នៅឆ្នាំ២០១២កម្ពុជាមិនមានបញ្ហាសន្តិសុខស្បៀងទេ
នៅក្នុងឱកាសបើកសិក្ខាសាលាថ្នាក់ជាតិលើកទីបួន ស្តីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្រោមប្រធានបទ “អាហារូបត្ថម្ភរបស់មាតា និងកុមារ “។ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសកម្ពុជានឹងមិនមានបញ្ហាសន្តិសុខស្បៀងទេ ខណៈដែលប្រទេសកម្ពុជារំពឹងថា នឹងអាចមានអង្ករសល់ចំនួនរហូតដល់ទៅ ២,៧៨ លានតោន នៅក្នុងឆ្នាំ២០១២នេះ។
សម្តេចបានបន្តថា ថ្វីត្បិតរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាកាសធាតុមានការប្រែប្រួល បណ្តាលឲ្យមានភាពរាំងស្ងួត និងទឹកជំនន់ជាបន្តបន្ទាប់ យ៉ាងណាក៏ដោយ ក៏យើងនៅតែអាចបង្កើនផលិតកម្មដំណាំស្បៀង ជាពិសេសដំណាំងស្រូវ តាមរយៈការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងការកែលម្អបច្ចេកវិទ្យាកសិកម្ម។
សម្តេចបានមានប្រសាសន៍បន្ថែមទៀតថា យើងអាចវាយតម្លៃបានថា កម្ពុជាពិតអាចរក្សាបាននូវសន្តិសុខស្បៀងរបស់ខ្លួន។ ជាក់ស្តែងឆ្នាំ២០១១កន្លងទៅ យើងអាចផលិតស្រូវបានប្រមាណ ៨,៧៧ លានតោន ដូច្នេះតុល្យភាពស្បៀងសម្រាប់ឆ្នាំ២០១២ គឺកម្ពុជាអាចនឹងមានអតិរេកស្រូវប្រមាណ ៤,៤៣ លានតោន ដែលគេគិតអតិរេកអង្ករ ២,៧៨ លានតោន”៕