អ្នកកាសែតឌឹខែមបូឌាដេលី​ ចូលបំភ្លឺនៅតុលាការ​ខេត្តកោះកុង

នៅ​​ថ្ងៃទី​១៧ ​ឧសភា ​​២០១២ អ្នកកាសែត​ឌឹ​ខែម​បូ​ឌា​ដេលី ​ឈ្មោះ ផន បុប្ផា ភេទ​ស្រី បាន​ចូល​បំភ្លឺ​ចប់​រួចរាល់​ហើយ នៅ​ចំពោះមុខ​លោក មីន មករា ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​កោះកុង តាម​ដីកា​កោះហៅ​របស់​តុលាការ​ខេត្តកោះកុង ពាក់ព័ន្ធ​រឿង​ឃាតក​បាញ់សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​លោក អ៊ិន រតនា ប៉េអឹម​ខេត្ត​កោះកុង​។ ប៉ុន្តែ​សវនាការ​នេះ ខាង​តុលាការ​ពុំបាន​បញ្ចេញ​ខ្លឹមសារ​ជា​សាធារណៈ​ទេ ហើយ​​ការធ្វើដំណើរ​របស់​ស្ត្រី​អ្នកកាសែត​​រូបនោះ មក​តុលាការ​ខេត្តកោះកុង ក៏​ជាការ​សម្ងាត់​ដែរ​។

សូមបញ្ជាក់ថា ជុំវិញ​ រឿង​ឃាតកម្មកាលពី​ថ្ងៃទី​២៦ ​មេសា​ ​២០១២ នៅ​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង មាន​ករណី​បាញ់សម្លាប់​ឈ្មោះ ឈុត វុទ្ធី និង​ឈ្មោះ អ៊ិន រតនា​។ ហើយ​ត្រូវ​បាន​ប៉េអឹម​ធ្វើ​របាយការណ៍ កាលពី​ថ្ងៃទី​២៧ ​មេសា ​​២០១២ ដោយ​បង្ហាញថា លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវបាន​ប៉េអឹម​ម្នាក់​ឈ្មោះ អ៊ិន រតនា បាញ់​សម្លាប់​នៅក្នុង​រថយន្ត​របស់លោក បន្ទាប់ពី​ជម្លោះ​ពាក្យសម្តី​ បន្ទាប់មក​ប៉េអឹម​នោះ ក៏បាន​ធ្វើអត្តឃាត​ដោយ​បាញ់​ខ្លួនឯង​។​

លោក មីន មករា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកោះកុង បានសម្រេច​ឃុំខ្លួន​ជន​សង្ស័យ ឈ្មោះ រ៉ា​ន់ បូ​រ័ត្ន សន្តិសុខ​ក្រុមហ៊ុន Timber Green ក្រោម​បទចោទប្រកាន់ មនុស្សឃាត​ដោយ​អ​ចេតនា ក្នុង​សំណុំរឿង​ឃាតកម្ម​បាញ់សម្លាប់​លោក ឈុត វុទ្ធី និង​លោក អ៊ិន រតនា កាលពី​ថ្ងៃទី​២៦ ​មេសា ​​២០១២ នៅ​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​៕

Related Articles

Back to top button
Close
Close