អំពើ​ហិង្សា​នៅតែ​កើនឡើង​នៅ​តំបន់​បះបោរ​ភាគ​ខាង​ត្បូង​ថៃ​

នៅតំបន់​ភាគ​ខាងត្បូង​​​ប្រទេស​ថៃ​ ការវាយប្រហារ​ផ្សេងៗ​​បាន​កើត​មាន​ឡើង​តាំងពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ ពន្យារ​ពេល​រហូត​ដល់​ថ្ងៃ​ពុធ​នេះ ធ្វើ​អោយ​មាន​មនុស្ស​៨​នាក់​ស្លាប់ តែ​ក្នុង​រយៈពេល​មិន​ដល់​​២៤​ម៉ោង​ផង។ អំពើ​ហិង្សា​​នៅ​តែ​បន្ត​​កើន​ឡើង បើ​ទោះ​ជា​រដ្ឋាភិបាល​ថៃ​និង​ក្រុម​ឧទ្ទាម ​​​បាន​ព្រមព្រៀង​គ្នាកាត់​​​បន្ថយ​​អំពើ​ហិង្សា​​ ក្នុង​រយៈ​ពេលប្រារព្ធ​​​បុណ្យ​សាសនា​រ៉ាម៉ាដង់​ក៏​ដោយ។

នៅ ​តំបន់​បះបោរ​ភាគ​ខាងត្បូង​ប្រទេស​ថៃ បន្ទាប់​ពី​មាន​ការ​ស្ងប់​ស្ងាត់​អស់​មួយ​រយៈ​​ គិត​ចាប់​ពី​ពេល​​​ប្រារព្ធ​ពិធី​បុណ្យ​សាសនាអ៊ីស្លាម​​រ៉ាម៉ាដង់​​​មក ការ​វាយប្រហារ​ជា​ច្រើន​​បាន​ចាប់​ផ្ទុះ​ឡើង​សារ​ជាថ្មីឡើងវិញ​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ នៅ​ក្នុង​ខេត្ត​ Narathiwat ដែល​ជា​ខេត្ត​ស្ថិត​​ក្នុង​ការ​ប្រកាស​អាសន្ន​ ប៉ូលិស​ពីរ​នាក់​បាន​ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​ផ្សារ​មួយ​កន្លែង។ ការ​បាញ់​ប្រហារ​មួយ​​​ទៀត បាន​​​កើតឡើង​នៅ​ហាង​តែ​មួយ​​កន្លែង​ ក្នុង​ភូមិ​អ្នកកាន់​សាសនា​អ៊ីស្លាម​មួយ​ បណ្តាល​អោយ​​​​ប្តីប្រពន្ធ​មួយ​គូរ​ ស្លាប់​នៅ​ក្នុង​រថយន្ត​របស់​ពួកគេ។

រដ្ឋាភិបាល ​ថៃ​និង​ក្រុម​ឧទ្ទាម​ “រណសិរ្ស​បដិវត្ត​ជាតិ​” ទើបតែ​បាន​ព្រមព្រៀង​គ្នា​ នាពេល​ថ្មីៗ​នេះ​​​​​​ថា កាត់​បន្ថយហិង្សា​ក្នុង​ពិធី​បុណ្យ​សាសនា​រ៉ាម៉ាដង់​នេះ ​​ចាប់​ពី​ថ្ងៃ​១០​កក្កដា រហូត​​ដល់​ថ្ងៃ​១៨​សីហា។ ។ ដើម្បី​បន្ថយ​ភាព​តានតឹង ថៃ​បាន​​កាត់​បន្ថយ​ការ​ដាក់​របាំង​ផ្លូវ និង​​ដក​ទាហាន​ខ្លួន​ចេញពី​ភូមិ​មួយ​ចំនួន។ ប៉ុន្តែ​ អំពើ​ហិង្សា​ថ្មី​នេះ ​​បាន​ធ្វើ​អោយ​រលាយ​​ក្តី​សង្ឃឹម​​ក្នុង​កិច្ច​ចរចា​​រក​​សន្តិភាព កន្លងម​ក។​​ ​​ អ្នក​វិភាគ​នានា​ សន្និដ្ឋាន​ថា មេដឹកនាំ​ក្រុម​ឧទ្ទាម​ប្រហែល​ជា​​មានការ​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​ សកម្មជន​​​​ខ្លួន​នៅ​ក្នុង​តំបន់បះបោរ​​នេះ។

ទោះ​យ៉ាងនេះ​ក្តី នៅ​ថ្ងៃ​ពុធ​នេះ លោក ផារ៉ាដន ប៉ាតាណាតាប៊ុត តំណាង​ភាគី​ថៃ​ក្នុង​ការចរចា​ជាមួយ​ក្រុម​ឧទ្ទាម​ បាន​លើកឡើង​ថា ការ​ចរចា​​ជាមួយ​​​​​ក្រុម​ឧទ្ទាម​នឹង​នៅ​តែ​បន្ត​អនុវត្ត ហើយ​បាន​បន្ថែម​ទៀត​ថា អំពើហិង្សា​នេះ​​មាន​​ចំនួន​តិច​ជាង​អំពើ​ហិង្សា​​ដែល​បាន​កើតឡើង​ នា​ឧកាស​​បុណ្យ​​រ៉ាម៉ាដង់​ កាលពី​​​ឆ្នាំ​មុន។ យោងតាម​ភាគី​ថៃ នៅ​ពេល​ដែល​មាន​អំពើ​ហិង្សា​ម្តងៗ ក្រុម​ឧទ្ទាម​តែងតែ​ប្រាប់​ថា វា​ជា​ស្នាដៃ​របស់​ក្រុម​បះបោរ​តូចៗ​​មួយ​ចំនួន​ដែល​​ប្រឆាំង​​នឹង​​ការ​ ពិភាក្សា​ស្វែង​រក​សន្តិភាព​ក្នុង​តំបន់។

គួរ​រំលឹក​ថា តំបន់​​ភាគ​ខាងត្បូងថៃ​​ កាល​ដើមឡើយ ​ស្ថិត​​​ក្នុង​ទឹកដី​​ម៉ាឡេស៊ី​រហូត​ដល់​ដើម​សតវត្សរ​ទី២០ មុន​នឹង​ក្លាយ​ជា​កម្មសិទ្ធិ​ប្រទេស​ថៃ។ ក្រុម​បះបោរ​​​នៅ​ទីនោះ បាន​ព្យាយាម​ធ្វើ​សកម្ម​ភាព​ប្រឆាំង​​​ការ​រើសអើង​របស់​ប្រជាជនថៃ​មក​លើ​ ជនជាតិ​ ភាគតិច​ម៉ាឡេ ដែល​កាន់​សាសនា​អ៊ីស្លាម។ តាំង​ពី​ឆ្នាំ​២០០៤​មក ការ​បះបោរ​​នានា​ក្នុង​តំបន់​នេះ ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ ៥ ៧០០​​នាក់៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close