មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ក៏​អាច​ចូល​រួម​អភិវឌ្ឃ​សង្គម​​ដែរ

ដោយកញ្ញា ស៊ុន ដាលីន/Cambodia News
បទយកការណ៍/Feature

MSM មាន​រាងតូចល្អិត ​ភ្នែកតូចៗ​ និង​សម្បុរ​ស ដែល​មើលទៅ​ទំនង​ជាកូនកាត់ចិន យុវជនម្នាក់​មាន​ចរិត​​មាយាទ​ដូចជា​ស្រ្តី។
ស្ថិតក្នុង​វ័យ ២៦ ឆ្នាំ ង៉ោ ម៉េងហ៊ួង បាន​និយាយ​ដោយ​មិន​លាក់លៀម​ថា ថ្វីត្បិតតែ​ខ្លួនគេ​​កើត​មក​​​ជាប្រុសក៏ដោយ តែ​ខ្លួនគេ​ស្រឡាញ់តែ​ប្រុស​ៗដូចគ្នាប៉ុណ្ណោះ។

ម៉េងហ៊ួង បានរៀបរាប់​ថា ខ្លួន​គេ​បាន​ដឹងយ៉ាង​​ច្បាស់​ថា ខ្លួន​​ជា​មនុស្ស​ស្រឡាញ់ភេទដូចគ្នា​តាំង​​ពី​អាយុបាន ៧ ឆ្នាំ​ ហើយ​ថា ចរិត​បែបនេះមាន​ពី​ធម្មជាតិ​របស់​ខ្លួន ដោយ​គ្មានទទួល​ឥទ្ធិពល​ពី​មិត្ត​ភក្តិ​​នោះ​ទេ។ ម៉េងហ៊ួង​ បាន​​ប្រាប់ថា “ខ្ញុំចូលចិត្តស្លៀកសំលៀកបំពាក់ស្រី និងមានពេលខ្លះ ខ្ញុំ​យក​សំលៀក​ម៉ាក់​​របស់​ខ្ញុំ​មក​ស្លៀកពាក់​តាំងពីខ្ញុំអាយុ ៥ ឬ ៦ឆ្នាំមកម្លេះ”។
ម៉េង​ហ៊ួង ជាបុរសម្នាក់​ក្នុង​ចំណោម​បុរស​ជាច្រើន​ទៀត​ដែល​គេ​ចាត់​ទុកក្នុង​ក្រុម “បុរស​ស្រឡាញ់​​បុរស” និង​​ក្រុម “​ស្រីស្រស់ ឬ​ក្រុមមនុស្ស​ប្រុស​តែង​ខ្លួន​ជា​ស្រី​យក​បុរស​គ្នាឯង​​ធ្វើជាប្តី”។
មក​ដល់បច្ចុប្បន្ន​នេះ បើទៅជា​នៅមិន​ទាន់​មា​តួលេខច្បាស់លាស់​ ថាតើ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​បុរ​ស​ស្រឡាញ់​បុរស​​ប៉ុន្មាន​​នាក់​​នៅ​ឡើយ ក៏​លោក​វេជ្ជបណ្ឌិត ទិត ឃីមុយ នាយ​ករង​របស់​អង្គការខាណា​បាន​​និយាយថា អង្គការខាណារួម​ជាមួយ​អង្គការ FHI រក​ឃើញ​ជា​បឋម​កាល​​ពី​​ឆ្នាំ ២០០៨ ថាមាន​ប្រមាណ​ជាង​ពីរ​ម៉ឺន​នាក់ ហើយ​​ថា កាលពីពេល​ថ្មីៗ​នេះ​មាន​ការរក​ឃើញថាចំនួន “​ក្រុម​​ទន់​ ឬក្រុម​សក់​វែង ឬក្រុម​មាន​អាកប្បកិរិ​យា​​ម្ញ៉ិក​ម្ញ៉ក់”​ មានប្រមាណជិតបីពាន់នាក់។
