ភូមាដោះលែងអ្នកទោសនយោបាយដូចបានសន្យាជាមួយអឺរ៉ុប
នៅថ្ងៃអង្គារនេះ ភូមាបានប្រកាសដោះលែងអ្នកទោសនយោបាយ ប្រមាណ៧០នាក់ ដើម្បីគោរពតាមសម្តី ដែលលោកប្រធានាធិបតីថេន សេន បានសន្យា នាឱកាសបំពេញទស្សនកិច្ចនៅអឺរ៉ុប កាលពីសប្តាហ៍មុន។ សេចក្តីប្រកាសនេះបានទទួលការស្វាគមន៍ដោយប្រុងប្រយ័ត្នបំផុតពី សំណាក់សកម្មជនសិទ្ធិមនុស្ស។
លោកប្រធានាធិបតី ថេន សេន ចុះហត្ថលេខលើក្រិត្យ ដោះលែងអ្នកទោសនយោបាយ នៅថ្ងៃអង្គារម្សិលមិញ ដោយផ្ទាល់តែម្តង ចំនួន៧០នាក់ ក្នុងចំណោមទោសសរុបប្រមាណជាង១០០នាក់។ សម្រាប់ក្រុមអ្នកការពារសិទ្ធិមនុស្ស ការដោះលែងអ្នកទោសមនសិការ ដោយតក់ៗនេះ គឺជាឈ្នាន់ សម្រាប់ទាញយកចំណេញនយោបាយ ពីបរទេស ក្នុងពេលផ្តោះប្តូរទំនាក់ទំនងការទូតសំខាន់ៗ។
ការចោទប្រកាន់នេះធ្វើឡើងក៏ព្រោះតែ នាឱកាសទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអង់គ្លេស សប្តាហ៍មុន លោកថេនសេន បានសន្យាថានឹងដោះលែងអ្នកទោសនយោបាយភូមាទាំងអស់ ឱ្យបានមុនដំណាច់ឆ្នាំ២០១៣។ ត្រឡប់ចូលមាតុប្រទេសវិញមិនបានប៉ុន្មានថ្ងៃផង ការលើកលែងទោសក៏ត្រូវបានប្រកាសឡើងមែន។
ចំនួនអ្នកទោសមនសិការកំពុងជាប់ក្នុងពន្ធនាគារ ប្រែប្រួលទៅតាមប្រភព ៖ ពីជាងមួយរយនាក់ ទៅជាង១៥០នាក់ នេះបើតាមការប៉ាន់ប្រមាណរបស់គណបក្សប្រឆាំងសម្ព័ន្ធជាតិដើម្បីលទ្ធិ ប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសានស៊ូជី។ ហើយបើតាមសមាគមជំនួយអ្នកទោស មានអ្នកនយោបាយជាប់ក្នុងពន្ធនាគារ ប្រមាណជាង៨០នាក់ ក្នុងនោះជាង៧០នាក់ត្រូវប្រឈមនឹងការឡើងសវនាការ។ ថ្វីបើសមាគមស្វាគមន៍នឹងការដោះលែងអ្នកទោស លើកនេះមែន ប៉ុន្តែបន្តព្រួយបារម្ភជានិច្ច នឹងការបញ្ជូនចូលពន្ធនាគារវិញ តាមផ្លូវតុលាការ។
តាំងពីមានរដ្ឋាភិបាលជាស៊ីវិល នៅខែមីនាឆ្នាំ២០១១មក ភូមាបានដោះលែងអ្នកទោសមនសិការ ជាបន្តបន្ទាប់ ជាក់ស្តែងករណីលោកស្រីអ៊ុងសានស៊ូជី។ ក្នុងក្របខ័ណ្ឌនៃការធ្វើកំណែទម្រង់នយោបាយនេះដដែល រដ្ឋាភិបាលភូមាក៏បានសម្រេចព្រមព្រៀងឈប់បាញ់ជាមួយនឹងពួកឧទ្ទាម ទ័ពព្រៃជាច្រើន លើកលែងតែជាមួយពួកកាឈីន។ ប៉ុន្តែនៅពេលខាងមុខដ៏ខ្លី កិច្ចឈប់បាញ់ថ្នាក់ជាតិអាចត្រូវចុះហត្ថលេខាផងក៏ថាបាន ព្រោះ នៅក្នុងចំណោមអ្នកបានរួចទោស ទាំង៧០នាក់ម្សិលមិញនេះ មានជាង៣០នាក់ ជាក្រុមជាប់ពាក់ព័ន្ធនឹងក្រុមឧទ្ទាមជនជាតិភាគតិចកាឈីន។ ដូច្នេះនេះជាជម្រើសមួយ ដើម្បីប្រយោជន៍ពីរ បំពេញចិត្តអន្តរជាតិផង និងបានដំណោះស្រាយជាតិផង៕ដោយ អៀង សុខម៉ិញ (RFI)