វិទ្យុ ABC 107.5 ប្រកាសបិទកម្មវិធីវិទ្យុដោយខ្លួនឯង
ភ្នំពេញ៖ បន្ទាប់ពីមានការចេញលិខិតព្រមានរបស់ គ.ជ.ប ចំពោះម្ចាស់ស្ថានីយ៍វិទ្យុ ABC FM107.5 MHz អំពីផ្សាយព័ត៌មានញុះញង់ និងបំភិតបំភ័យអ្នកបោះឆ្នោត នៅព្រឹកមិញនាយកវិទ្យុនេះបានប្រកាសបិទវិទ្យុដោយខ្លួនឯង។
លោក សេង ប៊ុនវ៉េង ហៅអាចារ្យអេ ដែលជាម្ចាស់ស្ថានីយ៍វិទ្យុ ABC FM 107.5MHz បាននិយាយតាមរលកធាតុអាកាសវិទ្យុលោកថា វិទ្យុ ABC កម្ពុជា នឹងផ្អាកការផ្សាយកម្មវិធីរបស់ខ្លួនទាំងអស់ ដោយចាក់តែបទចម្រៀង និងស្ពតពាណិជ្ជកម្ម រហូតដល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តបញ្ចប់។
សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញនេះ គ.ជ.ប បានចេញលិខិតព្រមានមួយដល់ម្ចាស់ស្ថានីយ៍វិទ្យុ ABC កម្ពុជា បន្ទាប់ពីធ្វើការតាមដានឃើញថា ការផ្សព្វផ្សាយរបស់វិទ្យុនេះបានរំលោភទៅនឹងច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងគោលការណ៍សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
នោះគឺជាការថ្លែងរបស់ម្ចាស់ស្ថានីយ៍វិទ្យុនេះផ្ទាល់ ដែលថា អាចនឹងមានការធ្វើរដ្ឋប្រហារដោយយោធា ប្រសិនណាលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងឈ្នះការបោះឆ្នោតខាងមុខ។
ចំពោះការថ្លែងនេះ លោក សេង ប៊ុនវ៉េង ហៅអាចារ្យអេ ម្ចាស់ស្ថានីយ៍វិទ្យុ ABC កម្ពុជា បានធ្វើការបកស្រាយថា អ្វីដែលលោកបានលើកឡើងទាក់ទងនឹងរដ្ឋប្រហារនោះ គឺចេញមកពីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តីប៉ុណ្ណោះ៕ Cambodia News