កន្លងមក លោក​ស្រីវេជ្ជបណ្ឌិត នូ វណ្ណារី អតីតប្រធានផ្នែ​កគាំទ្របច្ចេកទេស​របស់​អង្គការ​ខាណា​​​​​បាន​បញ្ចាក់​ថា បុរស​​​ស្រឡាញ់បុរសចែកចេញ​ជា​ពីរ​ប្រភេទ គឺ​ “ក្រុម​សក់​វែង” និង “​ក្រុម​សក់ខ្លី” ប៉ុន្តែ​​ថ្មី​​នេះ​​គេ​បាន​បែងចែកជា​ “ក្រុម​រឹង ឬក្រុមដែលមានចរិតមាំទាំដូច​ជា​បុរស” និង “​ក្រុម​​ទន់ ​ឬក្រុម​មាន​​អាកប្បកិរិយា​​ម្ញ៉ិក​ម្ញ៉ក់”។
“​ក្រុម​​ទន់​ ឬក្រុមសក់វែង ឬក្រុម​មាន​អាកប្បកិរិយា​ម្ញ៉ិក​ម្ញ៉ក់” តែង​តែបង្ហាញខ្លួន​ជាស្រី និង​សម្តែង​ឲ្យដឹង​ថា​ ខ្លួន​ស្រឡាញ់​តែ​បុរសៗ។ ចំណែក​​ឯ “ក្រុម​រឹង ឬ​ក្រុម​សក់ខ្លី” ខ្លះលាក់​មុខ ហើយ​ខ្លះ​ក៏​បង្ហាញ​ជា​​ទូ​ទៅ​ថា ​ខ្លួន​ជា​​បុរសស្រាឡាញ់បុរស​ដូចគ្នា ហើយ​ក្រុម​នេះ​អាច​រួម​ភេទ​បាន​ទាំង​បុរស​ទាំង​នារី។
នៅក្នុងក្រប​ខ័ណ្ឌ​មេរោគអេដស៍និង​ជំងឺ​អេដស៍ ក្រុម​ “បុរស​ស្រឡាញ់​បុរស” និង​ក្រុម “ស្រី​ស្រស់”  ត្រូវបាន​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នឹង​ការ​ងារ​ប្រយុទ្ធនឹងជំងឺ​អេដស៍​​ទាំង​ថ្នាក់ជាតិ និង​សហគមន៍​ចាត់​​ទុករួម​ជា​មួយ “​​​ស្រ្តី​បម្រើ​សេវា​កម្សាន្ត”​ និង “​​​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន” ថា​​ជា​ “ក្រុម​គោល​ដៅ​ប្រឈម​​មុខ​ខ្ពស់​”។
បើ​តាមរបាយការណ៍របស់​​​មជ្ឈមណ្ឌល​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺអេដស៍ សើស្បែក និង​កាមរោគ​នៃ​​​​ក្រសួង​​​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា អត្រា​ប្រវ៉ាឡង់​នៃ​ការ​ឆ្លង​មេរោគអេដស៍​​​​នៅ​មាន​​​កម្រិត​​ខ្ពស់​​នៅ​ឡើយ​ក្នុង​ចំណោមបុរស​​​ស្រឡាញ់បុរស​មាន​គឺ​មានប្រមាណ​ជា ២,១% ហើយ​ក្រុម​ស្រីស្រស់​មាន​ ៩,៨%។
លោក ជួប សុខ​​ចំរើន នាយក​រង​​ទទួលបន្ទុក​ប្រតិបត្តិការ​ទូទៅ​របស់​អង្គការខាណា​បាន​និយាយ​​ថា ក្រុម​​បុរស​​ស្រលាញ់​បុរស​ខ្លះ​អាច​រួម​ភេទ​បាន​ទាំងជាមួយ​​បុរស​​និ​ង​ជាមួយ​ស្រ្តី ហើ​យ​​​បុរស​ស្រលាញ់​​បុរស​ខ្លះ​ទៀត​នៅ​យល់​​ខុស​​ថា ការ​រួម​ភេទ​ជា​មួយ​បុរស​ដូច​​​គ្នា​​មិន​​មាន​​ឆ្លង​​មេរោគ​អេដស៍​ឡើយ។

