លិចកប៉ាល់នៅកោះជ្វាឥណ្ឌូណេស៊ី អ្នកដំណើរភាគច្រើនជាជនអន្ដោប្រវេសន៍
មនុស្ស១៥៧នាក់ត្រូវបានគេជួយ សង្គ្រោះ ១០នាក់ទៀតបានបាត់ខ្លួន ក្នុងគ្រោះលិចកប៉ាល់នៅកោះតូចមួយ របស់ប្រទេសឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃពុធនេះ។ បើតាមប្រភពរបស់អ្នកទទួលខុសត្រូវលើកប៉ាល់ បានបង្ហាញថា មានមនុស្ស ចំនួន៣នាក់បានស្លាប់ផងដែរ។
បន្ទាប់ ពីមានក្រុមជួយសង្គ្រោះបានប្រតិបត្តការ ក្រោយគ្រោះលិចកប៉ាល់ភ្លាម គេមិនទាន់ដឹងព័ត៌មានច្បាស់លាស់អំពីចំនួនមនុស្សដែលរងគ្រោះនេះទេ។ នេះបើតាមប្រភពរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP។
គេ គ្រាន់តែដឹងថា កប៉ាល់ដែលមានផ្ទុកជនអន្តោប្រវេសន៍ជាង ២៥០នាក់បានចេញដំណើរពីប្រទេសឥណ្ឌូណេស៊ី សំដៅទៅប្រទេសអូស្ត្រាលី ដោយឆ្លងកាត់តាមបណ្ដោយកោះជ្វា។ ហើយតាមប្រភព នាដំណាក់កាលដំបូង របស់កាសែតក្នុងស្រុក គេក៏មិនទាន់អាចអះអាងបាននៅឡើយទេថា មានមនុស្សប្រមាណជាង១០នាក់ បានស្លាប់រួចទៅហើយ ឬគ្រាន់តែបាត់ខ្លួន។
បច្ចុប្បន្ន ក្រុមអជ្ញាធរឥណ្ឌូណេស៊ី កំពុងតែប្រតិបត្តការជួយសង្គ្រោះបន្ទាន់ និងស្វែងរកមនុស្សផ្សេងទៀតដែលគេ មិនទាន់បានដំណឹង។ តែបើតាមសារព័ត៌មាននានារបស់អូស្ត្រាលីបានសរសេរថា កាលពីល្ងាចថ្ងៃអង្គារទី២៣ កក្កដា កប៉ាល់បានចាប់ផ្ដើមឆេះម៉ាស៊ីន បន្ទាប់មកក៏លិចចូលទៅក្នុងទឹកយ៉ាងជ្រៅ ដោយមិនទាន់ដឹងពីមូលហេតុ នៃការឆេះនេះទេ។
កាសែតរបស់អូស្ត្រាលីមួយ បានសន្និដ្ឋានថា មានមនុស្សប្រមាណ៦០នាក់ផ្សេងទៀត អាចគ្រាន់តែបាត់ខ្លួន ឬក៏អាចស្លាប់ផងដែរ។ តែទោះជាយ៉ាង រហូតមកដល់ព្រឹកថ្ងៃអង្គារនេះ គេមិនទាន់បានព័ត៌មានច្បាស់ការអំពីតុល្យការនៃគ្រោះថ្នាក់ខាងលើ ឡើយ។
សូមបញ្ជាក់ថានៅក្នុងកប៉ាល់គេរកឃើញថា មានអ្នកដំណើរភាគច្រើនជាជនជាតិ ស្រីលង្កា អ៊ីរ៉ង់ និងអ៊ីរ៉ាក់។ ពួកគេទាំងអស់កំពុងតែព្យាយាមសុំសិទ្ធិជាជនភៀសខ្លួននៅប្រទេស អូស្ត្រាលី។
ហើយចាប់តាំងពីខែមករាឆ្នាំ២០១៣មក គេឃើញមានមនុស្សប្រមាណជាង១ម៉ឹន៥ពាន់នាក់បានភៀសខ្លួនតាមកប៉ាល់ ដើម្បីសុំសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី ដែលបញ្ហាអន្ដោប្រវេសន៍ខាងលើ ជាប្រធានបទក្ដៅមួយក្នុងរឿងនយោបាយបច្ចុប្បន្ន។
ថ្មីៗនេះ ថ្នាក់ដឹកនាំអូស្ត្រាលីបានប្រកាសថា មិនលើកលែងដល់ជនអន្តោប្រវេសន៍មកតាមកប៉ាល់ដោយខុសច្បាប់នោះទេ។ ហើយអូស្ត្រាលីនឹងបញ្ជូនពួកគេ ទៅកោះPapouasie Nouvelle Guinée ឬក៏បញ្ជូនទៅប្រទេសដើមរបស់ពួកគេវិញ ដោយប្រកាសមិនផ្តល់សិទ្ធិជ្រកកោនណាមួយទេ៕ដោយ ជា ប៊ុនធឿន (RFI)