Edward​ Snowden​ ដាក់​ពាក្យ​ជា​ផ្លូវការ​សុំ​សិទ្ធិ​ជ្រកកោន​បណ្តោះអាសន្ន​នៅ​រុស្ស៊ី​

នៅ​ទីបំផុត​ អតីត​បុគ្គលិក​បំរើការ​ទីភ្នាក់ងារ​សំងាត់​អាមេរិក​សេអ៊ីអា Edward Snowden បាន​ដាក់​ពាក្យ​ជាផ្លូវការ នៅ​ថ្ងៃ​អង្គារ​នេះ​​ ទៅ​អាជ្ញាធរ​រុស្ស៊ី ដើម្បី​សុំ​សិទ្ធិ​ជ្រកកោនបណ្តោះ​អាសន្ន​នៅ​ក្នុង​ប្រទេស​នេះ។ Edward Snowden ធ្លាប់​បាន​សុំ​សិទ្ធិ​ជ្រកកោន​ទៅ​ប្រទេស​ជាង​២០​មក​ហើយ​ ក្នុង​នោះ​ក៏​មាន​រុស្ស៊ី​ផងដែរ។ ប៉ុន្តែ ពុំដែល​បាន​ធ្វើ​សំណើសុំ​​ជា​ផ្លូវការ​ទៅ​រុស្ស៊ី​នោះទេ។

នៅ​ថ្ងៃ​អង្គារ​នេះ ពាក្យសុំ​​សិទ្ធិ​ជ្រកកោនបណ្តោះ​អាសន្ន​​របស់ Edward Snowden ​​​​​ត្រូវ​​បាន​​​​ប្រគល់​ទៅអោយ​អ្នកទទួល​ខុសត្រូវ​ ​នៅ​ផ្នែក​សេវា​អន្តោប្រវេសន៍​រុស្ស៊ី ​ជាផ្លូវការ​​ហើយ។ នេះ​បើ​យោងតាម​​លោក Anatoli Koutcherena ដែល​ជា​មេធាវី​របស់​ជនជាតិ​អាមេរិកាំង​រូបនេះ។ ផ្នែក​អន្តោប្រវេសន៍​រុស្ស៊ី​បាន​ប្រាប់​អោយ​ដឹង​ថា ការ​សិក្សា​លើសំណើ​សុំ​របស់​ Snowden អាច​ចំណាយ​ពេល​រហូត​ដល់​បីខែ​ឯណោះ។ ក្នុង​រយៈ​ពេល​រង់ចាំ​​នេះ Edward Snowden នឹង​ទទួល​បាន​ឯកសារ​​អនុញ្ញាត​អោយ​រូប​​គេ​បាន​​ចូល​​ក្នុង​ទឹកដី​រុស្ស៊ី។

លោក Dmitri Peskov អ្នក​នាំពាក្យ​ប្រធានាធិបតី​​រុស្ស៊ី​ បាន​រំលឹក​ឡើងវិញ​ថា វិមាន​ក្រេមឡាំង​​មិន​លូកដៃ​ចូល​ក្នុង​កិច្ចការ​នេះ​ទេ។ គឺ​ខាង​ផ្នែក​អន្តោ​ប្រវេសន៍​ប៉ុណ្ណោះ​ ដែល​ជា​អ្នក​​ទទួលបន្ទុកលើ​​​សំណើ​សុំ​របស់​​បុរស​អាមេរិកាំង​រូបនេះ។

អស់​រយៈ​ពេល​ជាង​បី​សប្តាហ៍​មក​ហើយ ដែល​​ Edward Snowden ​ជាប់​ខ្លួន​នៅ​​ឯ​អាកាសយានដ្ឋាន​រុស្ស៊ី​​​ Moscou-Cheeremetievo។ កាលពី​ថ្ងៃ​សុក្រសប្តាហ៍​មុន​​ ក្នុង​ឧកាស​ជួបជាមួយ​​ក្រុម​សិទ្ធិមនុស្ស​ និង​មេធាវី​នានា Edward Snowden បាន​ប្រាប់​ថា ខ្លួន​ចង់​សុំ​សិទ្ធិ​ជ្រកកោន​នៅ​រុស្ស៊ី​​សិន​ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​​ប្រទេស​វេណេស៊ុយអេឡា នៅ​អាមេរិកឡាទីន​។

កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Poutine ​​បាន​រំលឹកឡើងវិញ​​ ​ថា​រុស្ស៊ី​ចង់​អោយ​ Snowden ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន ប៉ុន្តែ​ Snowden ត្រូវ​តែ​​ឈប់​ទំលាយ​ព័ត៌មាន​ស្តីពី​កម្មវិធី​ត្រួតពិនិត្យ​សារ​ អេឡិកត្រូនិក​របស់​សហរដ្ឋ​អាមេរិក​តទៅទៀត ដើម្បី​ចៀសវាង​ប៉ះពាល់​​ទំនាក់ទំនង​​​​រវាង​រុស្ស៊ី​និង​អាមេរិក៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close