ដោយ​​សារ​តែ​សង្គមនិង​ផ្នត់​គំនិតជាទូទៅ​​​របស់​ប្រជា​ជន​កម្ពុជានៅ​មិនទាន់ទទួល​​ស្គាល់​ពីសិទ្ធិ​របស់​បុរស​​​ស្រឡាញ់បុរស ដែលប្រជាជនទូទៅហៅថា “ខ្ទើយ” នោះ​ ការ​មាក់​ងាយ​និង​ការ​រើសអើង​បាន​កើត​មាន​ចំពោះ​ពួក​គេ។ ការ​មាក់ងាយ ការ​រើសអើង និង​​ការមិន​យកចិត្ត​ទុកដាក់​ពីគ្រួសារ ពី​សហគមន៍ និង​ពី​សង្គម​ទាំង​មូលបានធ្វើ​ឲ្យ​សមាជិកភាគច្រើន​ក្នុង​ក្រុមនេះ​លាក់មុខ ហើយ​មិន​ហ៊ាន​ចេញ​​ជា​​សាធារណៈ​មក​ទ​ទួល​ការអប់រំ ​សេវា​សុខភាព និង​សេវាសង្គម​ឯទៀតៗ។

សម្រាប់ ម៉េង ហ៊ួង វិញ រូបគេ​បាន​បញ្ជាក់ថា «ចំពោះខ្ញុំៗ​គិត​ថា​ការ​ដែល​ខ្ញុំ​មាន​ចិត្ត​ជា​មនុស្ស​ស្រលាញ់​ភេទដូចគា្ន បណ្តាលមកពីធម្មជាតិរបស់ខ្ញុំ គឺបេះដូងខ្ញុំនិងចិត្តខ្ញុំមានទំនោរទៅរកវាតែម្តង”។
កន្លងមក ម៉េងហ៊ួង បានទទួលការស្តីបន្តោសពីគ្រួសារនិងសាច់ញាតិ្ត ហើយទទួល​ការរិះគន់ រើសអើង​ជាច្រើនពីសំណាក់មិត្តភក្តិទាំងនៅសាលា​ ទាំងនៅកន្លែង​ការងារ និងពី​​អ្នក​នៅ​ជុំវិញ​ខ្លូន​ជា​ច្រើន ដែល​ធ្វើឲ្យ​ខ្លួន​នឹក​តូចចិត្ត ហើយ​ឆ្ងល់ថា ហេតុអ្វីបានជាមនុស្សមិន​ឲ្យ​តម្លៃ​​មនុស្សដូចគ្នា។
ម៉េងហ៊ួង បានប្រាប់ថា “ក្រុមគ្រួសារខ្ញុំស្តីឲ្យថា ហេតុអីក៏ធ្វើអីឆ្កួតៗចឹង តែងជាមនុស្សស្រីចឹង​។ ចំណែក​អ្នកនៅជុំវិញខ្លួនវិញក៏មាក់ងាយ និងពេបជ្រាយឲ្យខ្ញុំ​ដែរ។ ជាងនេះ​ទៅទៀត ខ្ញុំ​ក៏​បាន​ទទួល​ការ​រើសអើងពីបណ្តាអង្គការមួយចំនួនដែលខ្ញុំ​បានដាក់ពាក្យចូលធ្វើការផងដែរ”។
ម៉េងហ៊ួង​បានរំលឹកពីក្រុមហ៊ុនមួយដែលបានរើសអើងខ្លួនជាមនុស្សបប្រុសមិន​ប្រុស​ស្រី​មិន​ស្រីដោយមិនឲ្យជាប់ជាបុគ្គលិក ទោះបីជារូបគេ​មានសមត្ថភាពគ្រប់គ្រាន់នឹងធ្វើការងារក៏ដោយ។
បច្ចុប្បន្ន ម៉េងហ៊ួង ជាមន្ត្រីទំនាក់ទំនងនៃអង្គការហ្រ្វេនអីនធឺណាសិនណល ហើយ​ក្រៅ​ពី​ការ​ ងារ រូបគេបានព្យាយាមលើកស្ទួយនិងទាមទារសិទ្ធិជូនបុរសស្រឡាញបុរស ព្រមទាំងលើកកម្ពស់​ការ​យល់​ដឹងដល់ពួកគេ​តាមរយៈការសសេរជាអត្ថបទព័ត៌មាន ការ​ចូល​រួម​ធ្វើ​ជា​វាគ្មិន​ ការចែក​រំលែក​បទ​ពិសោធន៍ និងផ្តល់មតិយោបល់នៅតាមវិទ្យុ ចូលរួមផលិត​ខែ្សភាពយន្ត​ឯកសារ​អប់រំ​ដែល​ទាក់ទង​ទៅ​នឹង​ក្រុមមនុស្សស្រលាញ់ភេទដូចគា្ន និងចូលរួមកម្មវិធីផ្សេងៗដែលផ្តោតទៅលើការលើកស្ទួយ និង ផ្តល់​សិទ្ធិដល់ក្រុមនេះ។
ម៉េងហ៊ួង បាន​និយាយដោយសំដី​ម៉ាត់ៗ​ថា ទោះបីជាមនុស្សប្រុស​មាន​ចរិតជា​ស្រីដូចជា​រូបលោក មានចិត្ត​ទន់​ជ្រាយ​បន្តិច​មែន​ ក៏​ពួក​គេ​អាច​ធ្វើការ​ដូច​មនុស្ស​ដទៃទៀតបានដែរ សំខាន់គឺ “ចំណេះដឹង​និងសមត្ថភាព”។

