បក្សប្រឆាំងស៊ីរីបដិសេធការចោទប្រកាន់របស់រុស្ស៊ីថាខ្លួនប្រើអាវុធជាតិពុល
នៅថ្ងៃពុធម្សិលមិញនេះ សម្ព័ន្ធជាតិស៊ីរីដែលមានសមាសភាពភាគច្រើនមកពីគណបក្សប្រឆាំងនោះ បានច្រាលចោលការចោទប្រកាន់របស់រុស្ស៊ី ដែលថាក្រុមឧទ្ទាមបានប្រើប្រាស់អាវុធជាតិពុលក្នុងការ វាយ ប្រហារនៅជិតក្រុងអាឡេប ខាងជើងស៊ីរី កាលពីថ្ងៃ១៩មិនា កន្លងទៅ។ សម្ព័ន្ធប្រឆាំងបានចោទទៅក្រុងម៉ូស្គូវិញថាមានបំណងបិទបាំងអំពើ ឧក្រិដ្ឋរបស់រដ្ឋាភិបាលលោកអាសាដ។ ដោយឡែក អ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិពីររូបបានយល់ព្រមចុះទៅក្រុង ដាម៉ាសតាមការអញ្ជើញរបស់រដ្ឋាភិបាលលោកអាសាដ ដើម្បីពិភាក្សាអំពីការប្រើប្រាស់ជាយថាហេតុនូវអាវុធមានជាតិគីមី ក្នុងការវាយប្រហារក្នុងប្រទេសកន្លងមក។
នៅថ្ងៃពុធម្សិលមិញនេះ សម្ព័ន្ធជាតិស៊ីរីដែលមានសមាសភាពសមាជិកភាគច្រើនមកពីបក្សប្រឆាំង នោះ បានបដិសេធយ៉ាងដាច់អហង្កានូវការចោទប្រកាន់របស់រុស្ស៊ី ដែលថាក្រុមឧទ្ទាមបានប្រើអាវុធជាតិពុលក្នុងការវាយប្រហារមួយនៅ ខាន់ អាល់អាសាល់ ជិតក្រុងអាឡេប ភាគខាងជើងប្រទេសស៊ីរីកន្លងមក។ គួររំលឹកថា កាលពីថ្ងៃអង្គារកន្លងទៅ ក្រុងម៉ូស្គូបានប្រកាសថា ខ្លួនមានភស្តុតាងថាក្រុមឧទ្ទាមបានប្រើប្រាស់ឧស្ម័នសារ៉ាំងដែល ជាឧស្ម័នបង្កប់ដោយជាតិពុល។ បក្សប្រឆាំងស៊ីរីបានចោទទៅវិញថា រុស្ស៊ីមានបំណងបិទបាំងអំពើឧក្រិដ្ឋរបស់រដ្ឋាភិបាលលោកអាសាដ។ បក្សប្រឆាំងបន្ថែមថា មានតែរដ្ឋាភិបាលលោកអាសាដប៉ុណ្ណោះដែលមានបច្ចេកទេសប្រើអាវុធ គីមីបែបនេះ។
ទាក់ទងនឹងការប្រើប្រាស់អាវុធជាតិគីមីនេះដែរ អ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិពីររូបបានយល់ព្រមទៅតាមការអញ្ជើញ របស់រដ្ឋាភិបាលលោកអាសាដ ចុះទៅក្រុងដាម៉ាសពិភាក្សាគ្នា។ ប៉ុន្តែគេនៅមិនទាន់ដឹងពីពេលវេលាពិតប្រាកដនៃការពិភាក្សានេះ នៅឡើយទេ។ រដ្ឋាភិបាលស៊ីរីទទូចអ្នកជំនាញអង្គការសហប្រជាជាតិអោយផ្តោត សំខាន់ទៅលើប្រការដែលថា ក្រុមឧទ្ទាមអាចនឹងប្រើអាវុធជាតិគីមីវាយប្រហារនៅជិតក្រុងអាឡេប។ ដោយឡែក អង្គការសហប្រជាជាតិបានរំលឹកឡើងវិញថា ក្រុមស៊ើបអង្កេតខ្លួនចង់ចូលអោយបានទូលំទូលាយក្នុងតំបន់ស្ថិត ក្នុងការចោទប្រកាន់ថាមានប្រើអាវុធគីមីនោះ។
នៅក្នុងឧកាសប្រារព្ធបុណ្យសាសនារ៉ាម៉ាដង់នៅពេលនេះ សម្ព័ន្ធប្រឆាំងបានសុំអោយសហគមន៍អន្តរជាតិដាក់សម្ពាធលើ រដ្ឋាភិបាលលោកអាសាដ អោយបញ្ឈប់ការបាញ់គ្នានៅក្រុងហូម ជាបណ្តោះអាសន្នសិន។ នៅទីនោះ កងទ័ពស៊ីរីបានវាយប្រហារអស់រយៈពេលជិតពីរសប្តាហ៍មកហើយ។ ហើយបុណ្យរ៉ាម៉ាដង់នេះដែរ គឺមកដល់ចំពេលដែលប្រជាជនកំពុងតែខ្វះខាតស្បៀងអាហារ៕ដោយ ព្រំ សឿន សូលីណា (RFI)