អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​ថយចុះ​៧,៥ភាគរយ​សំរាប់​ត្រីមាស​ទី​ពីរ​

ដូច​ដែល​អ្នក​វិភាគ​នានា​បាន​គិត​ទុក​មែន​​អត្រា​កំណើន​សេដ្ឋកិច្ច​ប្រទេស​ចិន​​នៅ​មាន​ការ​យឺតយ៉ាវ​នៅឡើយ ។ ការិយាល័យទិន្នន័យ​​ជាតិ​ចិន​បាន​ចេញ​ផ្សាយ​តួលេខ​​ខ្លួន​ ​នៅ​ថ្ងៃ​ចន្ទ​នេះ បង្ហាញ​ថា​កំណើន​​សេដ្ឋកិច្ច​ចិន​​បាន​ថយ​ចុះ​មក​ត្រឹម​៧,៥ភាគរយ សំរាប់​ត្រីមាស​ទីពីរ​ឆ្នាំ​​២០១៣​នេះ។​ សំរាប់​ត្រីមាស​នេះដែរ ផលិតផល​សរុប​ក្នុង​ស្រុក​​​មាន​៧,៦ភាគរយ។ ការ​ថយចុះ​នេះ​​គឺ​បណ្តាល​មកពី​​​ ​សេដ្ឋកិច្ច​​អឺរ៉ុប​និង​សហរដ្ឋអាមេរិកមាន​ភាព​យឺតយ៉ាវ។ បណ្តាបស្ចិមប្រទេសនានា​​​បាន​បន្ថយ​ការ​នាំ​ផលិតផល​ចិន​​ចូល​ក្នុងស្រុករបស់ ​ខ្លួន។

សេដ្ឋកិច្ច​ប្រទេស​ចិន​​ រងគ្រោះ​ដោយ​សារ​តែ​ភាព​យឺតយ៉ាវ​​ផ្នែក​​ សេដ្ឋកិច្ច​​​អឺរ៉ុប​ ​និង​សហរដ្ឋអាមេរិក។​ ចិន​​បាន​​កាត់​បន្ថយ​ការ​នាំ​ចេញ និង​ផ្នែក​ផលិត​ក្នុង​ស្រុក។ ក្នុង​​ខែ​មិថុនា​កន្លង​ទៅ​ អត្រា​​ផលិត​នៅតាម​រោងចក្រ​មាន​​៨,៩ភាគរយ​ ​ជា​តួលេខ​សំរាប់រយៈ​ពេល​មួយ​​ឆ្នាំ។​ តួលេខ​នេះ​ឃ្លាត​ឆ្ងាយ​ពី​តួលេខ​​​ខែ​ឧសភា ដែល​អត្រា​ផលិត​មាន​រហូត​ដល់​ទៅ​៩,២ភាគរយ​ឯណោះ។

អ្វី​​​​ជា​ភាព​វិជ្ជមានសំរាប់​​​សេដ្ឋកិច្ច​នៅ​ពេល​នេះ គឺ​ថា​គ្រួសារ​ចិន​​បាន​បង្កើន​​ការ​ចាយវាយ​ឡើងវិញ​បន្តិច​ហើយ។ ប៉ុន្តែ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ដើម្បី​ប៉ះប៉ូវ​ជាមួយ​​ការ​ថយចុះ​នៃ​ការ​ នាំចេញ​​ផលិតផល​ទៅ​បស្ចិម ប្រទេស​នោះទេ។ តាំងតែ​ពី​​​​ប្រធានាធិបតី​ថ្មី​ចិន លោក​ ស៊ី ជីនពីង​ឡើង​កាន់​អំណាច​មក ចិន​​​បាន​ខិតខំ​​​​​បង្កើន​ការចាយវាយ​ក្នុង​ស្រុកអោយ​បាន​ខ្ពស់ ជាជាង​​បង្កើន​​ការ​នាំចេញផលិតផល​​ក្រៅស្រុក​ រឺការវិនិយោគ​ផ្សេងៗ​ទៀត។ ផ្ទុយទៅវិញ​ ការនាំចេញ​និង​ការវិនិយោគ​នេះ​គឺ​ជា​កត្តា​កំណត់​អត្រាកំណើន​សេដ្ឋកិច្ច​​ ចិន​ តាំងពី​បុរមបុរាណ​មក។

ទោះ​ជា​មាន​ការយឺតយ៉ាវ​បែបនេះក្តី អាជ្ញាធរ​ចិន​បាន​វាយតំលៃថា​​សេដ្ឋកិច្ច​ខ្លួន​មាន​ភាព​នឹងនរ។ លើស​ពីនេះ​ ក្រុងប៉េកាំង​មានទិសដៅ​​អោយ​អត្រាកំណើនអោយ​បាន​​​៧,៥ភាគរយ ​សំរាប់​ឆ្នាំ​២០១៣​ទាំងមូល។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន រដ្ឋមន្ត្រីហិរញ្ញវត្ថុ​ចិន​លោក លូ ជីវ៉ី បាន​ប្រកាស​កំណត់ទិសដៅកំណើន​​សេដ្ឋកិច្ច​ត្រឹម​តែ​៧ភាគរយ​ប៉ុណ្ណោះ។​ ការ​ប្រកាស​របស់​លោក​​បាន​​​ទទួលការ​រិះគន់​ចាប់​ថ្នាក់ ភ្លាមៗតែម្តង៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close