ក្រៅពី​សំណូមពរឲ្យ​ស្ថាប័នរដ្ឋនិងមិនមែនរដ្ឋក៏ដូចជាវិស័យ​ឯកជនឲ្យផ្តល់​ឱកាស​ការងារ​ និង សិទ្ធិ​​ស្មើគ្នាដល់ក្រុម​មនុស្ស​ស្រឡាញ់​ភេទដូចគ្នា ម៉េង ហ៊ួង ក៏បាន​អំពាវនាវ​ឲ្យ​​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ទាំងអស់ត្រូវខិតខំប្រឹងប្រែងដោយ “​ផ្តល់​តម្លៃឲ្យ​ខ្លួនឯង​ជាមុនសិន​ ហើយព្យាយាម​អភិវឌ្ឍ​ខ្លួន កុំ​ធ្វើ​អ្វី​ឲ្យ​ខុសច្បាប់ និងចេះ​បង្ហាញ​ឲ្យ​គេ​គ្រប់​គ្នា​ឃើញ​ថា ខ្លួន​អាច​ធ្វើ​បាន​ នោះ​ទើប​គេ​ឲ្យ​តម្លៃ​យើង​​តាមក្រោយ”៕ អត្ថបទ​នេះ​​ផលិត​ឡើង​​ក្រោម​ជំនួយ​សប្បុរ​ស​ធម៌​​ពី​ប្រជា​ជន​អាមេរិក​​តាមរយៈ USAID។ រាល់ខ្លឹមសារ​ដែល​មាន​​ក្នុង​អត្ថបទនេះ​គឺជា​ការ​ទទួល​​ខុស​​ត្រូវ​​របស់​អង្គការ​​ខាណា និង​មិន​បាន​ឆ្លុះបញ្ចាំង​​ទស្សនៈ​របស់​ USAID ឬ​​រដ្ឋាភិបាល​អា​មេ​រិក​​ឡើយ៕

Related Articles

Back to top button
Close
Close