រដ្ឋាភិបាលសំឡឹងឃើញជប៉ុនចាប់មានកំណើនសេដ្ឋកិច្ចឡើងវិញ
ពីរថ្ងៃក្រោយជ័យជំនះ នៅក្នុងសម័យបោះឆ្នោតព្រឹទ្ធសភា រដ្ឋាភិបាលរបស់លោក ស៊ីនហ្សូ អាបេ បានចេញផ្សាយរបាយការណ៍ប្រចាំខែ អះអាងថាសេដ្ឋកិច្ចជប៉ុនពេលនេះ កំពុងចាប់កំរើកឡើងវិញ។ លោកនាយករដ្ឋមន្ត្រីបានសន្យាជាថ្មី ពង្រឹងនយោបាយផ្តល់សន្ទុះសេដ្ឋកិច្ចនេះបន្ថែមទៀត។
នេះ គឺជាលើកទីមួយហើយ គិតចាប់ពី១០ខែមក ដែលរដ្ឋាភិបាលជប៉ុនហ៊ានប្រើ ពាក្យថា “សេដ្ឋកិច្ចកំរើក”ឡើងវិញ ដូច្នេះ។ កាលពីដើមខែកក្កដា ធនាគារកណ្តាលជប៉ុន ក៏បានទទួលស្គាល់ ជាលើកដំបូង តាំងពីពីរឆ្នាំកន្លះមក អំពីសកម្មភាពសេដ្ឋកិច្ចរើបឡើងវិញរបស់ជប៉ុននេះដែរ។
សញ្ញាវិជ្ជមាននេះ អាចចាត់ទុកថាជាលទ្ធផលនៃនយោបាយផ្តល់សន្ទុះរបស់លោកនាយក រដ្ឋមន្ត្រី ដែលអ្នកសារព័ត៌មានដាក់ឈ្មោះឱ្យថាផែនការ « Abenomic »។ នយោបាយដែលមិនត្រឹមតែធ្វើឱ្យសេដ្ឋកិច្ចជប៉ុនកំរើកឡើងវិញទេ តែបានស្តារប្រជាប្រិយភាពលោកនាយករដ្ឋមន្ត្រីឱ្យឡើងខ្ពស់រហូតបាន ទទួលជោគជ័យក្នុងព្រឹទ្ធសភាទៀត។
តាំងពីបានត្រឡប់មកដឹកនាំរដ្ឋាភិបាលជាថ្មី កាលពីខែធ្នូ២០១២ លោកស៊ីនហ្សូអាបេ បានស្នើបញ្ចេញថវិកាបន្ថែមមកជួយធ្វើហិរញ្ញប្បទានការដ្ឋានធំៗ និងបានស្នើសុំឱ្យធនាគារកណ្តាលធ្វើបន្ទន់នយោបាយរូបិយវត្ថុ។ នៅត្រីមាសទីមួយឆ្នាំ២០១៣នេះ ផលិតផលសរុបក្នុងស្រុករបស់ជប៉ុន បានកើនឡើង១% បើប្រៀបទៅនឹងត្រីមាសទីបួនឆ្នាំ២០១២។
នយោបាយប្រយុទ្ធប្រឆាំងនឹងវិបត្តិបរិត្តផរណា ក៏ជាអាទិភាពសំខាន់មួយ ដែលលោកនាយករដ្ឋមន្ត្រីចង់លុបបំបាត់ចោលឱ្យបានដែរ។ តួលេខចុងក្រោយបានបង្ហាញថា តម្លៃទំនិញចាប់ផ្តើមមានលំនឹង ៖ តម្លៃថាមពលឡើងថ្លៃត្រូវស៊ីសងបំពេញមកវិញជាមួយនឹងទំនិញចុះថ្លៃ។ ចំណែកឯចំណុចទីបី ដែលជួយរុញច្រានសេដ្ឋកិច្ចដែរនោះ គឺនយោបាយផ្តល់កំណើនសេដ្ឋកិច្ចដល់ប្រទេសតាមរយៈការធ្វើកំណែទម្រង់ ទូទៅប្រព័ន្ធកសិកម្ម ដែលចាស់ជរា ដោយដាក់ជំនួសមកវិញនូវប្រព័ន្ធផ្តោះប្តូរសេរី។ កាលពីថ្ងៃអង្គារមុន ជប៉ុនបានចូលរួមជាផ្លូវការក្នុងកិច្ចចរចាដ៏មានមហិច្ឆតាមួយឈាន ឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ជាមួយប្រទេសអូស្រា្តលី ព្រុយណេ កាណាដា ស៊ីលី អាមេរិក ម៉ាឡេស៊ី ម៉ិចស៊ិក នូវែលហ្សេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ទន្ទឹមគ្នានេះ ជប៉ុនក៏នឹងចរចាជាមួយសហភាពអឺរ៉ុប និងជាមួយចិន-កូរ៉េខាងត្បូង ដើម្បីរកឃើញកិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មសេរីផ្សេងទៀតដែរ៕ដោយ អៀង សុខម៉ិញ (RFI)