះ​នឹង​អាច​បង្កើត​រដ្ឋាភិបាល​បាន​ដោយ​ខ្លួនឯង។ ប៉ុន្តែ​ ដើម្បីអនុម័តច្បាប់នានា គឺ​ទាមទារសំឡេង ២ ភាគ ៣ នៃ​សមាជិកសភា​ទំាង ១២៣ ​រូប។

ផ្ទុយទៅវិញ ប្រសិនបើគណបក្សសង្គ្រោះជាតិកម្ពុជា​ឈ្នះឆ្នោត លោក​ កែម ឡី និយាយថា “វា​ប្រហែល​ជា​មានការលំបាកក្នុងការ​ផ្ទេរអំណាចនិងក្នុងការបង្កើតរដ្ឋាភិបាល”។ លោក ឡី បន្តថា ការ​លំបាក​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ដោយសារតែ​លោក កឹម សុខា កំពុង ជាប់​ក្នុង​បណ្តឹង​ជា​ច្រើន​ស្រប​ពេល​ដែល​លោក​ សម រង្ស៊ី មិន​អាច​ឈរឈ្មោះជាតំណាងរាស្ត្រដែលមានន័យថាលោកមិនអាចមានសិទ្ធិធ្វើជានាយករដ្ឋមន្ត្រី។

អ្នកវិភាគជាច្រើនរូបទំាងជាតិនិងអន្តរជាតិ​យល់ឃើញ ការ​ព្រមាន​ពី​ការ​មាន​សង្គ្រាម ប្រសិន​បើ​ គណបក្ស​​ប្រជាជនចាញ់ឆ្នោត​នោះ គឺ​គ្រាន់តែ​​ជាសារនយោបាយប៉ុណ្ណោះ  ព្រោះ​សង្រ្គាម​ទំនង​ជា​មិន​អាច​កើត​មាន​ទេ ដោយ​សារ​ប្រទេសកម្ពុជា​នៅមានសហគមអន្តរជាតិជាភ្នែកច្រមុះ ហើយនៅមានព្រះមហាក្សត្រ ដែលមាន​ព្រះរាជសិទ្ធិក្នុង​ការធានាបូរណភាពទឹកដីដែលអាចបញ្ចៀសការបង្ហូរឈាម។

ក្រុមអ្នកវិភាគសង្គម លើកឡើងថា ភាពតាន​តឹង​ផ្នែក​នយោបាយ​ដែលរហូតដល់មានការប្រឈម​មុខ​ដាក់​គ្នា​ដោយ អាវុធ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ការ​រឹត​បណ្តឹង​ចរន្ត​សេដ្ឋកិច្ច​ពី​សហគមន៏​អន្តរជាតិ​ដែល​ធ្វើឲ្យសេដ្ឋកិច្ចរបស់ កម្ពុជាពិបាកដកដង្ហើម ហើយ​ងាក​ទៅ​ពឹង​ផ្អែក​ទំាង​ស្រុង​លើ​ប្រទេស​ជិត​​ខាង​​ដែល​ជាអ្នកទទួលបានផលចំណេញ។
ហេតុដូច្នេះហើយ ការបង្កភាពវ៉ឹកវរ ទំនង​មិនមែន​ឆន្ទៈ​របស់​អ្នក​នយោបាយឌីជីតថល​ទំនើប​នោះ​ឡើយ។ នៅក្នុងប្រទេសជឿនលឿន ភាពជាប់គាំងនយោបាយ​អាចឈានដល់ការបោះឆ្នោតឡើងវិញ។

លោក កែម ឡី បាន​និយាយថា “គណបក្សនយោបាយត្រូវហ៊ានទទួលស្គាល់ការពិត។ ចាញ់​ឲ្យ​ដឹង​ចាញ់ ហើយ​បើ​ឈ្នះត្រូវ​ធ្វើឲ្យអ្នកចាញ់អស់ចិត្ត”។ អ្នក​ចាញ់សុខចិត្តចាញ់ ដោយអស់ចិត្ត លុះត្រា​តែ​គណៈកម្មាការ​ជាតិ​រៀបចំការបោះឆ្នោត​ធានាឲ្យមានការបោះឆ្នោតប្រកបដោយភាពយុត្តិធម៌៕

Related Articles

Back to top button
Close
Close