តុលាការកាត់ក្តីឱ្យជនជាប់ចោទស្បែកសសម្លាប់ជនស្បែកខ្មៅឈ្នះ
ជារឿងក្តីឃាតកម្មដ៏រសើប ដែលសហរដ្ឋអាមេរិកទាំងមូលតាមដានយ៉ាងជក់ចិត្ត ! ដោយហេតុថា ជនជាប់ចោទមានស្បែកស ឯជនរងគ្រោះបាត់បង់ជីវិត មានស្បែកខ្មៅ សំណុំរឿងឃាតកម្មនេះ បានក្លាយទៅជាការប្រឈមគ្នារវាងពាក្យថា ប្រកាន់ពូជសាសន៍ និងសិទ្ធិការពារខ្លួន ដោយប្រើអាវុធ។ រឿងក្តីបានបញ្ចប់ទៅ ដោយនៅថ្ងៃសៅរ៍ម្សិលមិញតុលាការបានចេញសាលក្រម កាត់ក្តីឱ្យ George Zimmerman ថាគ្មានទោស ក្នុងហេតុការណ៍សម្លាប់យុវជនស្បែកខ្មៅកាលពីឆ្នាំ២០១២។
មានអាយុ២៩ឆ្នាំ អ្នកយាមស្ម័គ្រចិត្ត George Zimmerman ត្រូវជាប់ក្តីក្តាំ បន្ទាប់ពីបានបាញ់សម្លាប់យុវជនស្បែកខ្មៅ trayvon Martin អាយុ ១៧ឆ្នាំ ពេលកំពុងបំពេញការងារល្បាត កាលពីខែកុម្ភៈឆ្នាំ២០១២។ សម្រាប់ក្រុមគ្រួសារជនរងគ្រោះ នេះជាឃាតកម្មដែលមានលក្ខណៈប្រកាន់ពូជសាសន៍។
នៅរដ្ឋ Floride ការធ្វើឃាតមនុស្សដែលគ្មានអាវុធនឹងខ្លួន ឬព្រោះការស្អប់ខ្ពើមប្រកាន់ពូជសាសន៍ពណ៌សម្បុរ អាចនឹងមានទោសជាប់ពន្ធាគារដល់ទៅ៣០ឆ្នាំ ប៉ុន្តែដោយគ្មានភស្តុតាងពេលកំពុងកើតហេតុ តុលាការរកពុំអាចកំណត់បានថានរណាជាអ្នកវាយប្រហារមុនឡើយ។ George Zimmerman តែងអះអាងជានិច្ចថាបានលើកកាំភ្លើងបាញ់ដើម្បីការពារ ខ្លួន ព្រោះ យុវជន Trayvon Martin បានផ្តួលលោកផ្កាប់ដី អុកក្បាលលើចិញ្ចើមថ្នល់មុន។ ហេតុដូច្នេះហើយបានទើបតុលាការមិនអាចទទួលស្គាល់បានថា George Zimmerman មានទោស ឬបានប្រព្រឹត្តអំពើមនុស្សឃាត។
George Zimmerman ត្រូវតែមានសេរីភាពវិញ គ្មានជាប់ពាក់ព័ន្ធអ្វីនឹងតុលាការនេះទៀតទេ ! នេះជាការប្រកាសសាលក្រមរបស់ចៅក្រម។ ចៅក្រមដែលមានសមាសភាពសរុប៦នាក់ សុទ្ធជាស្ត្រីស្បែកស ធ្វើការពិចារណាអស់រយៈពេល១៦ម៉ោង។
ជាសវនាការដែលបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធឃោសនា ព័ត៌មាន មានទាំងការចាក់ផ្សាយបន្តផ្ទាល់ ព្រោះជាបឋមរឿងក្តីនេះមានលាយលំទៅដោយល្បាយ « ការប្រកាន់ ពូជសាសន៍” ជនស្បែកសមានអាវុធបាញ់ក្មេងខ្មៅគ្មានអាវុធ។ ម្យ៉ាងទៀតរឿងក្តីនេះកើតឡើងជួនចំពេលដែលមានការតស៊ូមតិយ៉ាងពុះ កញ្ជ្រោលជុំវិញការត្រួតពិនិត្យការប្រើប្រាស់អាវុធ។
នៅរដ្ឋ Floride ក៏ដូចនៅសហរដ្ឋអាមេរិកទាំងមូល ប្រជាជនមានសិទ្ធិកាន់អាវុធនិងប្រើប្រាស់ដើម្បីការពារខ្លួនបានទៀត ប្រសិនមានអារម្មណ៍ស្ថិតក្នុងគ្រោះថ្នាក់។ ប៉ុន្តែបណ្តាជនអាមេរិកស្បែកខ្មៅមានការខកចិត្តយ៉ាងខ្លាំង និងយល់ថាគ្មានយុត្តិធម៌។ ពួកគេបាននាំគ្នាស្រែកបញ្ចេញកំហឹងនៅមុខតុលាការ។ ប៉ូលិសត្រៀមជាស្រេចនឹងចាត់វិធានការ។ តំណាងមេដឹកនាំស្បែកខ្មៅបានអំពាវនាវឱ្យមានការស្ងប់ស្ងាត់ និងគោរពសាលក្រមតុលាការ។ ឯខាងអ្នកគាំទ្រ Zimmerman ក៏ចៀសវាងមិនបង្ហាញក្តីរីករាយអំណរខ្លាំងឡើយ ព្រោះទោះយ៉ាងណាក៏រឿងក្តីនេះធ្វើយុវជនម្នាក់បាត់បង់ជីវិតទៅហើយ មិនចង់ឱ្យរាលដាលលើសនេះទេ៕ ដោយ អៀង សុខម៉ិញ (RFI)