សភាប្រកាសមិនអាចផ្តល់អភ័យឯកសិទ្ធិដល់ លោក សម រង្ស៊ី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា នេះ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បានប្រកាសជាផ្លូវការថា ខ្លួនពុំអាចផ្តល់សុពលភាព អភ័យឯកសិទ្ធិ និងបុព្វសិទ្ធិ ជូនប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានឡើយ។
លិខិតចេញដោយប្រធានរដ្ឋសភា លោក ហេង សំរិន ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣នេះ ឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍សភា បានប្រជុំ និងសម្រេចជាឯកច្ឆន្ទ នៅព្រឹកនេះ ដោយមិនផ្តល់អភ័យឯកសិទ្ធិ និងបុព្វសិទ្ធិ ដល់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានឡើយ ដោយហេតុថា គណបក្សសង្គ្រោះជាតិ គឺមិនមានអាសនៈក្នុងរដ្ឋសភា សម្រាប់នីតិកាលទី៤នេះ។
ប៉ុន្តែលិខិតរបស់ លោក សម រង្ស៊ី ដែលស្នើសុំអភ័យឯកសិទ្ធិនោះ គឺក្នុងនាមលោកផ្ទាល់ ពោលមិនបានបញ្ជាក់ថា លោកជាប្រធានគណបក្សសង្គ្រោះជាតិឡើយ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ហៅការបដិសេធនេះថា មិនមែនជារឿងចម្លែកនោះទេ ដោយលោកចាត់ទុកថា នេះគឺជារឿងនយោបាយមួយ ដែលគណបក្សប្រជាជនកម្ពុជា ជាអ្នករៀបចំឡើង។
នៅល្ងាចថ្ងៃ ពុធម្សិលមិញនេះដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រជុំសម្រេច ដោយបដិសេធជាលើកទី២ ចំពោះការស្នើសុំឲ្យបញ្ចូលឈ្មោះ លោក សម រង្ស៊ី ក្នុងបញ្ជីអ្នកបោះឆ្នោត និងឈរឈ្មោះតំណាងរាស្ត្រ ដោយប្រកាសថា មានតែក្រុមប្រឹក្សាធម្មនុញ្ញទេ ដែលជាអ្នកអាចបកស្រាយច្បាប់ និងសម្រេចចុងក្រោយចំពោះករណីនេះ៕ Cambodia News