មួយ​ខែ​ ជនជាតិ​ស៊ីរី​ ៥០០០នាក់​ស្លាប់​ ជន​ភៀសខ្លួន​ស៊ីរី​រង​វិបត្តិ​ជា​ប្រវត្តិសាស្ត្រ

ជនជាតិ ​ស៊ីរី​ដែល​ស្លាប់​បាត់បង់ជីវិត បាន​កើនឡើង​ដល់​៥០០០​នាក់​ ក្នុង​មួយខែ។ ចំនួន​អ្នកស្លាប់​ដោយសារ​សង្គ្រាម​ ជាង​ពីរ​ឆ្នាំ​មក​នេះ កើន​ដល់​ជិត​មួយ​សែន​នាក់​ហើយ។ ជនជាតិ​​ភៀសខ្លួន​ស៊ីរី​​នៅ​​​ប្រទេស​ជិត​ខាង​ បាន​ឡើង​​ដល់​មួយលាន​ប្រាំបីសែន​នាក់។ នេះ​​​ជា​វិនាសកម្ម​​​​ដែល​មិន​ធ្លាប់​មាន​ ក្នុង​រយៈ​ពេល​ជិត​២០​ឆ្នាំ​​មក​នេះ​ គឺ​គិត​​ចាប់​​​ពី​សម័យ​ដែល​ប្រទេស​រវ៉ាន់ដា​បាន​រង​នូវ​ការ​សម្លាប់​រង្គាល ​មក។ នេះ​​​បើ​យោងតាម​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ​ដែល​បាន​ផ្តល់​តួលេខ​​នៃ​ចំនួន​អ្នកស្លាប់​នៅ​ប្រទេស​ស៊ីរី។

អ្នកទទួល ​​ខុសត្រូវ​នានា​នៅ​អង្គការ​សហប្រជាជាតិ​បានសុំ​អោយ​ក្រុម​ប្រឹក្សា ​សន្តិសុខ​​ចាត់​វិធានការ​អោយ​បាន​ខ្លាំង​ក្លា​​ដើម្បី​ដោះស្រាយ​វិបត្តិ​ សង្គ្រាម​ស៊ីរី​ដែល​​​បាន​ពន្យា​រ​ពេល​ជាង​ពីរ​ឆ្នាំ​មក​នេះ។ ជន​ជាតិ​ស៊ីរី​ដែល​បានភៀសខ្លួន​ទៅ​ប្រទេស​ជិត​​ខាង​​ដូច​ជា​អ៊ីរ៉ាក់ ហ្សកដានី​ រឺ​ក៏​លីបង់ មាន​​ប្រហែល​១លាន​៨សែន​នាក់ ហើយ។ គឺ​ជិត​ស្មើ​នឹង​ចំនួន​ជនភៀសខ្លួន​រវ៉ាន់ដា ដែល​រត់​គេច​ពី​ការ​ធ្វើឃាត​របស់​ពួក​ហ៊ូទូ​ ក្នុង​​ឆ្នាំ​១៩៩៤។ កាលណោះ​ ចំនួន​ជនភៀសខ្លួន​រវ៉ាន់ដា មាន​ជាង​ពីរលាននាក់។

យោងតាម​អង្គការ​សហប្រជាជាតិ ក្នុង​វិបត្តិ​សង្គ្រាម​នៅ​ស៊ីរី​ កុមារ​ទាំងឡាយ​ត្រូវ​បាន​គេ​ចាប់ឃុំ ធ្វើ​ទារុណកម្ម​និង​សម្លាប់។ កុមារ​​ខ្លះ​ត្រូវ​បាន​គេ​ចាប់​អោយ​ធ្វើ​ជា​​​សកម្មជន​ប្រយុទ្ធ​សំរាប់​​ ក្រុម​ប្រឆាំង​ប្រដាប់​អាវុធ។​​ មនុស្ស​៤លាន​នាក់​កំពុង​ត្រូវការ​ជំនួយ​។ ប៉ុន្តែ​ ដោយ​សារ​តែ​ការ​រឹតបន្តឹង​របស់​របប​ក្រុង​ដាម៉ាស​ និង​ក្រុម​ឧទ្ទាម​ អង្គការ​មនុស្សធម៌នានា​​​មាន​ការ​ពិបាក​ចូល​ទៅ​ជួយ​ពួកគេ​ណាស់។ មនុស្ស​ប្រមាណ​២៥០០​នាក់ កំពុង​ជាប់​ខ្លួន​នៅ​ក្រុង​ហូម ដែល​​រដ្ឋាភិបាល​ស៊ីរី​បាន​ឡោមព័ទ្ធ​​ តាំង​ពី​ខែ​មុន​មក។ រដ្ឋាភិបាល​ស៊ីរី​​បាន​ហាម​ក្រុម​មនុស្សធម៌​មិន​អោយ​ចូល​ទៅ​ក្នុង​​ក្រុង​​ នេះ ដើម្បី​ជួយពួកគេឡើយ។ ​

លោកស្រី Valerie Amos ទទួល​បន្ទុក​កិច្ចការ​មនុស្សធម៌​​​នៃ​អង្គការ​សហប្រជាជាតិ​ បាន​ប្រាប់​ថា សព្វ​ថ្ងៃ​នេះ ជំនួយ​មនុស្ស​ធម៌​សំរាប់​ស៊ីរី​នៅ​ខ្វះ​ទឹកប្រាក់​ជាង​បីពាន់​លាន​ដុល្លារ​ ទៀត។ លោកស្រី Amos បាន​អំពាវ នាវ​សហគមន៍​អន្តរជាតិ​អោយ​ប្រតិបត្តិការ​តាម​ព្រំដែន​ ដើម្បី​អាច​ចូល​​​ទៅ​ក្នុង​ទឹកដី​ស៊ីរី ជួយ​ជន​រង គ្រោះ។

តំណាង​ស៊ីរី​នៅ​អង្គការ​សហប្រជាជាតិ​បាន​បដិសេធ​មិន​ទទួល​ស្គាល់​តួលេខ​ អ្នកស្លាប់​៥០០០​នាក់ ក្នុង​មួយខែ​​នេះ​ទេ។ ទោះ​យ៉ាងនេះ​ក្តី តួលេខ​និង​វិបត្តិ​វិនាសកម្ម​នេះ អាច​នឹង​ធ្វើ​អោយ​​ប្រទេស​រុស្ស៊ី​ដែល​គាំទ្រ​រដ្ឋាភិបាល​លោក​អាសាដ ធ្វើការ​ពិចារណា​ពី​គោលជំហរ​ខ្លួន​ឡើងវិញ៕​ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close