ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​ថ្កោលទោសចំពោះទង្វើ​ដែលបង្កឲ្យកុមារីម្នាក់ស្លាប់

នៅ​ថ្ងៃទី​១៧  ឧសភា  ​២០១២ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បានចេញ​សេចក្ដីថ្លែងការណ៍ ថ្កោល​ទោស ចំពោះ​ទង្វើ​របស់​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​ធ្វើការ​បង្ក្រាប និង​បាញ់​ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរ បណ្ដាល​ឲ្យ​កុមារី​ម្នាក់​ស្លាប់ និង​រងរបួស​ច្រើន​នាក់ កាលពី​ថ្ងៃទី​១៦ ​ឧសភា ​​២០១២ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​។​

សេចក្ដីថ្លែងការណ៍​បាន​បង្ហាញថា ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា កត់សម្គាល់​ឃើញថា រាល់​ទង្វើ​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ ក្រោម​ការដឹកនាំ​ពី​មន្ត្រី​រាជរដ្ឋាភិបាល បាញ់​បង្ក្រាប​លើ​ប្រជា​ពលរដ្ឋ ដែល​បានធ្វើការ​ទាមទារ​ពី​ក្រុមហ៊ុន​ដែល​បាន​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់ កាន់តែ​មាន​ភាព​សាហាវឃោរឃៅ និង​ព្រៃផ្សៃ​ឡើង​។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា យល់ឃើញថា ការប្រើ​ពាក្យ​តំបន់អបគមន៍ គឺជា​លេស​ដើម្បី​ធ្វើ​ការ​បាញ់​បង្ក្រាប​មកលើ​ប្រជាពលរដ្ឋ ឲ្យ​បញ្ឈប់​ការតវ៉ា​រឿង​វិវាទ​ដីធ្លី និង​ជា​សារ​ថ្មី​មួយ​ផ្ញើជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេងៗ​ទៀត ដែលមាន​វិវាទ​ដីធ្លី ឱ្យ​ឈប់​តវ៉ា​។

សេចក្ដីថ្លែងការណ៍​រប​ស់​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​​សូមឲ្យ​​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ចាប់​ផ្ដើម​គិត និង​អញ្ជើញ​អ្នកដឹកនាំ​រដ្ឋាភិបាល ឱ្យ​ឈប់សម្រាក​តាម​ការបោះឆ្នោត ដើម្បី​បញ្ចប់​ការរំលោភ​យក​ដីធ្លី ពី​សំណាក់​អ្នកមានអំណាច មាន​លុយ ក្រុមហ៊ុន និង​ការបាញ់​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ មកលើ​​​ប្រជាពលរដ្ឋ​ខ្មែរ​យើង​បន្តទៀត​៕

Related Articles

Back to top button
Close
Close