របៀបគូសសន្លឹកឆ្នោត ដែលយកជាការបាន
Cambodia News/
ភ្នំពេញ៖ ថ្មីៗនេះ នៅតាមបណ្តាញសង្គមហ្វេសប៊ុក មានការផ្សព្វផ្សាយច្រើន អំពីគំរូ នៃការគូសលើសន្លឹកឆ្នោតដែលបញ្ជាក់ថា តើគូសរបៀបណា ទើបសន្លឹកឆ្នោតនោះ ត្រូវចាត់ទុកជាបានការ និងគូសរបៀបណា ដែលសន្លឹកឆ្នោតនោះត្រូវចាត់ទុកថា អត់បានការ។
បើតាមការបង្ហាញនោះ គឺសន្លឹកឆ្នោតដែលបានការ មានតែមួយប្រភេទគត់ គឺទាល់តែគូសឲ្យចំក្នុងប្រអប់បួនជ្រុង នូវសញ្ញាគ្រីស ដោយមិនត្រូវឲ្យសញ្ញានេះលយចេញពីក្នុងប្រអប់ឡើយ។
ចំណែកគំរូសង្ខេបចំនួន៦ប្រភេទទៀត នៃសន្លឹកឆ្នោត ដែលចាត់ទុកថា អត់បានការរួមមាន ការគូសក្នុងប្រអប់បួនជ្រុងដែរ តែមានលយសញ្ញាគ្រីសចេញក្រៅប្រអប់ ការគូសសញ្ញាខ្វែង ការគូសសញ្ញាលេខដក ការគូសសញ្ញាលេខបូក ការគូសរូបតំណាងអ្វីមួយ និងការគូសសញ្ញាគ្រីសនៅខាងក្រៅប្រអប់ជាដើម ដែលទាំងនេះ សន្លឹកឆ្នោតនោះ អត់បានការទេ។
សន្លឹកឆ្នោតមិនបានការ ដែល គ.ជ.ប បង្ហោះតាមគេហទំព័ររបស់ខ្លួន មានពីរគំរូ។ ទី១ ការគូសសញ្ញាគ្រីស នៅក្រៅប្រអប់ ការគូសនៅក្នុងប្រអប់គណបក្សមួយ ហើយលយចូលគណបក្សមួយទៀត សន្លឹកឆ្នោតរហែក ឬមានស្នាមប្រឡាក់ ឬមានត្រាសំគាល់ ការសរសេរអក្សលើសន្លឹកឆ្នោត ឬសន្លឹកឆ្នោតដែលអត់មានឈ្មោះគណបក្ស ជាដើម។
សេចក្តីប្រកាសរបស់ គ.ជ.ប កាលពីថ្ងៃទី១៧ ខែកក្កដានេះ ឲ្យដឹងថា ផ្ទាំងរូបភាពសន្លឹកឆ្នោតអត់បានការពីរផ្ទាំង ដែលសរុបមាន២១គំរូ ត្រូវបានផ្សព្វផ្សាយក្នុងគេហទំព័រ www.necelect.org.kh ។ ផ្ទាំងរូបនៃសន្លឹកឆ្នោតអត់បានការនេះ គ.ជ.ប បានបោះពុម្ពចំនួន ៣៨ ០១៨សន្លឹក ចែកទៅការិយាល័យបោះឆ្នោតចំនួន ១៩ ០០៩ ទូទាំងប្រទេស ដោយមួយការិយាល័យទទួលបានពីរសន្លឹក៕