ទីបំផុត លោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រលើកលែងទោស
Cambodia News/
ភ្នំពេញ ៖ ទីបំផុត ព្រះមហាក្សត្រ បានលើកលែងទោសប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ហើយ ដើម្បីបើកផ្លូវឲ្យប្រធានគណបក្សប្រឆាំងធំជាងគេនេះ បានចូលរួមការបោះឆ្នោតជាតិ អាណត្តិទី៥នេះ។
យោងតាមព្រះរាជក្រឹត្យព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្តលេខានៅថ្ងៃទី១២ ខែកក្កដាឆ្នាំនេះ បានត្រាស់បង្គាប់ ”លើកលែងទោស ទណ្ឌិតឈ្មោះ សម រង្ស៊ី អាយុ៦២ឆ្នាំ ដែលត្រូវបានតុលាការផ្តន្ទាទោស តាមអំណាចសាលដីកាតុលាការកំពូល និងសាលាឧទ្ធរណ៍ នៅឆ្នាំ២០១១”។
ការព្រះរាជទានទោសនេះធ្វើតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១២ ខែកក្កដាដដែលនេះ។ លិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា “ដោយយោងតាមស្មារតីបង្រួបបង្រួមជាតិ ការផ្សះផ្សារជាតិ និងដើម្បីឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នេះ ប្រព្រឹត្តទៅតាមគោលការណ៍ប្រជាធិបតេយ្យសេរី ពហុបក្ស ដោយមានគ្រប់ភាគីចូលរួម។
លោក សម រង្ស៊ី ត្រូវបានតុលាការខ្មែរកាត់ទោសកំបាំងមុខដាក់ពន្ធនាគារចំនួន១២ឆ្នាំ ទាក់ទងបញ្ហាព្រំដែនកម្ពុជា-វៀតណាម និងបរិហារកេរ្តិ៍ លោក ហោ ណាំហុង ថា ជាអតីតមេគុកបឹងត្របែកក្នុងរបបខ្មែរក្រហម។ តែអ្នកវិភាគចាត់ទុកថា នេះជារឿងនយោបាយ៕