រុស្ស៊ីធ្វើសមយុទ្ធទ្រង់ទ្រាយធំដោយឥតព្រាងទុកនៅព្រំប្រទល់ចិន
លោក ប្រធានាធិបតីរុស្ស៊ី ពូទីន បានចុះទៅធ្វើអធិការកិច្ច ដោយផ្ទាល់ ការធ្វើសមយុទ្ធ ឥតព្រៀងទុក ក្នុងទ្រង់ទ្រាយដ៏ធំមួយ នៅក្នុងដែនទឹកជាប់ព្រំដែន ចិន និងជប៉ុន។ សមយុទ្ធនេះនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២០ កក្កដា គ្មានទិសដៅរំលោភសិទ្ធិ ឬក្នុងទិសដៅគំរាមកំហែងប្រទេសជិតខាងណាមួយទេ។ នេះបើតាមការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីមក កាន់ភ្នាក់ងារសារព័ត៌មានបារាំង។
រថក្រោះ រាប់ពាន់គ្រឿង ទាហានជាង១៦០០០០នាក់ យន្តហោះ១៣០គ្រឿង នាវាចម្បាំង៧០គ្រឿង ត្រូវបានទទួលបញ្ជា ជាបន្ទាន់ឱ្យចូលធ្វើសមយុទ្ធ ប្រៀបដូចជាមានសង្គ្រាមមែនទែនបានផ្ទះឡើងដូច្នេះ។ នៅក្នុងបទបញ្ជា ប្រកាសជូនដំណឹង នៅថ្ងៃចុងសប្តាហ៍មុននេះ កងកម្លាំងយោធាទាំងអស់ ត្រូវចូល ធ្វើលំហាត់សឹក ក្នុងប្រធានបទមានសង្គ្រាមពីរថ្ងៃ នៅ ភាគអាគ្នេយ៍ តំបន់ស៊ីបេរី ត្រង់កោះសុខាលីន ខាងជើងប្រទេសជប៉ុន និងមិនឆ្ងាយប៉ុន្មានពីព្រំប្រទល់ជាមួយចិន។
យន្តហោះប្រដេញរុស្ស៊ីពីរគ្រឿង TU-45 បានហោះឆ្វែល អស់ ៧ ម៉ោង ប៉ុន្តែអនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា លំហាត់សឹកនេះ មិនបានឆ្លងរំលង ឬរំលោភដែនអាកាសប្រទេសជិតខាងណាម្នាក់ឡើយ គឺប្រព្រឹត្តទៅស្របតាមច្បាប់អន្តរជាតិទាំងស្រុង និងគ្មានគំនិតគំរាមកំហែងប្រទេសជាប់ប្រទល់គ្នាឡើយ។
សូមបញ្ជាក់ថា ការធ្វើសមយុទ្ធនេះ ត្រូវបានតាមដានពិនិត្យដោយផ្ទាល់ ពីសំណាក់លោក ពូទីន ដែលទូរទស្សន៍ជាតិបានបង្ហាញរូបប្រធានាធិបតីកាន់កែវយិត ជិះឧទ្ធម្ភាគចក្រ ធ្វើអធិការកិច្ចយុទ្ធនាការយោធាដែនអាកាសនិងជើងទឹក។ នេះមិនមែនជាលើកទីមួយទេ ដែលរុស្ស៊ីបើកសមយុទ្ធឥតព្រៀងទុកដូច្នេះ។ កាលពីខែ មេសា លំហាត់បន្ទាន់មួយបានរៀបចំឡើង នៅសមុទ្ទខ្មៅ ប្រមូលពលទាហានបានជាង៧០០០នាក់ នាវាចម្បាំងជាង១០គ្រឿងមកធ្វើលំហាត់ ទប់ទល់សង្គ្រាម៕ដោយ អៀង សុខម៉ិញ (RFI)